Connect with us

សន្តិសុខសង្គម

Update ៖ ករណីអគ្គិភ័យឆាបឆេះរោងស្នាក់នៅកម្មករ ១០០ បន្ទប់ សម្ភារៈសំណង់មួយចំនួនធំ និងបង្កឲ្យមនុស្ស ៣ នាក់ រងរបួស ក្នុងតំបន់ អូស៊ីអាយស៊ី

បានផុស

នៅ

មន្ត្រី​អគ្គិភ័យ ២ នាក់ និង ជាង​អគ្គិសនី ១ នាក់ បាន​រង​របួស​ក្នុង​ហេតុការណ៍​ឆាបឆេះ​រោង​ស្នាក់នៅ​របស់​កម្មករ​អស់ទាំង​ស្រុង ចំនួន ១០០ បន្ទប់ ព្រមទាំង​សម្ភារៈ​សំណង់​មួយ​ចំនួន​ធំ នៅ​តំបន់ ​អូ​ស៊ី​អាយ​ស៊ី កាលពី​ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ២ និង ២០ នាទី​រសៀល ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ ២០២៥ ស្ថិត​នៅ​ចំណុច​រោង​ស្នាក់នៅ​កម្មករ ក្នុង​តំបន់ អូ​ស៊ី​អាយ​ស៊ី សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ទាំង ៣ នាក់ រួមមាន ៖ ១-ឈ្មោះ នឹម ដេ​រឹត ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​ក្រុម​ជំនួយ​ស្ម័គ្រចិត្ត​ការិយាល័យ​អគ្គិភ័យ ​, ២-ឈ្មោះ យ៉ុ​ត នរៈ​ពិ​ទូ ភេទ​ប្រុស អាយុ ២០ ឆ្នាំ ក្រុម​ជំនួយ​ស្ម័គ្រចិត្ត​ការិយាល័យ​អគ្គិភ័យ និង ៣-ឈ្នោះ ញន វី​រ៉ូ​ត ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ​ជាង​ផ្នែក​អគ្គិសនី។

តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ពួកគាត់​បាន​ចាក់សោ​ចេញពី​បន្ទប់​ស្នាក់​នៅ​ទៅកាន់​កន្លែងធ្វើការ​ដូច​សព្វមួយដង។ លុះ​មួយសន្ទុះ​ធំ​ក្រោយមក ក៏​ស្រាប់​តែ​មាន​ផ្សែង​ហុយ​ចេញពី​ជាន់​ខាងលើ នៃ​បន្ទប់​ស្នាក់នៅ​លាយឡំ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​ឆាប់រហ័ស​តែម្ដង។ ភ្លាមៗ ពួកគាត់​បាន​ប្រញាប់​រត់ចេញ​ពី​កន្លែង​ធ្វើការ​មកកាន់​ទីតាំង​កើតហេតុ ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ឲ្យ​ជួយ​ចុះ​មក​ពន្លត់ កុំ​ឲ្យ​មាន​ការ​រាលដាល។

អគ្គិភ័យ​នេះ​ដែរ​បាន​ឆាបឆេះ​អស់​បន្ទប់​ស្នាក់នៅ​កម្មករ​ចំនួន ១០០ បន្ទប់ ទាំងស្រុង រួម​ជាមួយ​សម្ភារៈ​សំណង់​មួយ​ចំនួន​ធំ និង​បង្ក​ឲ្យ​មនុស្ស ៣ នាក់ រង​របួស ក្នុង​នោះ មាន​មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី ២ នាក់ និង ១ នាក់​ទៀត​ជា​ជាង​អគ្គិសនី។

ប្រតិបត្តិការ​ពន្លត់​នេះ​ប្រើប្រាស់​ឡានទឹក​អស់​ចំនួន ៦៦ គ្រឿង រួមមាន រថយន្ត​ការិយាល័យ​ពន្លត់​អគ្គិភ័យ , រថយន្ត​ជំនួយ​ក្រសួងមហាផ្ទៃ , រថយន្ត​កងពលតូច​ង​៧០ , រថយន្ត​ទីក្រុង​ជ្រោយចង្វារ , រថយន្ត​ទីក្រុង​កោះ​ពេជ្រ , រថយន្ត​ទីក្រុង​អូ​ឡាំ​ព្យា , រថយន្ត​ទីក្រុង​ន​រា , រថយន្ត​រដ្ឋបាល​ខណ្ឌ​ជ្រោយ​ចង្វារ , រថយន្ត​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា បាញ់​ឲ្យ​រលត់​ជា​ស្ថាពរ។ ដោយឡែក​ចំពោះ​មូលហេតុ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​នៅ​ទីតាំង​ខាងលើ​ផង​ដែរ៕

អត្ថបទ ៖ រដ្ឋា

វីដេអូ ៖ កម្លាំងពន្លត់អគ្គិភ័យស្នងការ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីចូលពន្លត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម