Connect with us

វប្បធម៌ ជំនឿ

បទយកការណ៍៖ តារាបណ្ដាញសង្គមមួយចំនួន បំពុលសង្គម ច្រើនជាងជួយសង្គម

បានផុស

នៅ

បណ្ដាញ​ទំនាក់ទំនង​សង្គម គឺជា​មធ្យោបាយទំនាក់ទំនងពេញនិយមនៅក្នុងពិភពលោក ដែលគេហៅថាជាប្រភេទបណ្ដាញសង្គមមួយយ៉ាងទំនើប និងពេញនិយម ​ដែល​មនុស្ស​ប្រើប្រាស់​ដើម្បី​ ​តាម​ប្រព័ន្ធ​អនឡាញ (Online)។ ជារៀងរាល់ថ្ងៃមាន ប្រជាជនរាប់លានអ្នកបាន​ប្រើប្រាស់​បណ្ដាញ​សង្គម មានដូចជា Facebook YouTube Instagram TikTok ​ Linkedin និង Twitter ជាដើម ​​ដើម្បី​​បង្កើត ឬ​ភ្ជាប់​ទំនាក់ទំនង​ ចែករំលែក និង​ផ្លាស់ប្ដូរ​ព័ត៌មាន ឬ​ទស្សនៈជាមួយ​សមាជិក​គ្រួសារ មិត្តភក្ដិ ​ការងារ ការ​ធ្វើ​អាជីវកម្ម ការ​ផ្សាយ​ពាណិជ្ជកម្ម ការសិក្សា ការ​ពង្រីក​បណ្ដាញ ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ មានសាធារណជនមួយចំនួន បានប្រើប្រាស់បណ្ដាញសង្គម រហូតទទួលបានចំណាប់អារម្មណ៍ និងប្រជាប្រិយភាព ហើយត្រូវមហាជន និងអ្នកគាំទ្រ ហៅពួកគេថាជា តារា Facebook ឬ តារា Tiktok ទៀតផង។ តារា Facebook ឬ តារា Tiktok ខ្លះ បានបង្ហោះនូវរូបភាពស្អាតៗ សកម្មភាពកម្សាន្ត សកម្មភាពសប្បុរសធម៌ ព្រមទាំងការផ្សព្វផ្សាយលក់ផលិតផលផងដែរ។ ហើយដើម្បីកាន់តែទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំងពីមហាជនចូលមើល ចូល Like, Comment, Share ឬដើម្បីឱ្យអតិថិជនឱ្យតាមដាន និងទិញទំនិញផលិតផលរបស់ខ្លួនផងនោះ មានតារាបណ្ដាញសង្គមខ្លះ បានបញ្ចេញសកម្មភាព ការស្លៀកពាក់ ការតុបតែងប្លែកៗ កំប្លែងៗ មានបង្ហាញលុយកាក់ទ្រព្យធន ភាពហ៊ឺហា ភាពស៊ិចស៊ី ឬមានតារា Facebook ឬ តារា Tiktok ខ្លះ បានលើកយកបញ្ហាក្នុងគ្រួសារមកលាតត្រដាង ឬមានជម្លោះហែកហួរ ឆ្លើយឆ្លង និងប្ដឹងផ្ដល់ សុំទោសគ្នាថែមទៀតផង។​

តើសកម្មភាពអវិជ្ជមានទាំងនេះ ជះឥទ្ធិពលអ្វីខ្លះដល់សង្គម? តើក្រសួងស្ថាប័នពាក់ព័ន្ធយល់ឃើញ និងមានវិធានការទប់ស្កាត់ដូចម្ដេចខ្លះ?

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា តាមការសង្កេតឃើញសកម្មភាពរបស់តារាហ្វេសប៊ុកមានកន្លែងខ្លះមិនសមរម្យក្នុងការបង្ហាញជាសាធារណៈ ក៏ព្រោះតែដើម្បីបានផលប្រយោជន៍ដែលខ្លួនចង់បាន ដែលនេះជាសេរីភាពក្នុងការសម្ដែងរបស់គាត់ ហើយពេលគាត់ធ្វើបែបនោះមានអ្នកចូលមើលគាត់ច្រើន គាត់អាចរកចំណូលបាន។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ លើកឡើងថា៖ “ប៉ុន្តែសកម្មភាពភាពមានភាពមិនសមរម្យទាំងនោះអាចជះឥទ្ធិពលទៅលើកូនក្មេងដែលមិនទាន់ចេះពិចារណា ថាជាការពិត ឬការសម្ដែង ហើយក្មេងៗអាចយកតម្រាប់តាម។ ជួនកាលពេល រដ្ឋមន្ត្រីបង្រៀនតាម Facebook Youtube មិនសូវមានអ្នកចូលមើលទេ តែបើគេ ឈ្លោះគ្នា ធ្វើ ឬហូបអ្វីប្លែកៗ មានអ្នកចូលមើលរាប់ K (រាប់ពាន់នាក់)”។

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខាងលើនេះ មានប្រសាសន៍ថា កន្លងមក​មានប្រកាស​រួមមួយដែលមានក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ក្រសួងប្រៃណីយ៍ ដាក់វិធានការលើការផ្សព្វផ្សាយ ការបង្ហាញដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ធ្វើឱ្យអស្ថេរភាពសង្គមជាដើមនោះ គឺសុទ្ធតែមានទោស ដែលនេះជាវិធានការទប់ស្កាត់សកម្មភាពមិនគប្បី រួមទាំងក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ដែលអ្នកធ្វើទៅមានការប៉ះពាល់គេ ឬបរិហាកេរ្តិ៍អ្នកដទៃ សុទ្ធតែមានទោសដែលបានចែងក្នុងច្បាប់ ដែលកន្លងមកក៏មានសមត្ថកិច្ចចុះអនុវត្តកិច្ចការនេះតាមនីតិវិធីជាបន្តបន្ទាប់ដែរ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា៖ “អ្នកបង្ហោះវីដេអូលើ ហ្វេសប៊ុក ឬ យូធូប យើង [ក្រសួងវប្បធម៌] គ្មានសិទ្ធិទៅបិទគណនីគេទេ ទាល់តែយើងមានហេតុផលច្បាស់លាស់ថា សកម្មភាពនោះធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពសង្គម រឿងប្រទេសជាតិនោះ ទើបយើងធ្វើលិខិតស្នើទៅក្រុមហ៊ុនហ្វេសប៊ុក ហើយគេពិនិត្យស្រួលបួល ទើបគេបិទគណនីនោះបាន។ បើយើងគ្រប់គ្រងតឹងរឹងខ្លាំង គេថាបំបិទសេរីភាព។ តែបើសកម្មភាពនោះ សម្ដែងលើស្ថានីយ៍ទូរទស្សន៍ ឬជាក្រុមហ៊ុនបណ្ដាញសារព័ត៌មានជាដើមនោះ នោះក្រសួងព័ត៌មាន អាចបិទបានភ្លាម”។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍បន្តថា៖ “ពួកគាត់ជាប្រជាពលរដ្ឋ បើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអញ្ជើញពួកគាត់មកណែនាំ ក៏មិនត្រូវ លើកលែងតែគាត់នៅក្នុងក្របខណ្ឌវប្បធម៌ នោះទើបយើងមានក្រមសីលធម៌សិល្បករ ឬពួកគាត់មានសមាគមន៍សិល្បៈជាដើមនោះ ទើបយើងអាចអញ្ជើញគាត់មកណែនាំអប់រំ ឬណែនាំតាមសមាគមន៍នោះ។ កន្លងមក សិល្បករខ្លះ បើអញ្ជើញមកអប់រំហើយនៅមិនរាងចាល យើងបានផ្ញើលិខិតជូនក្រសួងព័ត៌មានដើម្បីផ្អាកអញ្ជើញពួកគាត់ឡើងសម្ដែងតាមកម្មវិធីនៃស្ថានីយ៍ទូរទស្សន៍អាចមានរយៈពេល១ឆ្នាំអីជាដើម”។

រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដដែលនេះ មានប្រសាសន៍ថា ថ្វីដ្បិតតែមហាជន ឬប្រជាពលរដ្ឋ មិនមែនជាអ្នកសិល្បៈស្ថិតក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប៉ុន្តែបើបុគ្គលណាធ្វើអ្វីដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ឬធ្វើឱ្យសាធារណជនមានប្រតិកម្មមិនពេញចិត្តខ្លាំង នោះសមត្ថកិច្ចនឹងចុះទៅបង្ក្រាបមិនចាំបាច់មានការប្ដឹង។ ជាមួយគ្នានេះ នៅពេលមហាជនតាមដានតែអ្វីដែលផ្ដល់គុណប្រយោជន៍ និងចំណេះដឹង ហើយឈប់ចាប់អារម្មណ៍ និងមិនចូលមើល ឬ Like Comment គាំទ្រសកម្មភាពមិនសមរម្យទាំងនោះ នោះម្ចាស់ខ្លួននឹងឈប់ហើយ។  

សូមជម្រាបថា បើតាម គេហទំព័រ Geeks in Cambodia បង្ហាញ​ថា​ នៅក្នុង​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់​ហ្វេសប៊ុក (Facebook) ប្រមាណ ៨​លាន ៨​សែន​នាក់ ដែល​ជា​កំណើន​យ៉ាង​រហ័ស​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ក្រោម ៥​លាន​នាក់​ប៉ុណ្ណោះ។ ចំណែក YouTube ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២ មាន​ជិត ២​លាន​នាក់ តាម​ពីក្រោយ​ដោយ Instagram ជាង ៧​សែន​នាក់ Tik Tok ប្រហែល ៥​សែន​នាក់ Linkedin ជាង ៣​សែន​នាក់ និង Twitter ប្រមាណ ២​សែន​នាក់។

ងាកមកសាកសួរមតិយោបល់ពីក្រសួងព័ត៌មានវិញម្ដង លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា ដោយសារការរីកចម្រើននៃប្រព័ន្ធព័ត៌មានវិទ្យា បណ្ដាញផ្សព្វផ្សាយសង្គមនេះ គឺប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិប្រើប្រាស់បណ្ដាញសង្គមយ៉ាងទូលំទូលាយ។ ជាទូទៅយើងសង្កេតឃើញថា ប្រជាពលរដ្ឋខ្លះប្រើប្រាស់បណ្ដាញសង្គមនេះ ដើម្បីប្រយោជន៍ការងារ ទំនាក់ទំនង និងការប្រកបអាជីវកម្មជាដើម។ ជាមួយគ្នានេះ យើងសង្កេតឃើញ ប្រជាពលរដ្ឋមួយចំនួនមិនបានប្រើប្រាស់បណ្ដាញសង្គមដោយត្រឹមត្រូវ ឬផ្ដល់ជាប្រយោជន៍ដល់សង្គម ក៏ដូចជាខ្លួនឯងទេ។

លោក មាស សុភ័ណ្ឌ មានប្រសាសន៍បន្តថា៖ “ខ្ញុំយល់ឃើញថា ក្នុងនាមជាអ្នកប្រើប្រាស់បណ្ដាញសង្គម ដើម្បីចែករំលែកព័ត៌មាន ព្រឹត្តិការណ៍ ឬហេតុការណ៍អ្វីមួយ គួរតែពិនិត្យ និងយកចិត្តទុកដាក់នូវការចែករំលែកព័ត៌មានពិត មានប្រភពច្បាស់លាស់ ឬចែករំលែកអ្វីដែល​​ប្រកបដោយការយល់ដឹង និងភាពទទួលខុសត្រូវ ដើម្បីចៀសវាងការចែករំលែករបស់ខ្លួនប្រែជាខុសឆ្គង ឬប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ”។

មន្ត្រីក្រសួងព័ត៌មានខាងលើ លើកឡើងថា ប្រជាពលរដ្ឋអ្នកប្រើបណ្ដាញហ្វេសប៊ុកធម្មតាដែលមិនមែនជាសារអ្នកព័ត៌មាន មិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន ដែលក្រសួងអាចហៅ មកអប់រំណែនាំទេ។ ដូចនេះអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុក គួរប្រើឱ្យមានប្រយោជន៍ និងប្រកបដោយភាពទទួលការខុសត្រូវ។

លោក មាស សុភ័ណ្ឌ បញ្ជាក់ថា៖ “បើគាត់ប្រើប្រាស់បណ្ដាញសង្គមដែលមិនត្រឹមត្រូវ ឬប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ ឬសិទ្ធិអ្នកដទៃ នោះ​គាត់ត្រូវ​​​ទទួលខុសត្រូវចំពោះមុខច្បាប់ ដោយអាចរកបណ្ដឹងទៅដល់អាជ្ញាធរ ឬតុលាការទៀតផង”។

គួរជម្រាបបន្ថែមថា ប្រជាជន​កម្ពុជា​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មាន​អាយុ​ចន្លោះ​ពី ១៣​ឆ្នាំ​រហូតដល់​ជាង ៦០​ឆ្នាំ។ ប៉ុន្តែ​ចំនួន​ប្រជាជន​ដែល​ប្រើប្រាស់​ច្រើនជាង​គេ គឺជា​យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី ២២ ដល់ ២៦​ឆ្នាំ ដែល​មាន​ប្រមាណ ៣៣% នៃ​អ្នកប្រើប្រាស់​សរុប។ ប្រជាជនកម្ពុជាបច្ចុប្បន្នមានចំនួន ១៦ ៨៨៤ ២៨៤ នាក់គិតត្រឹម ខែមីនា ឆ្នាំ២០២១។ គិតត្រឹមខែឧសភា ឆ្នាំ២០២១នេះ របាយការណ៍បានឱ្យដឹងថា ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកប្រមាណ ១០,៩ លាននាក់។

ជាមួយគ្នានេះ លោក លីវ សុផាណារិទ្ធិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា តារាហ្វេប៊ុកមួយចំនួនចូលចិត្តធ្វើអ្វីដែលប្លែកៗ ឬទាក់ទាញចំណាប់អារម្មណ៍ ដែលនេះគឺជាវិធីសាស្ត្រធ្វើអាជីវកម្មរបស់ពួកគាត់ ដើម្បីទាក់ទាញអ្នកចូលមើលវីដេអូ ឬការ Live របស់គាត់ ដោយគាត់អាចបង្កើតជារឿងផ្សេងៗ។ គ្រាន់តែថា ការបំពុលសង្គមនេះ មិនមែនសុទ្ធតែខុសនឹងច្បាប់ទេ គឺអាចត្រឹមតែខុសសីលធម៌។ បើជាទង្វើខុសច្បាប់ នឹងមានក្រសួងពាក់ព័ន្ធត្រួតពិនិត្យចាត់វិធានការបញ្ឈប់មិនខាន។

លោក លីវ សុផាណារិទ្ធិ មានប្រសាសន៍ថា៖ “កន្លងមក ទាក់ទងនឹងការលក់ផលិតផលក្លែងក្លាយ ឬខុសច្បាប់ គឺសមត្ថកិច្ចបានចុះទៅណែនាំ ឬកសាងសំណុំរឿងទៅតុលាការជាដើម។ ហើយចំណែកអ្នកដែលមានសកម្មភាពខុស ឬពាក្យសម្ដីមិនសមរម្យ ខុសសីលធម៌ខុសវប្បធម៌នោះ ក្រសួងក៏បានហៅមកណែនាំអប់រំឱ្យលុបឃ្លីបវីដេអូនោះចេញ ហើយបើធ្វើខុសច្បាប់ គឺក្រសួងមានវិធានការស្នើទៅ​ក្រុមហ៊ុនហ្វេសប៊ុកដើម្បីបិទ​ Page គណនី របស់បុគ្គលដែលធ្វើខុសច្បាប់”។

អ្នកនាំពាក្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រូបនេះបានអំពាវនាវ សូម តារាបណ្ដាញសង្គម និងមហាជនទូទៅ ធ្វើ ឬបង្ហោះបង្ហាញអ្វីដែលស្របច្បាប់ ហើយរួមគ្នាជ្រោមជ្រែងជួយលើកតម្កើងវប្បធម៌ អរិយធម៌ជាតិយើងទាំងអស់គ្នា។

លោក លីវ សុផាណារិទ្ធិ មានប្រសាសន៍បន្តថា៖ “សូមកុំមើលឃើញតែផលចំណេញផ្ទាល់ខ្លួន ហើយមិនគិតដល់ផលប៉ះពាលដល់ប្រជាពលរដ្ឋ និងក្មេងៗដែលប្រើប្រាស់បណ្ដាញសង្គម ដែលខ្វះការយល់ដឹង ហើយសូមប្រកបអាជីវកម្មដោយគុណធម៌ សីលធម៌ និងការទទួលខុសត្រូវខ្លួនឯង ព្រោះការប្រើប្រាស់បណ្ដាញសង្គមនេះមានអ្នកទស្សនាច្រើនទូលំទូលាយណាស់ មិនមែនដូចរោងកុននោះទេ​។

ពិតណាស់ បណ្ដាញ​សង្គម​បាន​ផ្តល់​អត្ថប្រយោជន៍​វិជ្ជមាន​ជាច្រើន​ដល់​អ្នក​ប្រើប្រាស់ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា វា​ក៏​អាច​បង្ក​ជា​បញ្ហា ឬ​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ផង​ដែរ ប្រសិនបើ​មិន​ចេះ​ប្រើ​វា​ឱ្យ​បាន​ត្រឹមត្រូវ។ ផល​ប៉ះពាល់​ចេញពី​អ្នកប្រើប្រាស់​ផ្ទាល់​វិញ គឺ​កង្វះ​ចំណេះដឹង​របស់​អ្នកប្រើប្រាស់​តែម្តង។ ពួកគេ​អាច​ផ្សព្វផ្សាយ​ ឬ​ចែករំលែក​ព័ត៌មាន​ដែល​មាន​ភាព​អវិជ្ជមាន អសីលធម៌ ការ​ជេរប្រមាថ ការ​បរិហារកេរ្តិ៍​អ្នកដទៃ ការប្រើប្រាស់​ពាក្យពេចន៍​អសុរោះ​ ដែល​អាច​ធ្វើ​ឱ្យ​កុមារ ​ឬ​យុវជន​យក​គំរូ​តាម និង​មាន​អាកប្បកិរិយា​រស់នៅ​មិនល្អ​នៅក្នុង​សង្គម។

យោងតាមក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា ៣០៥ បានឱ្យនិយមន័យបទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​ថា គ្រប់ការ​អះអាង​បំ​ផ្លើស ឬ​ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ​កិត្តិសព្ទ​នៃ​បុគ្គល ឬ​នៃ​ស្ថាប័ន​ណាមួយ គឺជា​ការបរិហារកេរ្តិ៍​។ ដោយហេតុតែ “បទបរិហារកេរិ៍ដជាសាធារណៈ” ពុំមែនជាអំពើមួយដែលឃោរឃៅ ពុំទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដូច្នេះហើយនៅក្នុងក្រមព្រហ្មទណ្ឌ ពុំមានការចែងដាក់ទោសជាប់ពន្ធនាគារចំពោះជនដែលបានប្រព្រឹត្តបទល្មើសនោះឡើយ ពោលគឺជនណាដែលប្រព្រឹត្តអំពើបរិហារកេរិ៍្តជាសាធារណៈចំពោះបុគ្គល ឬស្ថាប័នណាមួយ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងផ្តល់ជាសំណងរដ្ឋប្បវេណីដើម្បីជួសជុលព្យសនកម្មដល់ជនរងគ្រោះតែប៉ុណ្ណោះ។ ការផ្តន្ទាទោសក្នុងបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ ត្រូវពិន័យជាប្រាក់ពី ១០០,០០០ រៀល ទៅ ១០,០០០,០០០ លានរៀល។

រីឯនីតិវិធីនៃបណ្តឹងចំពោះបទល្មើសនេះ គឺត្រូវអនុវត្តតាមមាត្រា៣០៩ នៃក្រមព្រហ្មទណ្ឌ ដែលបានកំណត់ថា ក្នុងករណីដែលមានការបរិហារកេរ្តិ៍ ចំពោះបុគ្គលឯកជន ការចោទប្រកាន់នឹងត្រូវធ្វើឡើងតាមបណ្តឹងរបស់សាមីខ្លួន ដែលទទួលរងនូវការបរិហារកេរ្តិ៍នោះ។ ពាក្យបណ្តឹងរបស់សាមីខ្លួន ឬប្រធានស្ថាប័នសាមី ដែលមានចែងខាងលើ គឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ ដោយអយ្យការ ហើយការដកពាក្យបណ្តឹងឱ្យជនរងគ្រោះ ឬ ដើមបណ្តឹងរដ្ឋប្បវេណីអាចនាំឱ្យបណ្តឹងអាជ្ញារលត់។  ប៉ុន្តែការចោទប្រកាន់នឹងអាចត្រូវធ្វើឡើងដោយស្វ័យប្រវត្តិដោយព្រះរាជអាជ្ញា កាលបើការបរិហារកេរ្តិ៍នោះ ត្រូវបានធ្វើឡើងប្រឆាំងនឹងបុគ្គលម្នាក់ ឬបុគ្គលមួយក្រុម ដោយមូលហេតុដើមកំណើត ពូជសាសន៍ សញ្ជាតិ ឬសាសនា របស់បុគ្គលនោះ៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានព័ត៌មានពាក់ព័ន្ធ៖ មន្ត្រីនាំពាក្យក្រសួងធម្មការ ថ្កោលទោស អ្នកស្លៀកស្បង់ចីពរព្រះសង្ឃ រាំតាមបណ្ដាញសង្គម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤៣ នាទីutes មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ១ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គសេនាធិការទ័ពវៀតណាម ជួបប្រជុំទ្វេភាគីជាមួយអគ្គបញ្ជាការកងទ័ពកម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ

KPT+២ ម៉ោង មុន

ប្លែកភ្នែក AI បង្កើតរូបភាពមហេសីស្អាតដាច់គេក្នុងប្រទេសចិន ផ្ទុះការសរសើរព្រោងព្រាត

Sokha Hotels

ព័ត៌មានពេញនិយម