Connect with us

ព័ត៌មានអន្ដរជាតិ

អានុទីន ​បញ្ជាក់ការមិន​ដំឡើងអាករលើតម្លៃបន្ថែម ក្រោយរងការរិះគន់ពីអាជីវកម្មថៃ

បានផុស

នៅ

លោកនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន់វីរៈគុល បានច្រានចោល​ក្ដី​បារម្ភជុំវិញការដំឡើងពន្ធអាករ​លើតម្លៃបន្ថែម (VAT) ដល់ ៨,៥% ដោយទទូចថា អត្រាបច្ចុប្បន្ន ៧% ​នឹង​មិនមានការផ្លាស់ប្ដូរទេ នៅពេលដែលថៃត្រូវស្ដារសេដ្ឋកិច្ចឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់ជំហររបស់លោក អានុទីន ធ្វើឡើងក្រោយ​ក្រុមអាជីវកម្មថៃ ជាពិសេសខាងវិស័យភោជនីយដ្ឋាន បាន​រិះគន់លើគម្រោងដំឡើង VAT ដល់ ៨,៥% ត្រឹមឆ្នាំ ២០២៨ ដោយ​លើកឡើងថា វានឹង​បង្កើនសម្ពាធអតិផរណា និងការចំណាយសម្រាប់់ការរស់នៅរបស់ប្រជាជន។ កន្លងមក រដ្ឋាភិបាលថៃមានគម្រោងដំឡើង VAT ពី ៧% នាពេលបច្ចុប្បន្ន ដល់ ១០% ត្រឹមឆ្នាំ ២០៣០ ដោយ​រំពឹងថា វានឹង​ជួញជំរុញ​ស្ថិរភាពហិរញ្ញវត្ថុជាតិ​។

លោក​បាន​ពន្យល់​ថា តាម​ច្បាប់​ថៃ VAT ​គួរតែ​ត្រូវ​​ប្រមូល​ក្នុង​អត្រា ១០%។ លោក​បាន​និយាយ​ថា ការណ៍ដែលរដ្ឋាភិបាលយក ៧% ជាយូរមកហើយនោះ គឺដោយសារតែករណីលើកលែងដើម្បីឆ្លើយតបទៅនឹងស្ថានភាព​សង្គម និង​សេដ្ឋកិច្ចថៃ ដែលដើរអូសជើង។

លោក អានុទីន បាន​គូសបញ្ជាក់ទៀតថា គម្រោងដំឡើង VAT ដល់ ១០% នៅឆ្នាំ ២០៣០ គឺជាផ្នែកមួយនៃគម្រោង​សារពើពន្ធរយៈពេលវែង ដែលស្របតាមតម្រូវការផ្នែកច្បាប់។ លោក​បានបន្ថែមថា៖ «តាមពិតទៅ មិនចាំបាច់ព្រួយបារម្ភទេ។ យើងនឹងមិនមានការដំឡើងអាការលើតម្លៃបន្ថែម នៅពេលនេះទេ»។

ដោយ​បញ្ជាក់នូវជំហរ «មិនដំឡើងដាច់ខាត» នាពេលបច្ចុប្បន្ន លោក អានុទីន និយាយថា ប្រទេសថៃ​ កំពុង​ស្ថិត​នៅក្នុងដំណាក់កាល​ស្ដារសេដ្ឋកិច្ច​ឡើង​វិញ និង​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​នៅ​លើ​ឆាក​ពិភពលោក។

ថ្មីៗនេះ​ ឧស្សាហកម្មភោជនីយដ្ឋានថៃ បានសម្តែងការព្រួយបារម្ភចំពោះសំណើរបស់រដ្ឋាភិបាលក្នុងការដំឡើង​ VAT​ ដោយព្រមានថា វានឹងដាក់បន្ទុកលើសលប់លើអាជីវកម្ម និងជំរុញអតិផរណា​ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការចំណាយលើការរស់នៅរបស់សាធារណជន។

លោក Sorathep Rojpotjanaruch ប្រធានក្លឹបអាជីវកម្មភោជនីយដ្ឋាន បានទទួលស្គាល់ពីតម្រូវការសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ ប៉ុន្តែបានជំរុញឱ្យគណៈរដ្ឋមន្ត្រីថៃ ពិចារណាឡើងវិញអំពីការដំឡើង VAT សម្រាប់វិស័យជាក់លាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម