វប្បធម៌ ជំនឿ
ល្ខោនក្បាច់បុរាណរឿង “ព្រះនាងនាគ” សម្ដែងលើកដំបូង ដោយឥតគិតថ្លៃ នៅល្ងាចនេះ
ល្ខោនក្បាច់បុរាណរឿង “ព្រះនាងនាគ ឯកអគ្គទេវី” នឹងសម្ដែងរយៈពេលជាង ៥០នាទី ជាលើកដំបូង ដោយឥតគិតថ្លៃ នៅក្នុង មហោស្រព គីហ្សូណា ជប៉ុន កម្ពុជា ២០២៤ នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ នេះ។ ល្ខោនក្បាច់បុរាណនេះ ក៏នឹងត្រៀមសម្ដែងក្នុងឱកាសបុណ្យជាតិ និងលើឆាកអន្តរជាតិ បន្តទៀតផងដែរ។

ឈ្មោះ ហុង ឈាងហួត អនុប្រធាន វិចិត្រសាល មកុដ និង អលង្ការ ភួងមាល័យ បាយសីខ្មែរ បាន ឱ្យ “កម្ពុជាថ្មី” ដឹងថា មូលហេតុនៃការបង្កើត ល្ខោនក្បាច់រឿង “ព្រះនាងនាគ ឯកអគ្គទេវី” នេះ ក្នុងគោលបំណងរម្លឹក បឋមក្សត្ររបស់ខ្មែរ គឺ ព្រះថោង និងព្រះនាងនាគ កាលកកើតទឹកដីសុវណ្ណភូមិយើងដំបូង។ ហើយក៏បានរំលេចឈុតឆាកខ្លះៗដែលបង្ហាញការបួងសួងអាទិទេពដើម្បីសុំសេចក្ដីសុខដល់ព្រះនគរ។

លោក ហុង ឈាងហួត បានឱ្យដឹងបន្ថែមថា៖ “ល្ខោនក្បាច់បុរាណនេះ យើងបានស្រាវជ្រាវតាមប្រវត្តិសាស្ត្រខ្មែរ ហើយយើងបានដកស្រង់ស្នាព្រះហស្ត សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី ដែលលោកធ្លាប់ដំឡើងល្ខោនព្រះរាជទ្រព្យ រឿង ព្រះនាងនាគ ក្នុងឆាកទី១ និងទី២ និងបូកផ្សំឈុតឆាកថ្មីទៀត ដោយយោងទៅតាមសិលាចារិក និងចម្លាក់លើប្រាសាទ បង្កើតបានទស្សនីយភាពថ្មីចំនួន ២ ឆាកទៀត គឺព្រះនាងនាគ យាងតាមតាមព្រះទីនាំងជលយាន (នាវា ទូក) ដើម្បីបេះផ្កាបទុម (ផ្កាឈូក) យកទៅបូជាព្រះទេវិល័យ និងឈុតឆាក នៃការបួងសួងសុំសេចក្ដីសុខដល់នគរ”។

លោក ហុង ឈាងហួត បានឱ្យដឹងថា កន្លងមកធ្លាប់មានការសម្ដែងឈុត ព្រះនាងនាគយាងមកក្រសាលភពផែនដី និងជួបព្រះថោង ទេ ចំពោះឈុតឆាកថ្មី គឺទើបដំឡើង យកមកចូលរួម មហោស្រពគីហ្សូណា កម្ពុជាជប៉ុន នេះ ដោយចង់ផ្សព្វផ្សាយអ្វីជាសិល្បៈវប្បធម៌ខ្មែរទៅលើឆាកជាតិ និងអន្តរជាតិ ម៉្យាងទៀតចង់ឱ្យក្មេងជំនាន់ក្រោយស្គាល់អ្វីជាល្ខោនក្បាច់បុរាណ។

លោក ហុង ឈាងហួត លើកឡើងបន្ថែមថា៖ “ម៉្យាងទៀត យើងចង់បង្ហាញសោភណ្ឌភាព នៃគ្រឿងអលង្ការ គ្រឿងមកុដ ភស្ត្រាទាំងឡាយដែលយើងបានសិក្សាស្រាវជ្រាវ និងសាងឡើងវិញតាមលំនាំចម្លាក់បុរាណខ្មែរនានាដូចជា ប្រាសាទស្រះស្រី នៃប្រាសាទភិមានអាកាស លានស្ដេចគម្លង់ ប្រាសាទអង្គរវត្ត និងរចនាបទ្ម កោះកេរ ដែលយើងលើកយកគ្រឿងអលង្ការទាំងនេះមកបង្ហាញក្នុងល្ខោនក្បាច់បុរាណនេះ ឱ្យគេឃើញពីភាពរុងរឿងនៃរចនាបទ្មជាច្រើនរបស់ខ្មែរក្នុងសម័យអង្គរ ឬសម័យមហានគរ”។

ទាក់ទងនឹងការចំណាយពេល ទាំងការដំឡើង និងហាត់សម លោក ហុង ឈាងហូត បានឱ្យដឹងថា ក្រុមការងារ បានប្រើពេល ២ខែជាង ដោយទើបតែបានហាត់សមដិតដល់បានរយៈពេល ២សប្ដាហ៍ចុងក្រោយនេះទេ។ ដោយសារលោកគ្រូ អ្នកគ្រូ ប្អូនៗអ្នកសិល្បៈ តន្ត្រីករ ទាំងអស់ ជាអ្នកស្ម័គ្រចិត្ត ប្រើបេះដូងសាមគ្គី ឆ្លៀតពេលទំនេរតិចតួច ជួយគ្នាស្រាវជ្រាវ និពន្ធ ដំឡើងឱ្យបានទស្សនីយភាពនេះ ដ្បិតអ្នកស្ម័គ្រចិត្តភាគច្រើនជាប់ភារកិច្ចធ្វើការ ឬរៀនសូត្រ។

លោក ហុង ឈាងហួត បានឱ្យដឹងបន្ថែមថា៖ “សរុប នាដការី និងតន្ត្រីករ ព្រមទាំងគ្រូ និងក្រុមការងារ ប្រហែល ៥០នាក់ ដែលចូលរួមពីស្ថាប័នផ្សេងៗគ្នា ដូចជា សាលានរោត្តម បុប្ផាទេវី, ក្រុមភ្លេង ទេពបុទមវង្ស, ក្រុមទេពនិម្មិត ដែលជាក្រុមភ្លេងដង្ហែរបែបសម័យអង្គរ, ក្រុម ភូវន័យចម្រៀង, ក្រុមភួងមាល័យបាយសីខ្មែរ ខាងតុបតែងសម្លៀកបំពាក់ និងសិក្សាស្រាវជ្រាវសាច់រឿង”។

លោក ហុង ឈាងហួត យល់ឃើញថា ការលើកយកល្ខោនក្បាច់បុរាណខ្មែរមកសម្ដែងក្នុងកម្មវិធី “មហោស្រព គីហ្សូណា ជប៉ុន កម្ពុជា ២០២៤” ជាឱកាសដ៏មានតម្លៃសម្រាប់ផ្សព្វផ្សាយវប្បធម៌ជាតិខ្មែរលើឆាកអន្តរជាតិ ព្រោះមហោស្រពក៏មានការចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាបានបញ្ជ្រាបល្ខោនក្បាច់បុរាណដល់យុវជនខ្មែរជំនាន់ក្រោយដែលនឹងចូលរួមក្នុងកម្មវិធី។

លោក ហុង ឈាងហួត លើកឡើងបន្តថា៖ “អ្វីជាបណ្ដាំផ្ញើរបស់លោកគ្រូ អ្នកគ្រូដែលធ្លាប់ប្រាប់ពួកខ្ញុំ គឺទោះបីជាយើងបានវិវឌ្ឍខ្លួនទៅរកសង្គមសម័យនិយមយ៉ាងណា ក៏យើងត្រូវថែរក្សាវប្បធម៌ អរិយធម៌របស់ខ្មែរដែលជាអត្តសញ្ញាណជាតិយើង ដោយឈរលើគោលការណ៍អភិរក្សចាស់ អភិវឌ្ឍថ្មី ដើម្បីឱ្យសិល្បៈកាន់តែមានសោភណ្ឌ ប៉ុន្តែឈរលើគោលការណ៍មានក្បួនខ្នាតត្រឹមត្រូវ”។

គួរបញ្ជាក់ថា បន្ថែមពីលើការសម្ដែងល្ខោនក្បាច់បុរាណ រឿង “ព្រះនាងនាគ ឯកអគ្គទេវី” ក្រុមភួងមាល័យបាយសីខ្មែរ ក៏មានការតាំងពិព័រណ៍គ្រឿងអលង្ការ មកុដ នៃ មហាក្សត្រខ្មែរ សម័យអង្គរ គឺព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្ទ្រទេវី ព្រះនាងជ័យរាជទេវី ដែលគ្រឿងអលង្ការទាំងអស់នោះ កសាងឡើងតាមគំរូចម្លាក់ នៃប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ក្នុងរចនាបទ្ម បាយ័ន។ “មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ២០២៤” ចាប់ផ្តើមនៅថ្ងៃទី២២ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងបរិវេណ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ក្រោមប្រធានបទ “ទំព័រថ្មីនៃអនុស្សាវរីយ៍”៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម២ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច