Connect with us

សេដ្ឋកិច្ច

ការអនុវត្តគម្រោង FMIS នឹងចូលរួមលើកកម្ពស់ ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានតម្លាភាព

បានផុស

នៅ

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការ​ងារ​គ្រប់​គ្រងគម្រោង FMIS មានប្រសាសន៍ថា ការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់​ជាតិហិរញ្ញប្បទាន​ក្នុង​ប្រទេស និងការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគ​សាធារណៈដោយហិរញ្ញប្បទាន​ក្រៅ​​​​ប្រទេសក្នុង FMIS​ នឹងចូលរួមលើក​កម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែ​មានប្រសិទ្ធ​ភាព តម្លាភាព ដោយអនុញ្ញាតឱ្យមានការតាមដានរំហូរអនុម័តតាមដំណាក់កាល, ការទទួល​បាន​ទិន្នន័យ​ចំណាយ និងស្ថានភាពសាច់ប្រាក់ ទាន់ពេលវេលា ព្រមទាំងកាត់​បន្ថយនីតិវិធីក្រៅប្រព័ន្ធ និងការប្រើប្រាស់ឯកសារក្រដាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២១ ឧសភា ២០២៦ បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី៖ «ការអនុវត្តចំណាយ​វិនិ​យោគ​ថវិកាថ្នាក់ជាតិ​ហិរញ្ញប្បទានក្នុងប្រទេស និងការកត់ត្រាទិន្នន័យចំណាយ​គម្រោង​វិនិយោគ​សាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេសក្នុង FMIS» ដើម្បីលើកកម្ពស់​ការគ្រប់គ្រង​ថវិកា​វិនិ​យោគ​ ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងថា កម្មវិធីនេះជាផ្នែកមួយនៃផែនការអនុវត្តគម្រោង FMIS ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីគោល​នយោបាយ​អាទិភាព​របស់រាជរដ្ឋាភិបាល ដោយបានចែងច្បាស់នូវចក្ខុវិស័យ ក្នុងការប្រែក្លាយប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយ ដែលផ្តោតលើលទ្ធផល​ ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដា និងឧត្តមានុវត្តន៍។

ក្នុងដំណាក់កាលនេះ ការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស ត្រូវ​បាន​ដាក់ឱ្យអនុវត្តបន្ថែមទៅក្រសួងចំនួន៨ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

តាមរយៈ FMIS ក្រសួង-ស្ថាប័នអាចស្នើសុំធានាចំណាយអនុវត្តកិច្ចលទ្ធកម្ម និងទូទាត់​ចំណាយ​ ​តាមរំហូរអនុម័ត ដែលមានភាពច្បាស់លាស់ និងអាចតាមដានបាន។

ការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈ ដោយហិរញ្ញប្បទាន​ក្រៅប្រទេស នឹងត្រូវ​ដាក់​ឱ្យអនុវត្តបន្ថែមទៅក្រសួង ចំនួន៣ គឺ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួង​សុខា​ភិបាល​ និងក្រសួងធនធានទឹក និងឧតុនិយម។

ការដាក់ឱ្យប្រើប្រាស់ FMIS ក្នុងកិច្ចការនេះ នឹងជួយបញ្ចប់នូវការកត់ត្រាទិន្នន័យបែប​ដាច់​ដោយ​ឡែក តាមឯកសារ ឬ តារាងក្រៅប្រព័ន្ធ និងផ្តល់នូវទិន្នន័យចំណាយពេញលេញ ស្របតាម​គតិយុត្ត​ និងងាយស្រួលសម្រាប់​ការរៀបចំរបាយការណ៍ និងការសម្រេចចិត្តបានឆាប់រហ័ស និងមានភាពសុក្រឹតខ្ពស់។

លោកបណ្ឌិតសភាចារ្យបានអំពាវនាវឱ្យក្រសួង-ស្ថាប័ន និងគ្រប់អង្គភាពពាក់ព័ន្ធ បន្តពង្រឹង​ភាព​ជាម្ចាស់ និងសមត្ថភាពជូនមន្ត្រីទទួលបន្ទុក តាមរយៈការចាត់មន្ត្រីទទួល​បន្ទុកឱ្យចូល​រួមវគ្គ​បណ្តុះបណ្តាល កិច្ចសហការផ្តល់ធាតុចូល និង រួមគ្នាអនុវត្តការងារ ក្នុងស្មារតីតម្កល់ “ឧត្តមនិយម” នៃផលប្រយោជន៍ជាតិ ដើម្បីជំរុញការដាក់ឱ្យប្រើប្រាស់ FMIS ទទួល​បាន​ជោគជ័យ​តាមផែនការ ក្នុងគោលដៅចូលរួមចំណែកធានា​ឱ្យបាននូវការវិនិយោគ​សាធារណៈ ដែល​នាំមកនូវការអភិវឌ្ឍជាតិ ប្រកបដោយចីរភាព និងផ្ដល់ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម