ព័ត៌មានជាតិ
ADB កាត់បន្ថយកំណើនសេដ្ឋកិច្ចកម្ពុជាមក ៤,៩% សម្រាប់ឆ្នាំ ២០២៥ ដោយសារជម្លោះព្រំដែនជាមួយថៃ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១% មក ៤,៩% សម្រាប់ឆ្នាំ ២០២៥ និងពី ៦,២% មក ៥,០% សម្រាប់ឆ្នាំ ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ ADB ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកញ្ញា ឆ្នាំ ២០២៥ ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញានេះ ទោះជាយ៉ាងណា របាយការណ៍របស់ ADB មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។ ជាមួយគ្នានេះដែរ អតិផរណាឆ្នាំលើឆ្នាំបានធ្លាក់ចុះខ្លាំងពី ៦,០% ក្នុងខែមករា មកត្រឹម ១,៦% ក្នុងខែមិថុនា។ អតិផរណាត្រូវបានរំពឹងថានឹងមានជាមធ្យមប្រម៉ាណ ២,0% ទាំងនៅក្នុង ឆ្នាំ ២០២៥ និង ឆ្នាំ ២០២៦។
នាយិកា ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា សេដ្ឋកិច្ចបានបង្ហាញពីភាពធន់ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ។ កំណើនទាបជាងការរំពឹងទុកនៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ បានជួយបន្ទាបអតិផរណា ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ។ លោកស្រីថា ៖«នាពេលខាងមុខ វាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព។»

បើយោងតាមរបាយការណ៍ដដែល សម្រាប់វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានកើនឡើង ២២,២% ឆ្នាំលើឆ្នាំ សម្រាប់ឆមាសទីមួយឆ្នាំ ២០២៥ ដែលមួយផ្នែកបានជំរុញដោយអ្នកទិញរបស់អាមេរិក ដែលបានបង្កើនការទិញទុកជាមុន ដោយក្តីបារម្ភពីការដំឡើងពន្ធលើការនាំចូលផលិតផលពីកម្ពុជា។
ADB ថា៖«ទោះជាមានការប្រុងប្រយ័ត្នពីសំណាក់អ្នកនាំចូលរបស់អាមេរិកដោយ សារភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មក៏ដោយ ក៏ផលិតកម្មក្នុងវិស័យកាត់ដេរ និងក្រៅពីវិស័យកាត់ដេរ ត្រូវបានរំពឹងថានឹងនៅតែរឹងមាំ ដោយសារភាពអំណោយផលនៃការបន្ថយពន្ធគយមក ១៩% របស់អាមេរិកលើការនាំចូលពីកម្ពុជា»។

សម្រាប់កំណើនវិស័យសេវាកម្មត្រូវបានរំពឹងថានឹងថមថយមកត្រឹម ២,៨% ក្នុងឆ្នាំ ២០២៥ និង ២,៦% ក្នុងឆ្នាំ ២០២៦។ វិស័យទេសចរណ៍បង្ហាញពីការបន្តងើបឡើងវិញនៅក្នុងឆមាសទីមួយឆ្នាំ ២០២៥ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណៈរដ្ឋប្រជាមានិតចិន។ ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃដែលកំពុងបន្តកើតមាន នឹងរំខានដល់វិស័យទេសចរណ៍ និងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ និងពេលខាងមុខ។
វិស័យកសិកម្មត្រូវបានគេព្យាករថានឹងកើនឡើងប្រមាណ ១,១% ក្នុងឆ្នាំ ២០២៥ និង ២០២៦ ជំរុញដោយតម្រូវការនាំចេញដែលកំពុងបន្តនិងការរំពឹងទុកពីការរួមចំណែករបស់កម្មករកសិកម្មដែលបាន ត្រឡប់មកពីប្រទេសថៃវិញក្នុងឆមាសទីពីរនៃឆ្នាំនេះ។ ការនាំចេញកសិផលបានកើនឡើង១៤,១% ឆ្នាំលើឆ្នាំ នៅឆមាសទីមួយឆ្នាំ ២០២៥ ជំរុញដោយការនាំចេញគ្រាប់ស្វាយចន្ទី និងអង្ករ ដែលជួយប៉ះប៉ូវការធ្លាក់ចុះនៃការនាំចេញដំឡូងមី និងកៅស៊ូ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


