Connect with us

ព័ត៌មានអន្ដរជាតិ

ចិនថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​ជាមួយជប៉ុនរងផលប៉ះពាល់ធ្ងន់ធ្ងរ ជុំវិញវិបត្តិការទូត

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយកាលពីថ្ងៃព្រហស្បតិ៍ (២០ វិច្ឆិកា) ថា កិច្ចសហប្រតិបត្តិការជាមួយ​ប្រទេសជប៉ុន «រងការខូចខាតយ៉ាងធ្ងន់ធ្ងរ» ដោយសារតែសម្ដីរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មីពាក់ព័ន្ធនឹង​បញ្ហាកោះតៃវ៉ាន់ ដែលបណ្ដាលឱ្យ​មាន​ជម្លោះការទូតដ៏ក្ដៅគគុកនៅពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ចិន​នៅតែបន្តទាមទារឱ្យ​ជប៉ុនដកពាក្យដែលខ្លួនបាន​និយាយ បើមិនដូច្នោះទេ នឹងត្រូវជួបផលវិបាក។ នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោកស្រី ​Sanae Takaichi បាន​និយាយនៅដើមខែវិច្ឆិកានេះថា ​ជប៉ុន​អាចដាក់ពង្រាយកងកម្លាំងយោធារបស់ខ្លួនក្នុងករណីមានជម្លោះនៅច្រកសមុទ្រតៃវ៉ាន់។ ​

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​ចិន​ លោក​ He Yongqian បាន​ថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ យ៉ាងដូច្នេះថា៖ «ការ​លើកឡើងដែលខុសឆ្គងដោយបើកចំហរបស់លោកស្រីនាយករដ្ឋមន្ត្រី Takaichi ទាក់ទងនឹងតៃវ៉ាន់ បានធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-ជប៉ុន និងបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី»។

លោកបន្តថា៖ «ប្រសិនបើភាគីជប៉ុននៅតែបន្តធ្វើសកម្មភាពរបស់ខ្លួន ហើយបន្តដើរលើផ្លូវខុស ប្រទេសចិននឹងចាត់វិធានការចាំបាច់ ហើយជប៉ុននឹង​ត្រូវទទួល​ផលវិបាកទាំងអស់​»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរបស់លោកស្រី Takaichi បាននិយាយថា ​សម្ដីរបស់លោកស្រីលើបញ្ហា​កោះតៃវ៉ាន់ មិនបានផ្លាស់ប្តូរគោលនយោបាយជប៉ុនដែលមានស្រាប់នោះទេ។

យោងតាមទិន្នន័យរបស់អង្គការ UN COMTRADE ចិនគឺជាទីផ្សារនាំចេញធំទី២សម្រាប់ការនាំចេញរបស់ជប៉ុន បន្ទាប់ពីសហរដ្ឋអាមេរិក​។ ចិននាំចូលពីជប៉ុន ប្រមាណ ១២៥ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤ ដែលភាគច្រើនជា​គ្រឿង​ឧស្សាហកម្ម ​បន្ទះឈីប​ និងរថយន្ត។

ជប៉ុនអាចនឹងពិបាកក្នុងការស្វែងរកទីផ្សារជំនួស ប្រសិនបើ​ចិនបិទទ្វាររបស់ខ្លួន​មិនទទួល​ទំនិញជប៉ុន។ ទិន្នន័យបង្ហាញថា កូរ៉េខាងត្បូង ដែលជាគោលដៅនាំចេញធំទី៣របស់ជប៉ុន នាំចូលទំនិញជប៉ុនត្រឹមតែ ៤៦ ប៊ីលាន​ដុល្លារប៉ុណ្ណោះ កាលពីឆ្នាំមុន។ ​

កាលពីថ្ងៃពុធ ចំពេលដែល​ជម្លោះការទូតកំពុងបន្ត ចិនបានជូនដំណឹងដល់​ជប៉ុន​ថា ខ្លួននឹងបិទ​ការនាំចូល​គ្រឿង​សមុទ្រជប៉ុនគ្រប់មុខទាំងអស់ ដែលនេះនឹង​ធ្វើឡើងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយ​​ចិនបើកការនាំចូលគ្រឿងសមុទ្រជប៉ុនមួយចំនួនឡើងវិញ ក្រោយបិទការនាំចូល​នៅឆ្នាំ ២០២៣ ជុំវិញក្ដីបារម្ភសុវត្ថិភាពពាក់ព័ន្ធនឹង​កាកសំណល់ពីរោងចក្រ​នុយក្លេអ៊ែរហ្វ៊ូគូហ្សីម៉ា។​

ជាមួយគ្នានោះ ប្រទេសទាំង២ចេញការព្រមាន​ស្ដីពីការធ្វើដំណើរ​សម្រាប់ពលរដ្ឋខ្លួន​ដាក់គ្នាទៅវិញទៅ​មក​​។ សេចក្ដីរាយការណ៍នៅដើមសប្ដាហ៍នេះ បាន​ឱ្យដឹងថា ប្រជាជនចិនបាន​នាំគ្នាលុបជើងហោះហើរទៅជប៉ុនរាប់សែន ស្របពេលដែល​ភ្ញៀវចិន​រួមចំណែកសំខាន់ដល់ទេសចរណ៍ជប៉់ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម