សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ AirAsia និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ ចុះកិច្ចព្រមព្រៀង ជំរុញកំណើនទេសចរណ៍
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) នៅថ្ងៃទី ៣០ ឧសភា ២០២៦ បានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញកំណើនទេសចរណ៍ និងលើកកេរ្តិ៍ឈ្មោះកម្ពុជា លើឆាកអន្តរជាតិ ដោយផ្តោតសំខាន់លើប្រទេសឥណ្ឌា និងអូស្ត្រាលី។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងលោក គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោមអធិបតីភាពរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់ ១០០,០០០ ដុល្លារអាមេរិក ដើម្បីរួមគ្នារៀបចំយុទ្ធសាស្រ្តទីផ្សារ និងអនុវត្តគម្រោងផ្សព្វផ្សាយទៅទីផ្សារអន្តរជាតិ ដែលផ្តោតលើភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងប្រទេសអូស្ត្រាលី។

ក្នុងនោះផងដែរ សកម្មភាពដែលបានគ្រោងទុករួមមាន យុទ្ធនាការឌីជីថល ការផ្សព្វផ្សាយពាណិជ្ជកម្ម ការចូលរួមក្នុងពិព័រណ៍ទេសចរណ៍ និងការរៀបចំដំណើរទស្សនកិច្ច (FAM Trip) សម្រាប់អ្នកបង្កើតមាតិកាអន្តរជាតិ (KOLs) និងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេសទាំងពីរ ដើម្បីស្វែងយល់ពីសក្តានុពលតំបន់ទេសចរណ៍នៅកម្ពុជា។
យុទ្ធនាការផ្សព្វផ្សាយរួមគ្នានេះ នឹងចាប់ផ្តើមចាប់ពីខែឧសភា ឆ្នាំ២០២៦ ដោយបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ទីក្រុងពោរពេញដោយភាពរស់រវើក តំបន់ទេសចរណ៍ធម្មជាតិ និងបទពិសោធន៍ធ្វើដំណើរដ៏ប្លែកអស្ចារ្យរបស់កម្ពុជា ដើម្បីបន្តពង្រឹងភាពលេចធ្លោ នៃកម្ពុជា ទៅកាន់ភ្ញៀវទេសចរអន្តរជាតិ។
លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានមានប្រសាសន៍ថា៖ «អ៊ែរអេស៊ា ខេមបូឌា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូននូវមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសក្នុងតម្លៃសមរម្យ និងងាយស្រួលសម្រាប់អ្នកដំណើរគ្រប់រូប។ ការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការសម្រេចឱ្យបានក្រោមពាក្យស្លោកថា “ប្រជាជនកម្ពុជាគ្រប់រូបអាចហោះហើរបាន” គឺជាបេសកកម្មមួយ ដែលចូលរួមចំណែកដោយផ្ទាល់ស្របតាមចក្ខុវិស័យរយៈវែងរបស់វិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។»

លោកបានបញ្ចាក់បន្ថែមថា «ភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជានេះ គឺជាវឌ្ឍនភាពដ៏សំខាន់មួយ ក្នុងបេសកកម្មរួមគ្នារបស់យើងខ្ញុំ ដើម្បីបង្ហាញពិភពលោកពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងជម្រើសដំណើរកម្សាន្តដ៏សម្បូរបែបរបស់ព្រះរាជាណាចក្រកម្ពុជា។»
លោក គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា មានប្រសាសន៍ថា៖ «ភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដូចជាក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា (AirAsia Cambodia) គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការបន្តពង្រឹងកំណើនទេសចរណ៍ និងភាពប្រកួតប្រជែងជាសកលរបស់កម្ពុជា»។

ការតភ្ជាប់ផ្លូវអាកាសដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែក្នុងការបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការលើកកម្ពស់មុខមាត់ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងមានគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវភាពវិជ្ជមានរបស់កម្ពុជា និងបង្ហាញថាកម្ពុជា ជាគោលដៅទេសចរណ៍ដ៏រស់រវើក ប្រកបដោយភាពទាក់ទាញ ភាពកក់ក្តៅ និងភាពសំបូរបែប។
ក្រៅពីតំបន់បេតិកភណ្ឌដ៏ល្បីល្បាញលើសកលលោក ប្រទេសកម្ពុជាក៏ផ្តល់នូវបទពិសោធទេសចរណ៍ដ៏សំបូរបែបជាច្រើនទៀតដូចជា ទីក្រុងពោរពេញដោយភាពរស់រវើក ការស្វែងយល់ពីវប្បធម៌ទំនៀមទំលាប់ប្រពៃណីពិតប្រាកដ ទេសចរណ៍ធម្មជាតិចម្រុះ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលសាកសមនឹងទទួលបានការទទួលស្គាល់កាន់តែខ្លាំងជាសកល។
លោកបានបន្ថែមថា៖ «តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអាកាសចរណ៍អន្តរជាតិដ៏រឹងមាំ ដូចជាក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា (AirAsia Cambodia) យើងអាចពង្រីកវិសាលភាពនៃការផ្សព្វផ្សាយទៅកាន់ទស្សនិកជនថ្មីៗ បង្កើនទំនុកចិត្តភ្ញៀវទេសចរ និងរួមចំណែកផ្លាស់ប្តូរទស្សនៈអវិជ្ជមាន ដោយបង្ហាញពីមុខមាត់ថ្មីរបស់កម្ពុជា៖ “ទំនើបកម្ម វឌ្ឍនភាព និងការច្នៃប្រឌិត” ទៅកាន់ពិភពលោក»។
យោងតាមអាកាសចរណ៍ស៊ីវិល គិតចាប់ពីខែមករា ដល់ខែមេសា ២០២៦ អ្នកដំណើរជាង ២,៤ លាននាក់ ចេញ-ចូលតាមផ្លូវអាកាសកម្ពុជា ធ្លាក់ចុះ៤% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈជើងហោះហើរមានចំនួនជាង ២ ម៉ឺនជើង (២៣ ២០៤) កើនឡើង ២% និងទំនិញចេញ-ចូលចំនួនជាង ៣០ ពាន់តោន កើនឡើង ៣៦%។
នៅក្នុងឆ្នាំ ២០២៥ កម្ពុជា ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួន ៦៤ ៨២១ ជើង កើនឡើង ១១%, អ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួនជិត ៧ លាននាក់ (៦៩៨៨២៥៩) កើនឡើង ១២%៕

អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


