វប្បធម៌ ជំនឿ
មន្ត្រីនាំពាក្យក្រសួងធម្មការ ថ្កោលទោស អ្នកស្លៀកស្បង់ចីពរព្រះសង្ឃ រាំតាមបណ្ដាញសង្គម
មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ ដោយមាន គណនី TikTok ភី សម័យ Phy Sakmai បានបង្ហោះវីដេអូឃ្លីប TikTok ដែលមាន នារីវ័យក្មេងស្រស់ស្អាតម្នាក់ រាំជាមួយបុរសម្នាក់ លាបមុខជាខ្មោច ពាក់កងដៃកងជើង ហើយស្លៀកស្បង់ និងអាវអង្ស័ករបស់ព្រះសង្ឃ ហើយលោតរាំកញ្ឆក់កញ្ឆោង។

ទាក់ទងករណីខាងលើនេះ លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា លោកទើបទទួលបានព័ត៌មាននេះ ដែលបញ្ហានេះទាក់ទងទៅនឹងច្បាប់ក្រមព្រហ្មទណ្ឌ ដែលបានចែងអំពីការប្រើប្រាស់ស្បង់ចីពរ មិនមានការអនុញ្ញាត បើតាមច្បាប់ គឺពួកគេមានទោស។
លោក សេង សុមុនី មានប្រសាសន៍បន្តថា៖ “បើតាមន័យ នៃច្បាប់ក្រមព្រហ្មទណ្ឌដែលបានចែង ចាប់ពីមាត្រា ៥០៨ ដល់មាត្រា ៥១៤ហ្នឹង គឺទាក់ទងនឹងការងារសាសនា ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋតែម្ដង”។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា រូបនេះបានធ្វើការអំពាវនាវ ដោយលោកធ្វើការ សំណូមពរ ទី១សូមឱ្យសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ មិនអាចជនណាយកពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយកទៅបំប្លែងលេងទៅតាមអ្វីដែលចិត្តចង់ ដោយគ្មានច្បាប់គ្មានទម្លាប់ គ្មានការគោរពអ៊ីចឹងទេ។
លោក សេង សុមុនី មានប្រសាសន៍បន្តថា៖ “ទី២ សំណូមពរដល់បរិស័ទទាំងអស់ក្នុងសាសនាណាក៏ដោយ សូមកុំឱ្យសម្លៀកបំពាក់សាសនា មកធ្វើកំប្លែងលេងសើចអ៊ីចឹង គឺមិនត្រឹមត្រូវទេ ព្រោះសម្លៀកបំពាក់សម្គាល់សាសនាដូចជា ស្បង់ចីពរ របស់ព្រះសង្ឃអ៊ីចឹង ជារបស់សក្ការៈរបស់អ្នកគោរពបូជា។ អ៊ីចឹងវត្ថុជាទីសក្ការៈយើងមិនអាចយកមកលេងសើច សូមកុំឱ្យមានការធ្វើអ៊ីចឹងបន្តទៀត ព្រោះការធ្វើហ្នឹង គឺខុសច្បាប់ ហើយមានទោសទាំងច្បាប់រដ្ឋ និងជំនឿសាសនាគឺការមានបាប”។

លោកបានបញ្ជាក់ថា កន្លងមកមានការដោះស្រាយ ចំពោះបុគ្គលដែលគ្រងស្បង់ចីពរធ្វើជាសង្ឃក្លែងក្លាយ ដែលមានគណៈសង្ឃដោះស្បង់ចីពរចេញទៅ ហើយប្រគល់ទៅសមត្ថកិច្ច។
គួរបញ្ជាក់ថា បទល្មើលប៉ះពាល់ដល់ព្រះពុទ្ធសាសនា មាត្រា ៥០៨ “បទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធ” ចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ៣ខែ និងពិន័យ ជាប្រាក់ពី ១សែនរៀល ទៅ ៥សែនរៀល អំពើស្លៀកដណ្ដប់ជាសាធារណៈ ដោយគ្មានសិទ្ធិនឹងស្លៀកដណ្ដប់នូវស្បង់ ចីពរ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


