Connect with us

សេដ្ឋកិច្ច

ចិន សន្យាជួយជំរុញឧស្សាហកម្មកាត់ដេរ នៅកម្ពុជា

បានផុស

នៅ

គណៈប្រតិភូឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពរបស់ចិនបានសន្យាថា នឹងខិតខំជំរុញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) ពិសេស ឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ ឱ្យអ្នកវិនិយោគមកបណ្តាក់​ទុននៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទទី ២២ មេសា ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពរបស់ចិន ដឹកនាំដោយលោក លី លីងសិន (Li Lingshen) អនុប្រធានក្រុមប្រឹក្សាវាយនភណ្ឌ និងសម្លៀកបំពាក់ជាតិចិន។

សមាជិកនៃសមាគមដែលមានវត្តមាននាពេលនេះគឺសុទ្ធតែជាក្រុមហ៊ុនឈានមុខក្នុងឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌមកពីខេត្តជាំងស៊ូ ចឺជាំង និងក្វាងទុង ប្រទេសចិន។

លោកអគ្គលេខាធិការបានកត់សម្គាល់ពីបរិស្ថានវិនិយោគនៅកម្ពុជា, កំណើនវិនិយោគចិននៅកម្ពុជា និងទំហំពាណិជ្ជកម្មកម្ពុជា-ចិន ហើយលោកក៏បានលើកទ្បើងពីការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិស្ថានវិនិយោគដើម្បីទាក់​ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

អគ្គលេខាធិការក៏បានបង្ហាញពីក្តីកង្វល់ពីហានិយភ័យនៃការបំពុលបរិស្ថាន ត្បិតផលិតកម្មនៃវិស័យនេះមានវេទយិតភាពខ្ពស់ដល់ការបំពុលបរិស្ថាន។

អគ្គលេខាធិការបានចែករំលែកពីគំនិតផ្តួចផ្តើមក្នុងការសិក្សាកំណត់ទីតាំង (zoning) សម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌ ដែលនឹងអាចគ្រប់គ្រងបញ្ហាបំពុលបរិស្ថានឱ្យបានជាអតិបរមា។

លោក លី លីងសិន បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការពីឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ នៅប្រទេសចិន ដែលឧស្សាហកម្មនេះបច្ចុប្បន្នបាននិងកំពុងតែធ្វើការសិក្សាស្វែងរកកាលានុវត្តភាពវិនិយោគនៅក្រៅប្រទេស ហើយបានសម្លឹងឃើញ កម្ពុជាជាគោលដៅមួយដែលមានភាពអំណោយផលបំផុត ព្រោះកម្ពុជារក្សាបាននូវសុខសន្តិ​ភាព ស្ថិរភាពនយោបាយ និងរបបលើកទឹកចិត្តវិនិយោគមានភាពប្រកួតប្រជែងខ្ពស់។

លោកបានទទួលស្គាល់ពីការហានិភ័យនៃការបំពុលបរិស្ថានដែលបណ្តាលមកពីផលិតកម្មនៃឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពនេះ ប៉ុន្តែឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំនៅប្រទេសចិន ក្រុមហ៊ុនសមាជិកសមាគមមានការយកចិត្តទុក​ដាក់ខ្ពស់ និងមានបច្ចេកវិទ្យាទំនើបដើម្បីដោះស្រាយបញ្ហានេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម