Connect with us

ព័ត៌មានជាតិ

ជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងព័ត៌មានកត់ត្រាព័ត៌មានក្លែងក្លាយជាង ៨៥០ករណី ក្នុងត្រីមាសទី៣ ឆ្នាំ ២០២៥

បានផុស

នៅ

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥នេះ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានបានរកឃើញ ព័ត៌មាន​ក្លែងក្លាយ​សរុបចំនួន​ ១ ០៥៣ ករណី ក្នុងនោះមានព័ត៌មានពាក់ព័ន្ធនឹងបញ្ហាព្រំដែន ៨៥៧ ករណី។ ដោយឡែកក្នុង​មួយខែកញ្ញា​​ គណៈកម្មការបានរកឃើញព័ត៌មានក្លែងក្លាយ​ចំនួន ៣៨៥ ករណី ក្នុងនោះព័ត៌មានក្លែងក្លាយ​ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ មានចំនួនជាង ៣០០ ករណី។ នេះបើតាមលោក​ ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់កម្ពុជាថ្មី។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្ជាប់ជាមួយនឹងការកម្រើកឡើងវិញនៃការផ្សាព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធបញ្ហាព្រំដែន ក្នុងនាមអ្នកនាំពាក្យលោកបានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋត្រូវបោះ​បង់​ចោលទម្លាប់ចែកចាយព័ត៌មានលឿនពេក ហើយកុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុង ពោលត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការរបស់ស្ថាប័នរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយឯកជនដែលគួរឱ្យទុកចិត្ត។

លោក ទេព អស្នារិទ្ធ បានប្រាប់ឱ្យដឹងថា ក្នុងអំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមការងារបានតាមដាននិងកត់ត្រា អំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលជាព័ត៌មានមិនត្រឹមត្រូវ ជាព័ត៌មានមិនពិត ដែលមានចេតនាផ្សព្វផ្សាយធ្វើឱ្យចលាចល មានការភាន់ច្រឡំ បង្កឱ្យសាធារណមតិអវិជ្ជមានលើបញ្ហាព្រំដែន ក៏ដូចជាយន្តការ និងវិធានការដែលរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់បាន​និងកំពុងខិតខំប្រឹងប្រែងដោះស្រាយដោយឈរលើគោលការណ៍សន្តិភាព កិច្ចសប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ និងរវាងប្រជាជននៃជាតិទាំងពីរ។

លោកអះអាងថា ដូច្នេះការផ្សព្វផ្សាយដែលបានប្រព្រឹត្តខុសនាពេលកន្លងទៅ គឺក្រសួងបានបន្ថែមពីលើការចេញសេចក្តីណែនាំនានា ពាក់ព័ន្ធការផ្សព្វផ្សាយការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ក៏ដូចជាការផ្សព្វផ្សាយនូវព័ត៌មានដោយឈរលើមូលដ្ឋាននៃប្រភពផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយដែលមានក្រមសីលធម៌វិជ្ជាជីវៈ។

ក្រៅពីព័ត៌មានក្លែងក្លាយទាំងនោះ ក្រសួងក៏បានកត់ត្រាទុកប្រមាណជា ៩០ករណី ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មាន បែបបំពុល មានចរិតញុះញង់ធ្វើឱ្យមានការរើសអើងពូជសាសន៍ជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងកិត្តិយសសេចក្តីថ្លៃថ្នូរ របស់អង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ លោកបន្តថា៖«ក្នុងចំណោមជាង ៩០ ករណីនោះ គឺយើងបានធ្វើការជាមួយនឹងម្ចាស់គណនីដោយផ្ទាល់ដើម្បីសុំឱ្យម្ចាស់នោះលុបនូវមាតិកាដែលមានខុសឆ្គង ជាព័ត៌មានក្លែងក្លាយ ករណីមួយចំនួនទៀតគឺយើងបានសហការលុបចេញ ដោយសហការជាមួយក្រសួងប្រៃសណីយ៍ ក៏ដូចជាក្រុមហ៊ុនហ្វេសប៊ុក ឬតិកតុក»។

ក្នុងចំណោមនោះ ក៏មានករណីផ្សាយរបស់សារព័ត៌មានដែលផ្ទុយនឹងស្មារតីច្បាប់ស្តីពីរបបសារព័ត៌មាន និងខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលការផ្សាយបានធ្វើឱ្យមានការភាន់ច្រឡំក្នុងសាធារណមតិហើយមូលហេតុចំបង ដោយសារការផ្សាយទាំងនោះបានយោងប្រភពពីក្រៅប្រទេសដែលពុំមែនជាប្រភពផ្លូវការឡើយ។

បើតាមអ្នកនាំពាក្យដដែល សម្រាប់ជាវិធានការគ្រប់គ្រងស្ថានភាពទាំងនេះ ក្រសួងព័ត៌មានបានអនុវត្តកិច្ចការចាំបាច់មួយចំនួន ទី១ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលជាសំឡេងជាតិផ្តល់បច្ចុប្បន្នភាពស្តីអំពីការវិវត្តនានាជុំវិញប្រធានបទព្រំដែន ជាពិសេសស្តីពីយន្តការ និងវិធានការបែបយុទ្ធសាស្រ្តដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ។ ទី២ ជំរុញការផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនឱ្យទាន់ពេលវេលានូវរាល់សេចក្តីថ្លែងការណ៍ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាល ក្នុងគោលបំណងធានាការទទួលព័ត៌មានពិត សុក្រឹត្យ សម្រាប់ប្រជាពលរដ្ឋ។

ទី​៣ សហការជាមួយស្ថាប័នជំនាញក្នុងវិស័យក្នុងការផ្តល់របាយការណ៍ស្តីពីករណីព័ត៌មានក្លែងក្លាយទាំងនេះ ដើម្បីសម្របសម្រួលការបំភ្លឺព័ត៌មាន ការចេញសេចក្តីប្រកាស ដើម្បីឆ្លើយតបទាន់ពេលវេលា។ ទី ៤ សម្រាប់ការផ្សាយព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ដែលភាគច្រើនមានប្រភពនៅក្រៅប្រទេសនោះ ក្រសួងព័ត៌មាន បានសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសហការជាមួយក្រុមហ៊ុន Meta ឬក្រុមហ៊ុន តិកតុក ជាដើម ដើម្បីឱ្យក្រុមហ៊ុន ប្លុក(Block) ឬលុបមាតិកា ព្រោះមាតិកាទាំងនោះផ្សាយបំពានទៅនឹងនិយាមប្រតិបត្តិនៃការប្រើប្រាស់បណ្តាញសង្គមរបស់ក្រុមហ៊ុន។

ចំពោះវិធានការទី ៥ ក្រសួងព័ត៌មាន នឹងរៀបចំការតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈ និងនិយាមប្រតិបត្តិសារព័ត៌មានដល់អង្គភាព និងសមាគមសារព័ត៌មាន ព្រមទាំងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមនៅកម្ពុជា ដើម្បីធានាប្រសិទ្ធភាពការផ្សាយព័ត៌មានដោយក្រមសីលធម៌ រួមចំណែកផ្សាយព័ត៌មានពិត និងលើកកម្ពស់ឧត្តមប្រយោជន៍ជាតិ ការពារអធិបតេយ្យភាព​ និងបូរណភាពទឹកដី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម