Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានអាមេរិក ម្នាក់ទៀត ស្លាប់នៅអ៊ីរ៉ាក់ ខណៈមុននេះ ២នាក់ ពលីជីវិតនៅ ហ្ស៊កដានី ដោយសារដ្រូនអ៊ីរ៉ង់

បានផុស

នៅ

ទាហានអាមេរិក ម្នាក់ទៀតបានស្លាប់ និងម្នាក់ទៀតត្រូវរបួស នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារដោយដ្រូន របស់អ៊ីរ៉ង់។

(រូប៖ Reuters)

តាមការបញ្ជាក់ពីបញ្ជាការកណ្តាលអាមេរិក Centcom និងផ្សាយដោយ BBC នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦, ទាហានទាំងពីររូប មិនមែនត្រូវវាយប្រហារដោយផ្ទាល់ទេ ប៉ុន្តែពួកគេរងគ្រោះ អំឡុងពេលទៅពិនិត្យដ្រូនអ៊ីរ៉ង់ ដែលធ្លាក់ ហើយស្រាប់តែដ្រូននោះផ្ទុះតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ Centcom មិនទម្លាយទីតាំង ថាតើហេតុការណ៍នេះ កើតឡើងនៅក្នុងតំបន់ ឬទីក្រុងណា នោះទេ។

មុននេះ ទាហានអាមេរិក ២រូបក៏ពលីជីវិត និងម្នាក់ទៀតបាត់ខ្លួនផងដែរ ក្នុងការសងសឹករបស់អ៊ីរ៉ង់ ដែលបាញ់​​មីស៊ីល​និង​ដ្រូន វាយប្រហារប្រទេសហ្ស៊កដានី កាលពីថ្ងៃសៅរ៍។

(រូប៖ Reuters)

មន្ត្រីយោធាអាមេរិក មិនបង្ហាញអត្តសញ្ញាណទាហាន ដែល​ស្លាប់នោះទេ ហើយក៏​មិនផ្តល់ព័ត៌មានលម្អិតអំពីកាលៈទេសៈ ឬទីតាំងនៃហេតុការណ៍នោះ​ដែរ។

បើបូករួមទាំងការបាត់បង់ជីវិតទាហាន ទាំង៣នាក់នេះទៀត ធ្វើឲ្យចំនួនទាហានអាមេរិក ដែលពលីជីវិតក្នុងសង្គ្រាមមជ្ឈិមបូព៌ា សរុបកើនដល់ ១៧នាក់ហើយ។

សូមជម្រាបថា សហរដ្ឋអាមេរិក បានបន្តបើកការវាយប្រហារទ្រង់ទ្រាយធំ ឈានចូលដល់ថ្ងៃទី៩ហើយ ដោយទម្លាក់គ្រាប់បែកលើទីតាំងសំខាន់ៗ នៅអ៊ីរ៉ង់។

(រូប៖ Reuters)

Centcom ​នៅតែអះអាងថា ប្រតិបត្តិការរបស់ខ្លួន គឺមានបំណងកម្ទេចយោធារបស់អ៊ីរ៉ង់ និងដើម្បីធានាសុវត្ថិភាពច្រកសមុទ្រ Hormuz លែងឲ្យទីក្រុងតេហេរ៉ង់ មានសមត្ថភាពគំរាមកំហែងតទៅទៀត។

សង្គ្រាមផ្ទុះឡើងខ្លាំងជាថ្មីនេះ គឺបន្ទាប់ពីអាមេរិក ចោទថា អ៊ីរ៉ង់ បានបំពាន MoU ដែលភាគីទាំងពីរ ចុះហត្ថលេខាកាលពីខែមិថុនា តាមរយៈការវាយប្រហារលើកប៉ាល់ដឹកទំនិញ នៅច្រក Hormuz ទើបទីក្រុងវ៉ាស៊ីនតោន ឆ្លើយតបយ៉ាងចាស់ដៃបែបនេះ។

យ៉ាងណា អ៊ីរ៉ង់ ក៏សងសឹកវិញ ដោយបាញ់មីស៊ីលនិងបង្ហោះដ្រូន ទៅកម្ទេចទ្រព្យសម្បត្តិយោធា និងមូលដ្ឋានទ័ពអាមេរិក នៅក្នុងតំបន់៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម