សេដ្ឋកិច្ច
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបាន ជាង $៦ ពាន់លាន នៅរយៈពេល ៩ ខែ
ការដោះដូរទំនិញកម្ពុជា-វៀតណាមសម្រេចបានទំហំទឹកប្រាក់ជាង ៦ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កើនឡើង ៤,១% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៤ ដែលមានទំហំ ៥,៨ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យរបស់ GDCE បង្ហាញថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមជាង ៦,០៥ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំទំនិញចេញទៅវៀតណាមមានទំហំទឹកប្រាក់ ២,៩៣ ពាន់លានដុល្លារ កើនឡើង ៧,៨% ចំណែក ឯវៀតណាមនាំចូលមកវិញមានតម្លៃ ៣,១១ ពាន់លានដុល្លារ កើនឡើង ០,៨%។
ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំទៅវៀតណាម រួមមាន ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ចំណែកវៀតណាមនាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន មានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម បានកើនឡើងដោយសារតែការផ្លាស់ប្ដូរនៃនិន្នាការសេដ្ឋកិច្ច ដែលជាលទ្ធផលនៃភាពតានតឹងនៃភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិន។
លោក ឡោ វិចិត្រ បន្ថែមថា៖ «សេដ្ឋកិច្ចរបស់វៀតណាមមានកំណើន បានជំរុញឱ្យមានតម្រូវការខ្ពស់ជាងមុន អញ្ចឹងតម្លៃកសិកផលរបស់យើងមានភាពប្រកួតប្រជែង អញ្ចឹងពេលខ្លះវៀតណាមគាត់ទិញពីយើងជាជាងគាត់ដាំដុះខ្លួនឯង»។
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានភាពល្អប្រសើរ ប្រទាក់ក្រឡា និងស៊ីជម្រៅ។

លោកសំហេង បូរ៉ា បញ្ជាក់បន្ថែមថា កម្ពុជា និងវៀតណាម អាចនាំចេញផលិតផលមួយចំនួន លើសពីការផ្តល់ឱ្យគ្នាទៅវិញទៅមក ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន តាមរយៈកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ដែលត្រូវបានចុះហត្ថលេខាផ្លូវការជាទៀងទាត់ក្នុងរយៈពេល២ឆ្នាំម្តង។
នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមសម្រេចបានទឹកប្រាក់ ៧,៧៨ ពាន់លានដុល្លារ កើនឡើង ១៨,២% បើធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ប្រមាណ ៣,៦១ ពាន់លានដុល្លារ កើន ២១,៦% និងវៀតណាមនាំចូលមកកម្ពុជាវិញ មានទំហំទឹកប្រាក់ ៤,១៦ ពាន់លានដុល្លារ កើន ១៥,៤%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


