Connect with us

ព័ត៌មានជាតិ

ថៃបាញ់មុនតែទម្លាក់កំហុសលើកម្ពុជា÷ សម្ដេចតេជោ ផ្ដល់យោបល់ឱ្យIOTធ្វើកោសល្យវិច័យគ្រាប់ ព្រោះថៃ-កម្ពុជាមានប្រើគ្រាប់ខុសគ្នា

បានផុស

នៅ

បើតាមកំណត់ហេតុរបស់ក្រសួងការពារជាតិកម្ពុជានៅវេលាម៉ោងប្រមាណ១១÷៥២នាទី ដល់ម៉ោង១២÷៤៦នាទី ថ្ងៃទី២៧ ខែកញ្ញានេះ ភាគីថៃបានបើកការវាយប្រហារមុនមកលើកម្ពុជាដោយប្រើប្រាស់កាំភ្លើងត្បាល់ និងកាំភ្លើងដៃមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជានៅតំបន់អានសេះ។ ប៉ុន្តែភាគីថៃបែរជាចោទប្រកាន់មកលើកម្ពុជាថាជាអ្នកបើកការវាយប្រហារទៅលើថៃមុនទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងតាមរយៈទំព័រ facebook ផ្លូវការនាយយប់ថ្ងៃទី២៧ ខែកញ្ញានេះថា ភ្លាមៗបន្ទាប់ពីថៃបើការវាយប្រហារមកលើកម្ពុជា សម្ដេច និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពកម្ពុជាអត់ធ្មត់មិនតបត។

សម្ដេចតេជោបានកត់សម្គាល់ឃើញថា ក្រោយស្ងាត់កាំភ្លើង កម្ពុជា និងថៃ បានចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់ ហើយភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។

ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន សម្ដេចតេជោ ហ៊ុន សែន បានជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៉ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ធ្វើនូវកិច្ចការពីរគឺ១. អ្នកសង្កេតការណ៍អន្តរកាល គួរធ្វើកោសល្យវិច័យគ្រាប់ ព្រោះកម្ពុជា-ថៃមានប្រើគ្រាប់ខុសគ្នា។ ទី២  ជាចំណុចសំខាន់គឺ IOT ចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ នឹងអាចដឹងបានថាគ្រាប់បាញ់ចេញពីទិសដៅណាប្រាកដ  បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា ព្រោះភាគីទាំងសងខាងមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ។

សម្ដេចតេជោក៏បានប្រាប់ឲ្យកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឲ្យបានល្អ និងជួយបង្កលក្ខណៈឲ្យអ្នកសង្កេតការ IOT បានធ្វើកោសល្យវិច័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។

ជាមួយគ្នាសម្ដេចតេជោ ហ៊ុន សែន ដាក់ក្ដីសង្ឃឹមថា ភាគីថៃនិងបង្ហាញនូវកាយវិការដូចគ្នា ព្រោះមាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ។

កំណត់ហេតុរបស់ក្រសួងការពារជាតិកម្ពុជាបានបង្ហាញថាយោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាវេលាប្រមាណម៉ោង ១១:៥២នាទីព្រឹក រហូតដល់ម៉ោង ១២:៤៦នាទីរសៀល មានចំនួន ២លើក ក្នុងនោះលើកទី១ ចាប់បាញ់ប្រហារ នៅម៉ោង ១១:៥២នាទី ដល់ម៉ោង ១២:២២នាទី និងលើកទី២ ចាប់បាញ់ប្រហារ នៅម៉ោង ១២:២៥នាទី ដល់ម៉ោង ១២:៤៦នាទី។

យ៉ាងណាក៏ដោយ ស្ថានការណ៍នៅជួរមុខ ចាប់តាំងពីម៉ោង ១២:៤៦ នាទីរសៀល មកដល់ម៉ោង ៦:៣០នាទីល្ងាចថ្ងៃទី២៧ ខែកញ្ញា ស្ថានភាពមានសភាពស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីខាងយោធាថៃបាន
បញ្ឈប់ការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជា និងបានបង្កឱ្យខូចខាតសំណង់មួយចំនួន។

ក្រសួងការពារជាតិកម្ពុជា អះអាងថាកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានសភាពការណ៍ ដោយប្រុងប្រយ័ត្នលើការវិវត្តន៍នេះយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត និងបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យខាងតែបាន ប៉ុន្តែកងកម្លាំងរបស់កម្ពុជា នៅប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្ត និងគោរពឱ្យបានម៉ឺងម៉ាត់ដូចគ្នា ដោយស្មារតីស្ថាបនា និងស្មោះត្រង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម