Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ រំពឹង​នាំអង្ករចេញ​ ១០ ​ម៉ឺនតោន ​ទៅកាន់ទីផ្សារ​ហ្វីលីពីន​នៅឆ្នាំនេះ​

បានផុស

នៅ

កម្ពុជា​រំពឹង​នាំចេញអង្ករ​ប្រមាណ ១០ ​ម៉ឺន ​តោន ​ទៅកាន់​ទីផ្សារ​ប្រទេសហ្វីលីពីន ​នៅក្នុងឆ្នាំ ២០២៦ ​ខណៈសម្រេចបានការនាំចេញប្រមាណ ៦ ​ម៉ឺនតោន រួចមកហើយ ​គិតត្រឹមពាក់កណ្ដាលឆ្នាំនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា ឡាយ ឈុនហួរ ​មានប្រសាសន៍ថា ទីផ្សារអង្ករកម្ពុជា មានការគាំទ្រពីសហគមន៍អឺរ៉ុប ចិន ម៉ាឡេស៊ី ​ខណៈមានកំណើននាំចូលទៅហ្វីលីពីនបានប្រមាណ ៦ ទៅ ៧ ម៉ឺនតោន។​

លោកឧកញ៉ា ឡាយ ឈុនហួរ ​បន្ថែមថា ​នៅឆ្នាំ ២០២៥ ​និង២០២៦ ​ដោយសារ​តែមានទឹក​គ្រប់​គ្រាន់ ​កសិករបានបង្កើនការដាំដុះ ​និង​សមត្ថភាពសម្ងួត ​រួមទាំងការគាំទ្ររបស់រាជ្ឋាភិបាល​ និង​ទីផ្សារអន្តរជាតិ បានធ្វើឱ្យការនាំចេញស្រូវ អង្ករ មានការកើនឡើង។

​យោងតាមសហព័ន្ធស្រូវ​អង្ករ​(CRF) ​កម្ពុជា ​សម្រេច​បាន​ការនាំចេញ​អង្ករ​ចំនួន​ជាង ៥៦ ម៉ឺនតោន (៥៦៨ ៩១២) នៅក្នុងរយៈពេល ៥ ខែ ២០២៦ ​ទៅកាន់គោលដៅចំនួន ៦៣ ដែលសម្រេចបាន​ទំហំទឹក​ប្រាក់ ៣២៧ លានដុល្លារ។ ​

​របាយការណ៍របស់ ​CRF ​បង្ហាញថា នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញ​អង្ករបាន​ចំនួន​ ៥៦៨ ៩១២តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​៣១ ​បានបរិមាណអង្ករចំនួន ១៥៤ ២៥៤ តោន គិតជាទឹកប្រាក់ចំនួន ១០៥.១២​ លានដុល្លារ ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១៦២ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ៩៤.៩២ លានដុល្លារ ប្រទេសក្នុងអាស៊ានចំនួន ៥​ ប្រទេស​បានបរិមាណចំនួន  ២០៨ ៥៩៣ តោន​ គិតជាទឹកប្រាក់ចំនួន ៨៧.៣២ លានដុល្លារ និងទៅកាន់​គោល​ដៅ​ ២៤ ​ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញូហ្សេឡេន បានចំនួន ៤៣ ៩៤០ តោន គិតជាទឹកប្រាក់ចំនួន ៤០​​​​​​​​​​.០៧ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម