Connect with us

ព័ត៌មានអន្ដរជាតិ

McDonald’s គ្រោងបើកហាងថ្មី ១០០ កន្លែង នៅម៉ាឡេស៊ី ក្នុងទំហំវិនិយោគជាង ២៥០ លាន​ដុល្លារ

បានផុស

នៅ

ក្រុមហ៊ុនហាងអាហាររហ័ស McDonald’s ​នៅ​​ម៉ាឡេស៊ី គ្រោងបញ្ចេញទុនវិនិយោគ ២៥៤ លាន​ដុល្លារ ក្នុងរយៈពេល ៧ ឆ្នាំទៅមុខ ដើម្បីបើកហាងថ្មីចំនួន ១០០ កន្លែង នៅទូទាំងប្រទេស​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​រដ្ឋ Bernama កាលពីពេលថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Datuk Azmir Jaafar នាយកគ្រប់គ្រង និងជាដៃគូប្រតិបត្តិការក្នុងស្រុករបស់ McDonald’s បានថ្លែងថា ការវិនិយោគដែលបានគ្រោងទុកនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍកម្លាំងពលកម្មម៉ាឡេស៊ី ខណៈ​ពង្រីកវិសាលភាព​ហាងអាហាររហ័សរបស់ខ្លួនទូទាំងប្រទេស។

លោក​​បន្តថា ៦០% នៃ​ថវិកា ​នឹង​ត្រូវ​បាន​បែងចែក​សម្រាប់​ការ​បើក​ហាង​ថ្មីៗ ខណៈ​​ ២០% នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ជួសជុល និង​ធ្វើ​ទំនើបកម្ម​​ហាង​ McDonald’s ជាង ១៥០ កន្លែង​នៅ​​ម៉ាឡេស៊ី និង ២០% ទៀត​សម្រាប់​គំនិត​ផ្តួចផ្តើម​បច្ចេកវិទ្យា និង​ឌីជីថល។

លោក Azmir បាននិយាយថា ក្រុមហ៊ុននឹងបន្តពង្រីកខ្លួននៅរដ្ឋ​ Sabah និង Sarawak ក៏ដូចជានៅទូទាំងឧបទ្វីបម៉ាឡេ​ ដោយផ្តោតលើទីតាំងដែលមានតម្រូវការខ្ពស់ និង​ទិសដៅ​ទេសចរណ៍។ លោក​ថ្លែង​យ៉ាងដូច្នេះថា៖ «យើងឃើញសក្តានុពលកំណើនគួរឱ្យកត់សម្គាល់នៅ Sabah និង Sarawak ដោយសារនៅតែមានទីក្រុងជាច្រើនដែល​ហាង​ McDonald’s»។​

គម្រោងវិនិយោគរបស់ McDonald’s រំពឹង​នឹង​បង្កើតការងារថ្មីជាង ១០ ០០០ កន្លែង ​សម្រាប់ប្រជាជនម៉ាឡេស៊ី ដែលស្របនឹងគោលនយោបាយរបស់ក្រុមហ៊ុនក្នុងការជួលតែកម្មករក្នុងស្រុកប៉ុណ្ណោះ។

គួរគូសបញ្ជាក់ថា បច្ចុប្បន្ន McDonald’s ​ដំណើរការហាងជាង ៣៧០ កន្លែង​នៅទូទាំងប្រទេស។ លោក Azmir បាននិយាយថា ​បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ៤៣ ឆ្នាំនៅម៉ាឡេស៊ី ក្រុមហ៊ុន McDonald’s នៅតែប្តេជ្ញាចិត្តក្នុងការកសាង​ប្រទេសនេះតាមរយៈការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញ ការគាំទ្រដល់អ្នកផ្គត់ផ្គង់ក្នុងស្រុក និងការចូលរួមរបស់សហគមន៍។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម