Connect with us

វប្បធម៌ ជំនឿ

រឿងរ៉ាវប្រាសាទព្រះវិហារ ដែលកូនខ្មែរគ្រប់គ្នា ត្រូវចងចាំ, អបអរខួប ១៥ឆ្នាំ ចូលបញ្ជីយូណេស្កូ

បានផុស

នៅ

មកដល់ថ្ងៃ​ទី​៧​ ខែមិថុនា ឆ្នាំ២០២៣​នេះ គឺមានរយៈពេល​ ១៥ឆ្នាំហើយ ដែលប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ កាលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីមអបអរខួបទី១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ កូនខ្មែរគ្រប់រូបមានទឹកចិត្ត​​សោមនស្ស រហូតបង្ហោះលើបណ្ដាញសង្គម អំពីកាអបអរ និងមោទនភាពចំពោះ ប្រាសាទព្រះវិហាររបស់ដូនតាខ្មែរ។ ទន្ទឹមនឹងមោទនភាពនេះ​​ តើកូនខ្មែរ បានដឹង ឬចងចាំអ្វីខ្លះ អំពី ប្រាសាទព្រះវិហារ ពីអតីតកាល រហូតដល់បច្ចុប្បន្ន?

ពិធីក្រុងពាលី នៅចំណុចខាងលិចគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣

នៅពេលនេះ “កម្ពុជាថ្មី” សូមបង្ហាញជូននូវប្រវត្តិ និងរឿងរ៉ាវខ្លះខ្លះៗ នៃប្រាសាទព្រះវិហារ មកជម្រាបជូនដូចតទៅ៖

ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទនេះ ​មាន​អាយុ​ជាងមួយពាន់​ឆ្នាំ កំពុងឈរ​បង្អួត​រាង​យ៉ាង​រឹង​មាំនៅលើកំពូលព្រះវិហារ នៃ​ជួរ​ភ្នំដងរែក មានកម្ពស់ប្រមាណ ៦២៥ ម៉ែត្រ ពីនីវ៉ូសមុទ្រ នាំ​ឱ្យ​មនុស្ស​ម្នា​កោតស្ញប់ស្ញែង និងចាត់ទុកជាទីសក្ការៈដ៏ពិសិដ្ឋរបស់ខ្មែរ។

កាល​សម័យ​អង្គរ ប្រាសាទព្រះវិហារ គឺ​មាន​ឈ្មោះដើម​ថា “ស្រីសិខារិស្វារៈ” មាន​ន័យ​ថា ម្ចាស់នៃ​កំពូល​ភ្នំ ក៏​ជា​ឈ្មោះនៃលិង្គថ្ម​ព្រះឥសូរ​ ដែល​ស្តេចជំនាន់មុន​យក​ទៅ​តម្កល់​លើ​ភ្នំ​នេះ។ តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន ប្រាសាទព្រះវិហារ ចាប់ផ្តើមកសាង​ឡើងក្នុងរជ្ជកាល ព្រះបាទសូរ្យវរ័្មនទី១ នៃគ្រិស្ករាជ ឆ្នាំ៨៨៩ ធ្វើឡើងអំពីថ្មភក់ នៅលើទីតាំងខ្ពស់មួយនៃជួរភ្នំដងរែក ដែល​កាល​នោះ​គឺ​ស្ថិត​នៅ​ចំកណ្តាល​នៃ​អតីត​ទឹក​ដីមហានគរខ្មែរ ប៉ុន្តែ​បច្ចុប្បន្នគឺស្ថិត​ក្នុង​ទឹក​ដី​ខេត្តព្រះវិហារ ជាប់​ខេត្ត​ស៊ីសាកេត ​ប្រ​ទេសថៃ។

ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រ សាងសង់ក្នុងអំឡុងចុងសតវត្សទី៩ បញ្ចប់ទៅ​នៅ​ដើម​សតវត្សរ៍​ទី១២ ក្រោម​រជ្ជកាល​ ព្រះ​បាទសូរ្យវរ្ម័នទី២ នៃ​សម័យ​មហានគរ ដើម្បីឧទ្ទិសដល់ព្រះឥសូរ ដែលជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនា។ តាមរយៈសិលាចារិក មានឆ្លាក់ចារនៅលើប្រាសាទបាពួន ​”សិលាចារិក K-៥៨៣” បានចារថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្ទ្រាយុទ្ធ ជាក្សត្រដែលខ្លាំងពូកែអាចច្បាំង​យកជ័យជម្នះលើស្តេចចាមបាន ទ្រង់ជាក្សត្រដែល​បាន​​យកលិង្គថ្មធម្មជាតិមួយឈ្មោះ ស្រីសិខាវិស្វរៈ មកតាំង និងមកប្រតិស្ឋ នៅប្រាសាទ​ព្រះវិហារ។

បើតាមអត្ថបទសិលាចារឹក នៅប្រាសាទព្រះវិហារ លេខ K-៣៨១ ចារជាភាសាខ្មែរបុរាណ និងភាសាសំស្រ្កឹត ប្រវត្តិ​ប្រាសាទ​ដ៏​ពិសិដ្ឋរបស់ខ្មែរ​មួយ​នេះ គឺ​មាន​ទំនាក់​ទំនង​ជាមួយ​ ព្រាហ្មណ៍ម្នាក់ឈ្មោះថា តៈបៈស្វិន្រ្ទបណ្ឌិត។ ព្រាហ្មណ៍តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមមួយនៅនឹងដែនដី នៃទីតាំងប្រាសាទ​ព្រះវិហារ។ នៅអំឡុងឆ្នាំ១០២៤ នៃគ.ស ព្រាហ្មណ៍នោះ បានទទួលអង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើនពី ព្រះបាទសូរ្យវរ័្មនទី១​ ដែល​ជាការ​ដឹង​គុណពី​ព្រះអង្គ ចំពោះព្រាហ្មណ៍តៈបៈស្វិន្រ្ទៈបណ្ឌិត ក្នុងការថែរក្សាលិង្គព្រះអាទិទេព។ នៅលើសិលាចារឹក មានបញ្ជាក់ទៀតថា ព្រះបាទសូរ្យវរ័្មនទី១ ជាក្សត្រ មានជំនឿខ្លាំង​ណាស់​​លើ​​លិង្គអាទិទេពមួយនេះ ហើយកំណត់ត្រាសិលាចារិកបញ្ជាក់ច្បាស់ៗថា សិវលិង្គនេះ តែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារ ឱ្យព្រះអង្គបានទត។

ក្នុងបរិវេណប្រាសាទ មានស្រះទឹកបុរាណមួយ មានទីតាំងស្ថិតនៅខាងឆ្វេងនៃព្រះថ្នល់ ចន្លោះគោបុរៈទី៤ និងគោបុរៈទី៥ ទទឹងប្រវែង ១៦,៨០ ម៉ែត្រ និងបណ្តោយ ៣៧,៨០ ម៉ែត្រ។ បើតាមដំណាលតគ្នាមកល្បីថានេះ ជាស្រះទឹកមន្តស័ក្តិសិទ្ធិអស្ចារ្យសម្រាប់យកទៅ​ប្រើប្រាស់​ពិធី​សក្ការៈផ្សេងៗ ហើយសូម្បីតែអតីតព្រះមហាក្សត្រថៃ ព្រះបាទភូមិបុល អាឌុលយ៉ាដេត ក៏ធ្លាប់បានប្រើទឹកពីស្រះនេះដើម្បីបំពេញពិធីអភិសេកឡើងគ្រងរាជ្យ​សម្បត្តិ កាល​ថ្ងៃទី៩ ខែមិថុនា ក្នុងឆ្នាំ ១៩៤៦ ផងដែរ។

ប្រាសាទព្រះវិហារ រងការឈ្លានពានដណ្តើមចង់បានជាច្រើនលើកច្រើនសារ ពីសំណាក់​ប្រទេស​ថៃ ហើយជម្លោះរវាងថៃ និងកម្ពុជា ចាប់ផ្តើមផ្ទុះឡើងខ្លាំងក្នុងឆ្នាំ១៩៥៤ បន្ទាប់​ពីកម្ពុជាទទួលបាន​ឯករាជ្យ​ពីបារាំង ដោយថៃក៏បានបញ្ជូនកងកម្លាំងប្រដាប់អាវុធ​ចូលមកកាន់កាប់ប្រាសាទ​ព្រះវិហារទាំង​គគ្លើន។ រដ្ឋាភិបាល​កម្ពុជា​ពេល​នោះ ដែល​មាន​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​ នរោត្តម សីហនុ ព្រះ​បរមរតនកោដ្ឋ ជា​ប្រមុខរដ្ឋ បាន​ដឹកនាំ​កម្ពុជា បើកដំណើរការទាមទារកម្មសិទ្ធតាម​រយៈការទូតជាមួយ​ថៃ ប៉ុន្តែត្រូវបរាជ័យ នាំឱ្យកម្ពុជាងាក​ទៅរកយន្តការតុលាការវិញម្តង ដោយបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌​អន្តរជាតិក្រុងឡាអេ នៅថ្ងៃទី៦ តុលា ឆ្នាំ ១៩៥៩ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធពីតំបន់​ប្រាសាទ។

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៥៩ សារណារបស់កម្ពុជា ត្រូវបានបញ្ជូនទៅដល់ដៃតុលាការតាមពេលកំណត់ តែភាគីថៃវិញបែរជាបញ្ជូនពាក្យបណ្តឹងមួយបដិសេធមិនទទួលស្គាល់​សមត្ថកិច្ចរបស់តុលាការអន្តរជាតិ ក្នុងការជំនុំជម្រះបណ្តឹងរបស់កម្ពុជាទៅវិញ។ សវនាការសាធារណៈដើម្បីជុំនំជម្រះលើបណ្តឹងជំទាស់របស់ភាគីថៃ ត្រូវបានបើកធ្វើ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០ ហើយថ្ងៃទី២៦ ឧសភា ឆ្នាំ១៩៦១ តុលាការក្រុងអន្តរជាតិ បានច្រានចោល​បណ្តឹងជំទាស់របស់ភាគីថៃ ដោយប្រកាសជាផ្លូវ​ការ តុលាការមានសមត្ថកិច្ចពេញលេញក្នុងការដំណើរការអង្គជំនុំជម្រះលើបណ្តឹងរបស់​កម្ពុជា។ តាមរយៈបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលជាផែនទីធ្វើឡើងរវាងបារាំង-សៀម ក្នុងសន្ធិសញ្ញាឆ្នាំ១​៩០៤ បង្ហាញថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាងពិត​ប្រាកដ ដោយ​ថៃ្ង១៥ មិថុនា ឆ្នាំ១៩៦២ ប្រាសាទព្រះវិហារ ត្រូវតុលាការ​អន្តរជាតិក្រុងទ្បាអេ សម្រេចសាលក្រមប្រគល់​ឱ្យភាគីកម្ពុជា ជាអ្នកឈ្នះក្ដីរវាងវិវាទ​កម្ពុជា-ថៃ លើប្រាសាទ​ព្រះវិហារ។

ប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមួយនេះ ត្រូវចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាថ្ងៃ៧ ខែកក្កដា ឆ្នាំ២០០៨ ធ្វើឡើងនៅទីក្រុងកេបិច ប្រទេសកាណាដា។ វិវាទព្រំដែនកម្ពុជា-ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ចាប់ផ្តើមផ្ទុះជាថ្មី អំឡុងខែមិថុនា ឆ្នាំ២០០៨ ជាពេលប្រាសាទព្រះវិហារស្ថិតក្នុងការពិចារណាដាក់បញ្ចូលជាសម្បត្តិ​បេតិកភណ្ឌពិភពលោក ដោយ​នៅ​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ថៃបាន​បញ្ជូនទាហាន​របស់​ខ្លួនមកឈរជើងក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈ ក្បែរតំបន់ប្រាសាទព្រះហារ ចំងាយប្រមាណ ៣០០ ម៉ែត្រ​ពីទឹកដីកម្ពុជា។ វិវាទនេះ បានបង្កឱ្យមានការ​ប៉ះទង្គិច​ផ្នែក​យោធា​រវាង​ប្រទេស​ទាំង​ពីរ និង​បង្ក​ជាក្តីក្តាំ​ជាថ្មី​នៅ​លើ​តុលាការ​អន្តរជាតិ ICJ រហូតដល់ខែធ្នូ ឆ្នាំ២០១១ កិច្ចព្រមព្រៀងមួយត្រូវបាន​ធ្វើឡើងដើម្បីដកកងទ័ពចេញពីតំបន់ជម្លោះ។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការ ICJ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទ សាលក្រមឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិ បានប្រគល់ប្រាសាទព្រះវិហារទាំងអស់​ឱ្យកម្ពុជា ហើយភាគីថៃ​មានកាតព្វកិច្ច ត្រូវតែដកទ័ព ប៉ូលីស ឬឆ្មាំថៃ ដែលឈរជើង​ក្នុងតំបន់ប្រាសាទ​ព្រះ​វិហារ​ទាំង​អស់​ដោយ​គ្មាន​លក្ខខណ្ឌ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ កាសែតថៃ បាងកកប៉ុស្ដិ៍ បានផ្សាយថា ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារចង់​ឱ្យមានការបើកឡើងវិញនូវព្រំដែន​ទៅកាន់ប្រាសាទព្រះវិហារ​ដែល​ជាប់ខេត្តស៊ីសាកេតរបស់​ថៃ ដើម្បីដំណើរការវិស័យទេសចរណ៍ បន្ទាប់​ពី​ព្រំដែន​តំបន់​ប្រាសាទ​វិហារ​ត្រូវបាន​បិទអស់រយៈ​ពេល​ ១៥ឆ្នាំ ចាប់តាំងពី​កងទ័ព​នៃប្រទេសទាំងពីរបាន​ប៉ះទង្គិចគ្នា​ដោយ​ប្រដាប់​អាវុធ​នោះ។ ការផ្សព្វផ្សាយនេះ មិនទាន់មានការឆ្លើយតបពីភាគីកម្ពុជាទេ ចំណែកមហាជនកម្ពុជាបានបញ្ចេញយោបល់តាមបណ្ដាញសង្គមថា មិនគួរបើកព្រំដែនវិញទេ ព្រោះមិនបានផ្ដល់ផលអ្វីមកកម្ពុជា ក៏ដូចជាខាតចំណូលពលរដ្ឋកម្ពុជាដែលភ្ញៀវពីថៃត្រូវធ្វើដំណើរចូលមកកម្ពុជាសិន ខណៈបន្ទាប់ពីថៃបានបិទច្រកព្រំដែនលែងឱ្យភ្ញៀវពីកម្ពុជាឡើងប្រាសាទព្រះវិហារពីទឹកដីថៃបច្ចុប្បន្នដែលមានជម្រាលទាបនោះ កម្ពុជាបានខិតខំកសាងផ្លូវពីប្រទេសខ្លួនបានដោយជោគជ័យរួចមកហើយ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម