Connect with us

សេដ្ឋកិច្ច

ម៉ាស៊ីនបូមទឹកតម្លើងក្នុងស្រុក កំពុងទទួល​បានការគាំទ្រ ដែលជួយសម្រួលដល់វិស័យកសិកម្ម

បានផុស

នៅ

ម៉ាស៊ីនបូមទឹកដែលតម្លើងដោយស្នាដៃអ្នកខេត្តកំពង់ធំ កំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាកសិករខ្មែរ ខណៈជួយសម្រួលដល់វិស័យកសិកម្មបានច្រើន មិនចាញ់របស់នាំចូលពីប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងវ័យ៣៨ឆ្នាំ ​​លោក អុល ចំណាប់ ជាស្ថាបនិកសិប្បកម្មបច្ចេកវិទ្យាគ្រឿងយន្ត 007Ai ស្ថិតនៅស្រុកស្ទឹងសែន ខេត្តកំពង់ធំ ប្រាប់កម្ពុជាថ្មី បច្ចុប្បន្នសិប្បកម្មរបស់លោក មា​នសមត្ថភាពតម្លើងត្រាក់ទ័រ និងម៉ាស៊ីនបូមទឹកសម្រាប់សម្រួលដាក់លក់លើទីផ្សារ និងក៏បានជួយសម្រួលដល់វិស័យស្រែចម្ការបានច្រើនជាងមុន។

លោក អុល ចំណាប់ បន្តថា ត្រាក់ទ័រ និងម៉ាស៊ីនបូមទឹកតម្លើងក្នុងស្រុកបច្ចុប្បន្ននេះ កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាកសិករខ្មែរ នេះក៏ដោយសារតែគុណភាព និងសមត្ថភាពរបស់វា មានលក្ខណៈពិសេសច្រើនទៅលើការងារស្រែចម្ការ មិនចាញ់របស់នាំចូលពីប្រទេសជិតខាង នោះឡើយ។

ក្រៅពីគុណភាព ទាក់ទងនឹងតម្លៃវិញ ត្រាក់ទ័រ និងម៉ាស៊ីនបូមទឹកតម្លើងក្នុងស្រុក ក៏មានតម្លៃសមរម្យ ងាយស្រួលឱ្យកសិករអាចមានលទ្ធភាពសម្រាប់ទិញយកទៅប្រើប្រាស់ក្នុងការងារកសិកម្ម។

លោក អុល ចំណាប់ បានឱ្យដឹងទៀតថា ចំពោះវត្ថុធាតុដើម សម្រាប់យកមកតម្លើងក្នុងសិប្បកម្មរបស់លោកវិញ ភាគច្រើនគឺនាំចូលពីប្រទេសចិន ជប៉ុន និងអាមេរិក ដោយឈប់បញ្ជាទិញពីប្រទេសថៃតទៅទៀត នេះក៏ព្រោះតែមានជម្លោះរឿងព្រំដែនកម្ពុជា-ថៃ និងស្របពេលដែលប្រជាជនខ្មែរពហិការទំនិញថៃ ផងដែរ។

យ៉ាងណាមិញ ទាក់ទងនឹងម៉ាស៊ីនកសិកម្មដែល លោក អុល ចំណាប់ តម្លើង និងកែច្នៃបានរួមមាន៖​ ម៉ាស៊ីនដាំដំឡូង ម៉ាស៊ីនស្ទូង និងព្រោះស្រូវ និងម៉ាស៊ីនបូមទឹកខ្នាតយក្ស ជាដើម។

ចំពោះទីផ្សារវិញ ម៉ាស៊ីនកសិកម្ម របស់លោក អុល ចំណាប់ នាពេលបច្ចុប្បន្ន កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាកសិករខ្មែរ នៅតាមតំបន់បឹងទន្លេសាប មានដូចជា៖ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ធំ សៀមរាប និងកំពង់ឆ្នាំង ជាដើម។

សិប្បកម្មតម្លើង និងកែច្នៃម៉ាស៊ីនកសិកម្មរបស់លោក អុល ចំណាប់ បានចាប់ផ្ដើមឡើងមកតាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ បច្ចុប្បន្នសិប្បកម្មមួយនេះ មានទីតាំងស្ថិតនៅឃុំបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម