ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសកម្ពុជា លើកទឹកចិត្តឲ្យអាស៊ាន និងចក្រភពអង់គ្លេស រិះរកលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ការលើកទឹកចិត្តឲ្យអាស៊ាន និងចក្រភពអង់គ្លេស រិះរកលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានេះ បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាត្រីភាគី បើកចំហរថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី២ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ។

តាមលទ្ធផលនៃកិច្ចប្រជុំ ដែលទើបទទួលបានមុននេះបានឲ្យដឹងថា កិច្ចប្រជុំបានពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស នៅលើវិស័យជាច្រើនដែលជាចំណាប់អារម្មណ៍រួម និងផលប្រយោជន៍ទៅវិញទៅមក។ កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រោះអាសន្នសុខភាពសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ និងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម។

កិច្ចប្រជុំបានអះអាងជាថ្មី អំពីសារសំខាន់នៃពហុភាគីនិយមសម្រាប់ការឆ្លើយតបរួមគ្នា និងប្រកបដោយប្រសិទ្ធភាព ដើម្បីជម្នះបញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងបានប្តេជ្ញាចិត្តធ្វើការរួមគ្នាឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត ប្រកបដោយចីរភាព។

លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស បានជម្រាប ជូនអង្គប្រជុំដោយសង្ខេបអំពីគំនិតផ្តួចផ្តើមរបស់ចក្រភពអង់គ្លេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាត និងការចូលរួមចំណែករបស់ចក្រភពអង់គ្លេសចំពោះកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ និងទប់ស្កាត់ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺនេះ។ លោកក៏បានសង្កត់ធ្ងន់ផងដែរ អំពីភាពចាំបាច់ ដើម្បីធានាថា វិថីឆ្ពោះទៅរកការស្ដារឡើងវិញនូវសេដ្ឋកិច្ច-សង្គម មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពភពផែនដីឡើយ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានជម្រាបជូនដោយសង្ខេបអំពីអាទិភាពរបស់ចក្រភពអង់គ្លេសក្នុងនាមជាម្ចាស់ផ្ទះនៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួល អាកាសធាតុលើកទី២៦ (COP26) ផងដែរ។

អាស៊ានបានលើកទឹកចិត្តចក្រភពអង់គ្លេសឱ្យពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអាស៊ាន និងប្រទេសជាសមាជិករបស់ខ្លួន ព្រមទាំងបានសម្តែងនូវការកោតសរសើរចំពោះការចូលរួមវិភាគទានរបស់ចក្រភពអង់គ្លេសចំនួន១លានផោន ដល់មូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩។ អាស៊ានក៏បានស្វែងរកការគាំទ្របន្ថែមទៀតផងដែរ ពីចក្រភពអង់គ្លេសដល់គំនិតផ្តួចផ្តើមផ្សេងៗទៀតរបស់អាស៊ាន ដើម្បីដោះស្រាយការរាតត្បាតជំងឺកូវីដ-១៩នេះ រួមមាន ក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) និងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មី (ACPHEED) នៅពេលណាដែលគំនិតផ្ដួចផ្ដើមនេះ ត្រូវបានបង្កើតឡើង ហើយអង្គប្រជុំ ក៏បានកត់សម្គាល់ផងដែរ ពីសំណើរបស់ចក្រភពអង់គ្លេសសុំបង្កើតភាពជាដៃគូសន្ទនាជាមួយអាស៊ាន។

ក្នុងអំឡុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរដល់ចក្រភពអង់គ្លេស ដែលបានចូលរួមវិភាគទានដ៏សប្បុរសដល់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដែលក្នុងនោះ ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានទទួលវ៉ាក់សាំងអាស្ដ្រាហ្សេនីកា (AstraZeneca) ចំនួន៣២៤.០០០ដូស។

សម្រាប់វិស័យពាណិជ្ជកម្ម លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អាស៊ាន និងចក្រភពអង់គ្លេសឱ្យរិះរកលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចក្រភពអង់គ្លេស (ASEAN-UK FTA) ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការខាងផ្នែកឌីជីថល ដើម្បីគាំទ្រកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs)។

សូមបញ្ជាក់ថា កិច្ចសន្ទនា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ សមាសភាពត្រីភាគី រួមមាន ប្រទេសប្រ៊ុយណេដារ៉ូសាឡឹម ដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន កម្ពុជាដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំក្រោយ និងអគ្គលេខាធិការអាស៊ាន។ រដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀត និងតំណាង ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះផងដែរ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


