Connect with us

ព័ត៌មានអន្ដរជាតិ

ភរិយារបស់អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ ត្រូវដុតទាំងរស់ ក្នុងបាតុកម្មហិង្សា ដ៏សាហាវ

បានផុស

នៅ

លោកស្រី Rajyalaxmi Chitrakar ដែលជាភរិយារបស់អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ Jhalanath Khanal ត្រូវដុតទាំងរស់នៅក្នុងគេហដ្ឋានរបស់ខ្លួន ក្នុងបាតុកម្មហិង្សាដែលបំផ្លិចបំផ្លាញប្រទេសនេប៉ាល់ ខ្ទេចខ្ទី។

(រូបថត៖ Guillermo Ortega)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Times of India កាលពីថ្ងៃពុធទី១០ខែកញ្ញាឆ្នាំ២០២៥, ក្រុមបាតុករ បានដុតលំនៅដ្ឋានរបស់លោកស្រីក្នុងទីក្រុង កដ្ឋមណ្ឌូ ដោយធ្វើឲ្យលោកស្រីជាប់នៅក្នុងនោះ ត្រូវស្លាប់ក្នុងអណ្តាតភ្លើងយ៉ាងអាណោចអាធ័ម។ 

ក្រៅពីលោកស្រី នៅមានមន្ត្រីជាច្រើនទៀតដែលកំពុងត្រូវបានក្រុមបាតុកម្មតាមប្រមាញ់ ខណៈមានមន្ត្រីខ្លះបានភៀសខ្លួនចេញក្រៅប្រទេស ខ្លះទៀតកំពុងពួនសំងំនៅហ៊ានបង្ហាញមុខឡើយ។

(រូបថត៖ Reuters)

ទីក្រុង កដ្ឋមណ្ឌូ បានធ្លាក់ចូលទៅក្នុងភាពចលាចលកាន់តែខ្លាំង ដោយមនុស្សស្លាប់ក្នុងបាតុកម្ម Gen Z កើនដល់២២នាក់ បន្ទាប់ពីនាយករដ្ឋមន្រ្តី Khadga Prasad Sharma Oli លាលែងពីតំណែង។

ក្នុងបាតុកម្មដ៏សាហាវបំផុតនេះ ក្រុមបាតុករបានដុតបំផ្លាញសភា តុលាការកំពូល ប៉ុស្តិ៍ប៉ូលិស អាកាសយានដ្ឋាន សណ្ឋាគារ និងសំណង់អគាររដ្ឋាភិបាលផ្សេងៗទៀត ហើយលើសពីនេះ ក្រុមបាតុករបានសម្រុកចូលដុតផ្ទះរបស់អតីតមេដឹកនាំមួយចំនួន។

(រូបថត៖ Reuters)

សូមជម្រាបថា បាតុកម្មដ៏ហិង្សានេះផ្ទុះឡើងបន្ទាប់ពីការហាមឃាត់បណ្ដាញសង្គមដូចជា Facebook, Instagram, WhatsApp និង WeChat របស់រដ្ឋាភិបាលនេប៉ាល់ បន្ទាប់ពីក្រុមហ៊ុនទាំងនោះបដិសេធ ចុះឈ្មោះក្រោមច្បាប់ថ្មីរបស់រដ្ឋាភិបាល។

ក្រុមបាតុករក៏បានសម្តែងការខកចិត្តចំពោះវិសមភាពសេដ្ឋកិច្ច និងអំពើពុករលួយ ដោយចោទប្រកាន់នាយករដ្ឋមន្ត្រីលោក Khadga Prasad Sharma Oli ថាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នេប៉ាល់ធ្លាក់ចូលទៅក្នុងភាពចលាចលកាន់តែខ្លាំង ខណៈអ្នកស្លាប់កើនដល់២២នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម