វប្បធម៌ ជំនឿ
កូនខ្មែរដឹងទេថា តើសព្វថ្ងៃ ល្ខោនខោល មានប៉ុន្មានប្រភេទ?
ល្ខោនខោលវត្តស្វាយអណ្ដែត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ផ្អែកទៅលើការសិក្សាតាមរយៈសិលាចារឹកបុរាណ អ្នកស្រាវជ្រាវយល់ថា ល្ខោនខោលមានដើមកំណើតពី ល្ខោនភាណី ជាប្រភេទល្ខោនដែលមានអ្នកពោលរៀបរាប់សាច់រឿង ហើយឃើញមានយ៉ាងហោចណាស់ក៏ចាប់ពី សម័យអង្គរ សតវត្សរ៍ទី ៩-១៤ មកដែរ។

សព្វថ្ងៃនេះ យើងសង្កេតឃើញថាការសម្តែងល្ខោនខោល គឺមានពីរបែប ម្យ៉ាងគឺដើម្បីកម្សាន្ត ឬជាប់នឹងកិច្ចសាសនាបន្តិចបន្តួច និងល្ខោនដែលនៅជាប់នឹងជំនឿក្នុងសហគមន៍។

ក្រុមល្ខោនខោលប្រភេទទី១ មានដូចជាក្រុមល្ខោនលោកតា ជា ហ៊ា ខេត្តបាត់ដំបង ដែលជាក្រុមជួលសម្តែងកម្សាន្តក្នុងពិធីបុណ្យទាននានា។

ចំណែកនៅរាជធានីភ្នំពេញ មានក្រុមល្ខោននៃនាយកដ្ឋានសិល្បៈទស្សនីយភាព និងសាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមល្ខោនខោលយុវជនល្ខោនខោលកម្ពុជា។

នៅខេត្តកំពង់ធំមានក្រុមល្ខោនខោលមន្ទីរវប្បធម៌ខេត្ត ដែលច្រើនតែតម្លើងល្ខោននេះ សម្រាប់សម្តែងលេងកម្សាន្តក្នុងឱកាសពិសេសនានាក្នុងកម្រិតជាតិ។

ចំណែកល្ខោនប្រភេទទី២នោះ គឺជាប់ជាពិសេសនឹងសហគមន៍ វត្តស្វាយអណ្តែត ហើយល្ខោនវត្តនេះពុំមែនគ្រាន់តែសម្តែងសម្រាប់ការកម្សាន្តសប្បាយប៉ុណ្ណោះទេ គេក៏សម្តែងនៅក្នុងបរិបទជំនឿ ដែលគេជឿថា ពេលសម្តែងល្ខោននេះ នឹងទទួលបាននូវសេចក្តីសុខ ចម្រុងចម្រើន បញ្ចៀសឧបទ្រពចង្រៃ ហើយពិសេសនោះគឺទទួលបានទឹកភ្លៀងគ្រប់គ្រាន់ និង ភោគផលល្អបរិបូរណ៍សម្រាប់រដូវដាំដុះខាងមុខ។

ល្ខោនខោលវត្តស្វាយអណ្តែត តំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០១៨។

យោងតាមសៀវភៅបញ្ជីសារពើភណ្ឌមរតកវប្បធម៌អរូបីកម្ពុជា ដែលរៀបរៀងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា ល្ខោនខោល ជាល្ខោនមួយបែបដែលពាក់មុខខ្មុកសម្តែង ហើយជាទូទៅតួអង្គសុទ្ធតែមនុស្សប្រុស និងសម្តែងបានតែក្នុង ឈុតឆាករឿង រាមកេរ្តិ៍ តែប៉ុណ្ណោះ។ ល្ខោននេះធ្វើកាយវិការតាមសំឡេងពោល ហើយកំដរដោយភ្លេងពិណពាទ្យ៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


