Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាមជាមួយធម្មជាតិ! បារាំង កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃធំបំផុត ខណៈមនុស្សរាប់សែននាក់ ត្រូវជម្លៀស

បានផុស

នៅ

ប្រទេសបារាំង កំពុងច្បាំងក្នុងសង្គ្រាមជាមួយធម្មជាតិដ៏កាចសាហាវ ដោយភ្លើងឆេះព្រៃ បានឆាបឆេះរាលដាលក្នុងកម្រិតធ្ងន់ធ្ងរបំផុត ឈានដល់ការប្រកាសអាសន្ន និងជម្លៀសមនុស្ស រាប់សែននាក់។

(រូប៖ Reuters)

ក្នុងសភាពដ៏អាក្រក់បំផុត ជាប្រវត្តិសាស្រ្ត! អគ្គិភ័យកំពុងគំរាមកំហែងទីក្រុង និងតំបន់នានា ជាពិសេសនៅ Bordeaux ដែលភ្លើង រាលដាលចូលមកកាន់តែកៀកទៅៗហើយ។

តាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦, ក្នុងទីក្រុង Bordeaux! ផ្សែងខ្មៅខ្មួលខ្មាញ់ ជាមួយនឹងផេះ បានគ្របដណ្តប់ទីក្រុងនេះ ខណៈអគ្គិភ័យ បង្ខំឲ្យជម្លៀសពលរដ្ឋ រាប់សែននាក់ ហើយមជ្ឈមណ្ឌលពិព័រណ៍ធំរបស់ក្រុង Parc des Expositions de Bordeaux ត្រូវយកធ្វើជា ជម្រកបណ្តោះអាសន្ន។

(រូប៖ Reuters)

ចំណែកនៅឧបទ្វីប Cap Ferret និង Arcachon ឯណោះ អាជ្ញាធរ បានជម្លៀសមនុស្សទាំងបង្ខំប្រមាណ ៤០ ០០០ ទៅ ៤៤ ០០០ នាក់ រួចហើយ តាមរថយន្ត និងទូក។

រីឯភូមិ Saumos និងភូមិឋាននានាជុំវិញ បានក្លាយទៅជាភូមិខ្មោច ព្រោះតែភ្លើងបានឆេះកម្ទេច បង្ខំឲ្យមនុស្សរត់ចេញ ប្រែក្លាយទៅជាភាពស្ងាត់ជ្រងំ ខណៈដំបូងឡើយ ទីនោះត្រូវភ្លើងឆេះ ប្រៀបបានឋាននរក។

(រូប៖ Reuters)

ដោយឡែក នៅតំបន់ចម្ការទំពាំងបាយជូរ Gironde វិញ ត្រឹមមួយយប់ថ្ងៃអាទិត្យ មនុស្សរហូតដល់ទៅ ៥៥ ០០០នាក់ ត្រូវជម្លៀសចេញ ព្រោះតែអគ្គិភ័យនេះ។

ដើម្បីប្រយុទ្ធជាមួយគ្រោះកាចនេះ បារាំង បានបញ្ជូនកងអគ្គិភ័យ មានគ្នាជាង ៤ ០០០ នាក់ រួមជាមួយទ័ព ១ ៥០០ នាក់ និងប៉ូលិស ១ ២០០ នាក់ផងដែរ។

(រូប៖ Reuters)

បារាំង បានក្លាយជាប្រទេស រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនៅអឺរ៉ុប ព្រោះតែភ្លើងឆេះព្រៃ ដោយគិតត្រឹមពេលនេះ ផ្ទៃដីព្រៃឈើជាង ១០០ ០០០ ហិកតា ស្មើនឹងទំហំទីក្រុងប៉ារីស ១០ដង ត្រូវឆេះខ្លោច ហើយវាគឺជាភ្លើងឆេះព្រៃដ៏ធំបំផុតមួយ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

ក្រុមអ្នកជំនាញ បានបញ្ជាក់យ៉ាងច្បាស់ថា គ្រោះធម្មជាតិនេះ គឺបណ្តាលមកពីបាតុភូតព្យុះអគ្គី (Fire Whirlwinds) ដែល អាកាសធាតុក្តៅហួតហែង និងខ្យល់បោកបក់ខ្លាំង ធ្វើឲ្យអណ្តាតភ្លើង បង្កើតជា «ព្យុះអគ្គិវិលគួច» បង្កការលំបាកខ្លាំងដល់ក្រុមពន្លត់អគ្គិភ័យ ព្រោះវាឆេះរាលដាលលឿន និងមិនអាចទាយទុកមុនបានឡើយ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម