Connect with us

ព័ត៌មានជាតិ

កម្ពុជា​និង​វៀតណាម​ បើក​សេរី​ពិព័រណ៍​អន្តរជាតិ រយៈពេល៣ថ្ងៃ ជំរុញ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​កាន់​តែ​ប្រសើរ

បានផុស

នៅ

កម្ពុជា​និងវៀតណាម​ បានរួមគ្នាបើកសេរីពិព័រណ៍អន្តរជាតិស្តីពីកសិកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម សម្ផស្ស ឱសថវិទ្យា មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្ត្រ អាហារ និងភេសជ្ជៈ និងឧស្សាហកម្មសត្វចិញ្ចឹមរយៈ ពេល៣ថ្ងៃចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៥នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រដើម្បីជំរុញពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសេរី​ពិព័រណ៍​អន្តរជាតិនាឱកាសនោះ លោក វីននីប្រធានគណៈកម្មការរៀបចំពិព័រណ៍ និងជានាយកក្រុមហ៊ុន វៀស(VEAS) បានមានប្រសាសន៍ថា ពិព័រណ៍នេះមានអ្នកតាំងពិព័រណ៍ជាង ២០០ ក្រុមហ៊ុនមកពីជាង ១០ ប្រទេស និងតំបន់ ដូចជា កម្ពុជា សាធារណរដ្ឋឆេក ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា កូរ៉េខាងត្បូង ម៉ាឡេស៊ី តៃវ៉ាន់ ហូឡង់ និងវៀតណាម ដែលនាំមកតាំងបង្ហាញនូវសម្ភារៈផលិតផល បច្ចេកវិទ្យា និងសេវាកម្មដ៏ឆ្នើមរបស់ពួកគេ លើផ្ទៃតាំងពិព័រណ៍សរុប ២,៥០០ ម៉ែត្រការ៉េ។

លោកបានបន្តថាពិព័រណ៍នេះរំពឹងទទួលបានភ្ញៀវពាណិជ្ជកម្មជាង ៣,០០០ នាក់ ពីទូទាំងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់។កម្មវិធីនេះក៏នឹងក្លាយជាវេទិកាពាណិជ្ជកម្មដ៏ពិសេសសម្រាប់សហគ្រាសកម្ពុជាក្នុងការអភិវឌ្ឍអាជីវកម្មនិងបណ្តាញអន្តរជាតិរបស់ខ្លួន។

លោកបានបន្ត​ទៀត​ថា “ការរួមបញ្ចូលគ្នារវាង ពិព័រណ៍អន្តរជាតិកម្រិតវិជ្ជាជីវៈ និងកម្មវិធីជ្រាលជ្រៅបន្ថែមទាំងនេះ បានបង្ហាញពីកំណត់ត្រាដ៏រឹងមាំថា ព្រឹត្តិការណ៍នេះគឺជាកម្មវិធីដែលមិនអាចខកខានសម្រាប់អ្នកដែលកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មនៅកម្ពុជា ហើយស៊េរីពិព័រណ៍នេះក៏នឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏ល្អឥតខ្ចោះ ជាវេទិកាដែលអនុវត្តសកម្មភាពពាណិជ្ជកម្មជាក់ស្តែងរវាងអាជីវកម្មក្នុងស្រុក និងអន្តរជាតិ ព្រមទាំងរួមចំណែកសកម្មក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា”។

លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចាត់ទុក ពិព័រណ៌នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញការសហការផែ្នកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជាវៀតណាម និងបណ្តាប្រទេសដែលបានចូលរួមទាំងអស់នេះ ដែលជាផ្នែកមួយនៃការជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេរភាគី ក្នុងស្មារតីលើកកម្ពស់មិត្តភាពដ៏រឹងមាំ និង​ស៊ីជម្រៅ​ជាង​មុន។

លោកបានបន្តថា បច្ចុប្បន្ននេះ កម្ពុជានិងវៀតណាមកំពុងតែខិតខំរួមគ្នាដើម្បីបង្កើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរតាមរយៈការអនុវត្តឱ្យមានប្រសិទ្ធភាព និងពេញលេញនូវយន្តការដែលមានស្រាប់។ ជាមួយគ្នានេះ កម្ពុជានិងវៀតណាម ក៏អាចនាំចេញនូវផលិតផលសក្តានុពលមួយចំនួនទៀតផងដែរដូចជា ដំឡូងមី ស្វាយចន្ទី ពោត កៅស៊ូ និង​ការ​កែច្នៃ​ផលិតផល​ឱ្យ​មាន​ស្តង់ដារ​ខ្ពស់​ស្រប​តាម​លក្ខខណ្ឌនៃការនាំចេញ រួមទាំងការស្វែងរកការវិនិយោគការបង្កើតរោងចក្រកែច្នៃសម្រាប់ផលិតផលកសិកម្មនៅកម្ពុជាជាប់ព្រំដែននៃប្រទេសទាំងពីរ។

លោក រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា ពិព័រណ៍នេះ គឺ​ជា​ពេល​វេលា​មួយ​ដ៏​សំខាន់ក្នុងការបង្កើនទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់ ហើយព្រឹត្តិការណ៍ឆ្នាំនេះហាក់មានអ្នកចូលរួមច្រើនជាងឆ្នាំមុន។ ពិព័រណ៌ពាណិជ្ជកម្មនេះនឹងផ្តល់លទ្ធភាពឱ្យកម្ពុជាធ្វើពាណិជ្ជកម្ម និងជំរុញកំណើនវិស័យកសិកម្ម បសុសត្វ និងវារីវប្បកម្ម និងជួយកសិករក្នុងការអភិវឌ្ឍលើវិស័យកសិកម្មផងដែរ។

ចំណែក​លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការ​តាំង​ពិព័រណ៍​នា​ពេល​នេះ គឺជាការរៀបចំ​ស្របពេលនៃការវិវឌ្ឍសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជាទៅ​លើវិស័យដែលជាឆ្អឹងខ្នងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ជាមួយ​នឹង​ការ​រីកចម្រើននៃផលិតផលសំអាង ឱសថ មន្ទីរពិសោធន៍ ចំណីអាហារ និង​ភេសជ្ជៈ​ដែល​កំពុង​តែ​មាន​តម្រូវ​ការ​គួរ​ឱ្យ​កត់​សម្គាល់។

លោកបានអំពាវនាវ​ដល់សមាជិកអន្តរជាតិនិងអ្នកពាក់ព័ន្ធទាំងអស់ដែលជាម្ចាស់អាជីវកម្មកែច្នៃ ដែលចូលរួមក្នុងពិព័រណ៍នាពេលនេះ ក៏ដូចជាឱកាសក្នុងការបង្កើនសហប្រតិបត្តិការ រួម​ចំណែក​ចែក​រំលែក​ចំណេះដឹងពង្រីកឱ្យកាន់តែប្រសើរបន្ថែមទៀតសម្រាប់អនាគត។

លោក​មាន​ជំនឿ​យ៉ាងមុតមាំថា ពិព័រណ៍​នេះ​នឹង​នាំ​មក​នូវឱកាសថ្មីៗ សម្រាប់ជំនួបពាណិជ្ជកម្ម​កិច្ចសហប្រតិបត្តិការជំនួញសម្រាប់កម្ពុជា និងក្នុងតំបន់ផងដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម