ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះគំហុក មកត្រឹម ៩០ ដុល្លារ/បារ៉ែល ក្រោយអ៊ីរ៉ង់បើកច្រកហ័រមូហ្ស
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះជាគំហុកមកត្រឹមប្រហែល ៩០ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរកាលពីថ្ងៃសុក្រ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍ ក្រោយអ៊ីរ៉ង់បានប្រកាសបើកច្រកហ័រមូហ្សសម្រាប់កប៉ាល់ពាណិជ្ជកម្ម ហើយប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់បានព្រមព្រៀងមិនបិទច្រកនេះទៀតឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ៩,០១ ដុល្លារ ឬ ៩,០៧% មកនៅត្រឹម ៩០,៣៨ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរ ហើយនៅចំណុចទាបបំផុតនាថ្ងៃសុក្រ តម្លៃនេះបានធ្លាក់ចុះខ្លាំងដល់ ៨៦,០៩ ដុល្លារ/បារ៉ែល។
ដោយឡែកតម្លៃប្រេងឆៅអាមេរិក ម៉ាក WTI ឯណោះវិញ បានធ្លាក់ចុះ ១០,៤៨ ដុល្លារ ឬ ១១,៤៥% មកនៅត្រឹម ៨៣,៨៥ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរ បន្ទាប់ពីដាំក្បាលចុះដល់កម្រិតទាបបំផុត ៨០,៥៦ ដុល្លារ/បារ៉ែល។
វាគឺជាការធ្លាក់ចុះតម្លៃប្រចាំថ្ងៃដ៏ធំបំផុតរាប់តាំងពីថ្ងៃទី ៨ ខែមេសា ដោយអ្នកវិភាគទីផ្សារគូសភ្ជាប់ទៅនឹងភាពស្រាកស្រាន្តនៃជម្លោះរវាងអ៊ីស្រាអែល អាមេរិក និងអ៊ីរ៉ង់ ដែលបង្កការបិទច្រកហ័រមូហ្សនាពេលកន្លងមក។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់រ៉យទ័រនៅថ្ងៃសុក្រថា កប៉ាល់ទាំងអស់អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សបាន ប៉ុន្តែត្រូវសម្របសម្រួលជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។
គិតត្រឹមថ្ងៃសៅរ៍ កប៉ាល់ប្រហែល ២០ គ្រឿង កំពុងធ្វើដំណើរពីឈូងសមុទ្រពែរ្សឆ្ពោះទៅច្រកសមុទ្រហ័រមូហ្ស។ នេះបើតាមរ៉យទ័រ ដែលស្រង់ព័ត៌មានពីក្រុមហ៊ុនតាមដានទិន្នន័យនាវាចរណ៍អន្តរជាតិ។
មានសេចក្ដីរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទទួលបានវឌ្ឍនភាពក្នុងការចរចាលើអនុស្សរណៈយោគយល់គ្នាចំនួន ៣ ទំព័រ ដើម្បីបញ្ចប់សង្គ្រាម។ ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការវិវត្តចុងក្រោយផងដែរនោះ មន្រ្តីអ៊ីរ៉ង់នៅតែបញ្ជាក់ថា ច្រកសមុទ្រហ័រមូហ្ស នឹងបន្តបើកតែក្នុងអំឡុងបទឈប់បាញ់រយៈពេល២សប្តាហ៍ និងក្រោមលក្ខខណ្ឌជាក់លាក់ប៉ុណ្ណោះ ហើយមិនបើកឡើយសម្រាប់កប៉ាល់ទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងកងកម្លាំងអមិត្តឡើយ ខណៈលោក ត្រាំ បានបញ្ជាក់ថា ការបិទខ្ទប់របស់អាមេរិកនៅតែបន្តជាធរមាន។
ទោះបីជាមានសុទិដ្ឋិនិយមលើដំណើរឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្ដិភាព ដូចការអះអាងរបស់លោក ត្រាំ ក្ដី អ្នកវិភាគទីផ្សារនៅតែមើលឃើញពីអស្ថិរភាពសម្រាប់តម្លៃប្រេងអន្តរជាតិ ដោយថា វានឹងផ្អែកលើការវិវត្តប្រចាំថ្ងៃបន្ថែមទៀត។ អ្នកខ្លះព្រួយបារម្ភថា ស្ថានភាពស្រាកស្រាន្តបច្ចុប្បន្ន មានទម្រង់ជាបណ្ដោះអាសន្ន ដោយដំណោះស្រាយរយៈពេលវែងស្ថិតនៅក្នុងភាពមិនប្រាកដប្រជា ដែលបង្ហាញថា ហានិភ័យសម្រាប់ការផ្គត់ផ្គង់ប្រេងនៅតែខ្ពស់ ទោះបីជាតម្លៃប្រេងធ្លាក់ចុះកាលពីថ្ងៃសុក្រក្ដី៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


