Connect with us

វប្បធម៌ ជំនឿ

ប្រាសាទភ្នំធាតុមានអាយុកាលរាប់រយឆ្នាំនៅក្រុងស្ទឹងត្រែងមានសភាពស្ងាត់ជ្រងំ

បានផុស

នៅ

ប្រាសាទភ្នំធាតុគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនដែលមានវ័យចំណាស់រាប់រយឆ្នាំដែលអ្នកខេត្តស្ទឹងត្រែងតែងមានជំនឿថាពូកែស័ក្ដិសិទ្ធ មានបារមីចាំថែរក្សាការពារសង់ឡើងដើម្បីដាក់ធាតុសពរបស់ស្ដេចនាម៉ឺនសព្វមុខមន្រ្តីឬមេទ័ពបានពលិកម្មដើម្បីជាតិមាតុភូមិក្នុងសម័យកាលដ៏យូរលង់មកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នប្រាសាទភ្នំធាតុនេះ ឃើញថានៅតែមានសភាពស្ងាត់ច្រងំដដែលពុំទាន់ឃើញមានការអភិវឌ្ឍឲ្យទៅជារមណីយដ្ឋានទេសចរណ៍វប្បធម៌ទាក់ទាញភ្ញៀវចាប់អារម្មណ៍នៅឡើយទេ។ សព្វថ្ងៃយើងមើលឃើញថា តួប្រាសាទបាក់បែកដែលមានផ្តែ និងដុំឥដ្ឋនៅរាយប៉ាយកប់ក្នុងដីសង់នៅលើកំពូលភ្នំមួយជុំវិញមានផ្ទះប្រជាពលរដ្ឋ និងមានផ្លូវព័ទ្ធតាមជើងភ្នំគេអាចធ្វើដំណើរបានដោយងាយស្រួលមិនថាថ្មើជើងម៉ូតូឬរថយន្តនោះទេ។

មុននឹងទៅដល់ប្រាសាទភ្នំធាតុស្ថិតនៅភូមិព្រែកសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងយើងត្រូវធ្វើដំណើរចេញពីរង្វង់មូលថ្មីឆ្ពោះទៅទិសខាងលិចត្រង់មិនពិបាករកទេដែលមានចម្ងាយប្រហែលពីរគីឡូម៉ែត្រតាមផ្លូវចាក់បេតុង និងផ្លូវកៅស៊ូអមដោយផ្ទះតូចធំខ្ពស់ទាប។

បន្ទាប់មកយើងគ្រាន់តែធ្វើដំណើរឡើងទៅលើទួល និងដល់ប្រាសាទតូចមួយដែលគេសង់ជារោងសម្រាប់គោរពបូជាតាមជំនឿសាសនាបែបអរូបីរួមទាំងមានថ្មចម្លាក់ផ្តែនិងថ្មឥដ្ឋហាក់បីដូចជាប្រាសាទស្ថិតនៅអាថ៌កំបាំង។
គួរឲ្យអាសូរណាស់រោងដែលគេសង់សម្រាប់គោរពបូជានោះសព្វថ្ងៃនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំងដំបូលធ្លុះធ្លាយអស់ទៅហើយពុំទាន់ឃើញមានរៀបចំសង់ថ្មីនៅឡើយ។

ដែលមានរឿងដំណាលថា ពីបុរាណកាលប្រាសាទភ្នំធាតុមានបារមីចាំថែរក្សាពូកែសាកសិទ្ធហេតុដូច្នេះហើយបានជាមានប្រជាពលរដ្ឋមន្ត្រីរាជការក្នុងខេត្តឬមកពីឆ្ងាយដែលបានស្គាល់តែងតែអុជទៀនធូបស្លាម្លូផ្កាឈូកដើម្បីឧទ្ទិសសុំក្តីសុខផ្សងសំណាងទទួលលាភសក្ការៈម្ដងម្កាល។

ក្រៅពីកន្លែងអុជធូបបន់ស្រន់ប្រាសាទភ្នំធាតុក៏ជាកន្លែងសម្រាប់អ្នកទៅកំសាន្តមើលទេសភាពជុំវិញក្រុងស្ទឹងត្រែងគួរជាទីចាប់អារម្មណ៍ ជុំវិញបរិវេណប្រាសាទពោរពេញទៅដោយដើមឈើផ្តល់ម្លប់ដ៏ត្រជាក់ត្រឈឹងត្រឈីលាយឡំនិងសំឡេងសត្វយំនាពេលថ្ងៃ ពេលយើងឈរបែរទៅទិសខាងកើតឆៀងខាងជើងនិងខាងលិចអាចមើលឃើញដំបូលផ្ទះខ្ពស់ទាបនិងទន្លេព័ទ្ធជុំវិញជាមួយទេសភាពដ៏ស្រស់ស្អាត។

បើទោះបីជាប្រាសាទភ្នំធាតុស្ថិតក្នុងសភាពស្ងាត់ជ្រងំក៏ពិតមែន ក៏នៅមានមនុស្សជាច្រើនមកពីឆ្ងាយជាពិសេសអ្នកខេត្តស្ទឹងត្រែងពិតជាស្គាល់ច្បាស់ណាស់ពីប្រាសាទភ្នំធាតុ ដោយគេឃើញមានឆ្មាំអ្នកថែបោសសម្អាតប្រាសាទភ្នុំធាតុម្នាក់ប៉ុណ្ណោះឈ្មោះឡឹករឿងវ័យ ៦៩ ឆ្នាំ ដែលថែរក្សានៅទីនោះ។

លោកស្រី ញោច សារឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងបានរៀបរាប់ថា នៅចំពោះមុខមន្ទីរមាន​​គម្រោង និងរៀបចំសាងសង់រោងថ្មីដោយមានការគាំទ្រពីឯកឧត្តមអភិបាលខេត្តនិងអាជ្ញាធរមូលដ្ឋាន។
ក្រៅពីប្រាសាទភ្នំធាតុនៅមានប្រាសាទព្រះគោស្ថិតនៅស្រុកថាឡាបរិវ៉ាត់និងទួលប្រាសាទគូស្ថិតនៅស្រុកសេសានផងសុទ្ធតែជាប្រាំងប្រាសាទដែលអាយុកាលរាប់សតវត្សមកហើយ។ មានការថែរក្សាដោយយកចិត្តទុកដាក់។

ទាក់ទងទៅនឹងទេសចរណ៍វប្បធម៌នេះផងដែរ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានរៀបរាប់ឲ្យដឹងថា៖ យោងតាមសៀវភៅចងក្រងរបស់មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែងបានរៀបរាប់ឲ្យដឹងថា ប្រាសាទភ្នំធាតុគឺសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា ដែលមានសំណង់សាងសង់អំពីថ្មពួក និងថ្មបាយក្រៀមសង់នៅលើកំពូលភ្នំបែរមុខទៅទិសខាងកើតជាប្រាសាទមានលក្ខណៈជាចេតិយ ប្រាសាទនេះមានកំបែងព័ទ្ធជុំវិញមានគោបុរៈចូលទាំងបួន​ទិស។

ក្រោយពីឆ្លងកាត់ជាច្រើនទសវត្សរ៍មកកាលលោកវីរៈសេនីយ៍ឯក ខាំ ស៊ុក បម្រើការងារជាមេបញ្ជាការប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង និងភរិយាបានទៅបន់ស្រន់ និងបានរៀបចំប្រមូលឥដ្ឋយកទៅប៉ាតជាមួយស៊ីម៉ង់ទៅជាសំណង់ថ្មីមួយធ្វើរោងប្រក់ស័ង្កសីយកបាបាល័ង្គទ្រលិង្គទៅតម្កល់សម្រាប់គោរពបូជា។

ដោយឡែកនៅខាងមុខសងខាងផ្លូវចូលរោងប្រាសាទមានចម្លាក់ផ្ដែប្រាំផ្ទាំងនិងក្បាលមរករចំនួន ១ ប្រាសាទភ្នំធាតុមានដំណាលថាពីដើមប្រជាពលរដ្ឋហៅថាប្រាសាទ”ភូថាត”ជាភាសាឡាវប្រែមកខ្មែរមានន័យថាប្រាសាទចេតិយភ្នំ។

ព្រោះប្រាសាទនេះមានរាងជាចេតិយសង់លើភ្នំ តាមចាស់ៗដំណាលថាចេតិយបុរាណនេះគេសង់សម្រាប់ដាក់ធាតុរបស់ស្ដេចនាម៉ឺនសព្វមុខ ន្ត្រីឬមេទ័ពសម័យមុន(ចេនឡាដីគោក)ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិឬពលីដោយជំងឺ។ លុះមកដល់ក្នុងសម័យសង្គមរាស្រ្តនិយមឆ្នាំ ១៩៥៣ប្រជាពលរដ្ឋបានហៅថាប្រាសាទភ្នំធាតុវិញរហូតមកដល់បច្ចុប្បន្ន៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម