Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ រុស្ស៊ី​បង្កើន​​ផលិត​កម្មអាវុធ​ប្រភេទ​​ខ្លះ​​​រហូតដល់​ជិត​៣០ដង​​ឯណោះ​​

បានផុស

នៅ

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ​បាន​​លើក​ឡើង​ថា ​រុស្ស៊ី​បានបង្កើន​ការ​ផលិត​​សព្វាវុធយ៉ាងខ្លាំង​​ក្នុង​សង្គ្រាម​ជាមួយ​អ៊ុយក្រែន​​​ជាង​៣ឆ្នាំ​កន្លងមកនេះ ដោយ​​ប្រភេទ​អាវុធ​ខ្លះ​ត្រូវ​បង្កើន​ការ​ផលិត​​រហូតដល់​ជិត​៣០​​ដង​​​លើ​ផលិត​កម្ម​​។

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ពេលចុះ​ពិនិត្យ​​​នៅ​រោងចក្រ​ផលិត​សព្វាវុធ​​ Motovilikha។​ TASS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី TASS ​នៅថ្ងៃ​ទី​១៩​ខែកញ្ញា បាន​​​ឲ្យ​ដឹងថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បានប្រកាស​​ប្រាប់​បុគ្គលិក​​​កម្មករ​ នៅពេល​​លោក​កំពុង​​ចុះ​ពិនិត្យ​​​នៅ​រោងចក្រ Motovilikha ថា រុស្ស៊ី​បាន​បង្កើន​ការផលិត​សព្វាវុធ​មួយ​ចំនួន​មាន​ចំនួន​ច្រើនខ្លាំងណាស់​ ហើយ​សម្រាប់​ផលិតផល​ខ្លះ​​ទៀត​មាន​ច្រើន​រហូតដល់​ជិត​៣០​ដង។

លោក​ពូទីន ត្រូវ​បាន​ស្រង់សម្តី​ដូច​បាន​និយាយថា៖«សម្រាប់ប្រភេទអាវុធមួយចំនួន សម្រាប់ផលិតផលមួយចំនួន ការផលិតរបស់យើងបានកើនឡើងមិនតិចភាគរយនោះទេ ប៉ុន្តែច្រើនដង៖ ២ដង ៣ដង ១០ដង ១៥ដង និងសម្រាប់ផលិតផលខ្លះរហូត​ដល់​៣០ដង ហើយគុណភាពបានប្រសើរឡើង។ បច្ចេកវិទ្យាកាន់តែទំនើប និងមានតម្រូវការ។»​

​លើស​ពី​នេះ​ វិមាន​ក្រិមឡាំង បាន​ស្រង់សម្តី​​​ពិធីសំណេះ​សំណាល​របស់​លោក ពូទីន ទៅកាន់​កម្មករ​​​​ក្នុងរោងចក្រ​ផលិត​អាវុធ ដោយនិយាយថា៖«​ខ្ញុំសង្ឃឹមថា សហគ្រាសរបស់អ្នកបានឆ្លងកាត់​នូវពេលវេលាដ៏លំបាកនេះផងដែរ។ អ្នកប្រហែលជាអាចឃើញវាដោយខ្លួនឯង៖ ស្ថានភាពនៅទីនេះ កន្លែងផលិតទាំងនេះគឺខុសគ្នាខ្លាំងពីអ្វីដែល​​មាន​កាលពីមុននេះ។ ឥឡូវនេះអ្វីៗត្រូវបានស្ដារឡើងវិញ ហើយអ្វីៗកំពុងដំណើរការ»​។

​វិមាន​ក្រឹមឡាំង បានចេញផ្សាយ​​សម្តី​លោក ពូទីន បន្ថែមថា៖«​ខ្ញុំសង្ឃឹម និងជឿជាក់ថា ព្រឹត្តិការណ៍ដែលទាក់ទងនឹងប្រតិបត្តិការយោធាពិសេសនឹងបញ្ចប់​ទៅនៅទីបំផុត ប៉ុន្តែតម្រូវការសម្រាប់កងកម្លាំងប្រដាប់អាវុធទំនើប និងមានសមត្ថភាព នឹងមិនថមថយឡើយ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​បន្ត​អភិវឌ្ឍ​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​ធ្វើ​ឱ្យ​​កាន់តែ​ទំនើប រួម​បញ្ចូលគ្នា​តែមូយ និង​មាន​​ថាមពលខ្លាំង​​។ ហើយ​បើ​គ្មាន​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក បើ​គ្មាន​ឧស្សាហកម្ម​ការពារ​ជាតិ នេះ​នឹង​មិន​អាច​ទៅ​រួច​ទេ»​។

លោកពូទីនបានកត់សម្គាល់ថា រោង​ចក្រ​ផលិត​អាវុធ​ការ​ពារជាតិ Motovikha Plants គឺជាសហគ្រាសតែមួយគត់ដែលមានអាយុកាលជិត៣០០ឆ្នាំ ហើយ​រោង​ចក្រនេះ​​គឺ​ជា​កន្លែង​ផលិត​ប្រព័ន្ធ​កាំភ្លើង​ធំ​ពេញ​លេញ​។

សង្គ្រាម​នៅប្រទេសអ៊ុយក្រែន​បាន​ផ្ទុះ​ឡើង​កាលពីថ្ងៃទី​២៤ខែកុម្ភៈ​ឆ្នាំ​២០២២ ពេលដែលលោក ពូទីន បញ្ជា​​ឲ្យ​មាន​ប្រតិបត្តិការ​យោធាពិសេស​ ប៉ុនប៉ង​​ផ្តួល​រំលំ​រដ្ឋាភិបាល​​​អ៊ុយក្រែន​ដឹកនាំ​ដោយ​ ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែល​ លោក ពូទីន​ចោទថា​ លំអៀង​ទៅរក​បស្ចឹមប្រទេស ប៉ុនប៉ង​ចូលអង្គការ​ណាតូ ដែលគាំទ្រកំហែង​ដល់សន្តិសុខ​រុស្ស៊ី៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម