ព័ត៌មានអន្ដរជាតិ
ត្រាំ ហៅកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ថាជា «ប្រវត្តិសាស្រ្ត» ដោយអាមេរិកអាចបង្កើនការនាំចេញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានហៅកិច្ចព្រមព្រៀងឥណ្ឌា-សហរដ្ឋអាមេរិកដែលទើបសម្រេចឡើងថ្មីៗនេះ ថាជា «កិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្រ» ដែលនឹងពង្រីកការនាំចេញថាមពលរបស់អាមេរិកជាពិសេសធ្យូងថ្ម ខណៈពង្រឹងចំណងសេដ្ឋកិច្ចទ្វេភាគី។ នេះបើតាមការចុះផ្សាយរបស់កាសែត The Economic Times នាព្រឹកថ្ងៃព្រហស្បតិ៍ (១២ កុម្ភៈ)។

លោក ត្រាំ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា៖ «ឥឡូវនេះ អាមេរិកគឺជាប្រទេសផលិតថាមពលលំដាប់លេខ១នៅលើពិភពលោក។ យើងកំពុងក្លាយជាប្រទេសនាំចេញថាមពលដ៏ធំមួយ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រជាមួយប្រទេសជប៉ុន កូរ៉េ ឥណ្ឌា និងប្រទេសដទៃទៀត ដើម្បីបង្កើនការនាំចេញឱ្យខ្លាំងនូវធ្យូងថ្មរបស់យើង។ គុណភាពធ្យូងថ្មរបស់យើង ត្រូវបានគេទទួលស្គាល់ថាល្អបំផុតគ្រប់កន្លែងក្នុងពិភពលោក»។
ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយអាមេរិកបានចេញផ្សាយក្របខ័ណ្ឌមួយដែលគូសបញ្ជាក់ពីមាគ៌ាឆ្ពោះទៅមុខសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្នជាមួយឥណ្ឌា មុនឈានទៅដល់កិច្ចព្រមព្រៀងធំទូលាយនាពេលខាងមុខ។
ចំណុចស្នូលនៃកិច្ចព្រមព្រៀងបណ្ដោះអាសន្ន គឺការកាត់ពន្ធរបស់អាមេរិកលើទំនិញឥណ្ឌា ពី ៥០% មកត្រឹម ១៨% ដែលគ្របដណ្ដប់លើទំនិញផ្សេងៗដូចជា វាយនភណ្ឌ សម្លៀកបំពាក់ ស្បែក ផ្លាស្ទិច សារធាតុគីមី គ្រឿងតុបតែងផ្ទះ និងគ្រឿងចក្រមួយចំនួន។
ក្នុងពេលជាមួយគ្នានោះ ឥណ្ឌាបានយល់ព្រមលុបបំបាត់ ឬកាត់បន្ថយពន្ធលើផលិតផលឧស្សាហកម្ម ថាមពល និងអាហាររបស់អាមេរិកជាច្រើនប្រភេទ រួមទាំងគ្រាប់ធញ្ញជាតិស្ងួត គ្រាប់ផ្លែឈើ ប្រេងសណ្តែកសៀង ស្រា និងស្រាវីស្គី ខណៈរក្សាពន្ធលើទំនិញកសិកម្ម និងផលិតផលទឹកដោះគោ ដែលងាយរងគ្រោះ ប្រសិនបើឥណ្ឌាបើកការនាំចូលសេរី។
ឥណ្ឌាបានហៅកិច្ចព្រមព្រៀង ថាជាជំហានមួយដែលមានតុល្យភាព និងក្រិតតាមខ្នាតឆ្ពោះទៅរកការពង្រីកពាណិជ្ជកម្មទ្វេភាគីដល់ ៥០០ ប៊ីលានដុល្លារ។ កិច្ចព្រមព្រៀងដដែល ធ្វើឡើងជិតមួយឆ្នាំ ក្រោយការចរចាចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំមុន និងក្រោយអាមេរិកដំឡើងពន្ធជាថ្មីលើឥណ្ឌាដល់ ៥០% ចំពោះការទិញប្រេងរុស្ស៊ី៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


