Connect with us

ព័ត៌មានជាតិ

សហភាពអឺរ៉ុបរម្លឹកពី​ភាពចាំបាច់នៃ​ការ​គោរពច្បាប់​អន្តរជាតិតាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ

បានផុស

នៅ

សហភាព​អឺរ៉ុប​បាន​សម្ដែង​ការ​ព្រួយបារម្ហចំពោះ​ស្ថានការណ៍​តឹង​តែ​ង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-ថៃ អំពាវនាវ​ឱ្យ​កម្ពុជា និង​ថៃ ប្រកាន់​ខ្ជាប់​នូវ​កិច្ចព្រមព្រៀងឈប់បាញ់​ «ត្រូវ​តែ​គោរព​នូវ​ច្បាប់​អន្តរជាតិ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោកស្រី Anitta Hipper បានលើកឡើងនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយ​បាន​លើក​ឡើង​ថា៖ «សហភាពអឺរ៉ុបអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពដោយកម្ពុជា និងថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។ ភាគីទាំងពីរត្រូវតែគោរពច្បាប់អន្តរជាតិ និងជៀសវាងសកម្មភាពទាំង​ឡាយណា​ដែល​បង្កើនភាព​តាន​តឹង។ យើងឈរជាមួយម៉ាឡេស៊ីប្រធានអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែង» 

ការអំពាវនាវរបស់ EU ធ្វើឡើងចំពេលដែល​ស្ថានភាព​ព្រំដែនកម្ពុជា​-ថៃ​កំពុង​កើន​ឡើង​កម្ពៅ ខណៈដែល​ថៃ​បាន​បំពាន​លើ​បទ​ឈប់បាញ់​ជា​បន្តបន្ទាប់ និង​ចូល​មក​រាយបន្លាព័ទ្ធ​យក​ដី​ និង​ផ្ទះ​សំបែង​ពលរដ្ឋ​កម្ពុជានៅ​ខេត្តបន្ទាយ​មាន​ជ័យ​។

កាលពី​ថ្ងៃទី​១៥ ខែសីហា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា CHRC លោកទេសរដ្ឋមន្ត្រី កែវ  រ៉េមី  បាន​ផ្ញើលិខិត​ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋានអង្គការ​សហប្រជាជាតិ លោក Balakrishnan Rajagopal រាយការណ៍​បន្ថែម​ទៀតពី​សកម្មភាពរបស់ទាហានថៃដែលបានឆ្លងដែនខុសច្បាប់ចូលទឹកដីកម្ពុជាច្រើនលើកច្រើនសារកាលពីដើមខែសីហា ដោយរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា និងការឯកភាពចំនួន ១៣ ចំណុចក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៧ គណៈកម្មាធិការព្រំដែន (GBC) ខែសីហា។

យោងតាម CHRC កងកម្លាំងប្រដាប់អាវុធថៃបានចូលក្នុងតំបន់ក្នុងខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ជាកន្លែងដែលពួកគេបានដាក់លួសបន្លា ឈូសឆាយដីដោយគ្រឿងចក្រ និងឡោមព័ទ្ធផ្ទះប្រជាពលរដ្ឋ និងដីស្រែចម្ការ។

គណៈកម្មាធិការបានរាយការណ៍ថា សកម្មភាពថៃទាំងនេះបានបង្ខំឱ្យពលរដ្ឋខ្មែរបាត់បង់ផ្ទះសម្បែង ដីស្រែចម្ការ និងជីវភាពរស់នៅរបស់ពួកគេ គឺ​ជាការ​រំលោភលើសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងអនុសញ្ញាទីក្រុងហ្សឺណែវ។

ក្នុងលិខិតនោះបានសរសេរថា៖ «សកម្មភាពខាងលើគឺជាការបំពានដោយផ្ទាល់ទៅនឹងកាតព្វកិច្ចរបស់ប្រទេសថៃ ក្រោមច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ និងជាការរំលោភសិទ្ធិពលរដ្ឋកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលត្រូវបានធានាដោយឧបករណ៍សិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិ »។

សកម្មភាពឈ្លានពានរបស់ថៃនៅឃុំអូរបីជាន់ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ចាប់ផ្ដើមតាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥មកដែលបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងអាស្រ័យផលលើដីនោះតាំងពីយូរមកហើយ។

កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ទាហានថៃបានព្យាយាមចូលមករាយបន្លាលួសនៅកន្លែង​ថ្មីមួយទៀតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវបានពលរដ្ឋខ្មែរនៅទីនោះរួមគ្នាដេញចេញវិញ។ ការបន្តចូលមកឈ្លានពានដីខ្មែរជាថ្មីនេះគឺបន្ទាប់ពីអភិបាលខេត្តស្រះកែវរបស់ថៃប្រកាសឱ្យពលរដ្ឋរបស់ខ្លួនចូលទៅយកដីដែលឈ្លានពានបានធ្វើជាកម្មសិទ្ធិ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម