Connect with us

សេដ្ឋកិច្ច

វិស័យទេសចរណ៍កម្ពុជា រំពឹងថា មាន​កំណើន​ប្រមាណ១៦% ក្នុងឆ្នាំ២០២២ និង២៣% ក្នុងឆ្នាំ២០២៣

បានផុស

នៅ

ផ្អែកតាមការព្យាករណ៍ របស់អង្គការទេសចរណ៍ពិភពលោក (WTO) វិស័យទេសចរណ៍សកល នឹងត្រលប់ទៅរកគន្លងកំណើន ដូចពេលមុនវិបត្តិ នៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២៤ខាងមុខ។ ជាមួយនឹងកិច្ចអន្តរាគមន៍ដ៏សកម្មរបស់រាជរដ្ឋាភិបាល វិស័យទេសចរណ៍កម្ពុជា ត្រូវបានព្យាករណ៍ថា នឹងមានកំណើនប្រមាណ១៦% ក្នុងឆ្នាំ២០២២, និង២៣% ក្នុងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសបានដាក់ដំណើរការជាផ្លូវការ «គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍» ក្នុងកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs)។

លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានថ្លែងថា ក្រសួងទេសចរណ៍ជឿជាក់ថា ការដាក់អនុវត្តន៍គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍ ចំនួន១៥០លានដុល្លារនេះ មិនត្រឹមតែអាចចូលរួមស្ដារឡើងវិញនៅអាជីវកម្មខ្នាតតូច និងមធ្យម ដែលកំពុងមានកង្វះខាតហិរញ្ញប្បទាន ការជួសជុលទីតាំង ឬគុណភាពសេវាកម្ម អាចជួយដល់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យមថ្មី ក្នុងវិស័យទេសចរណ៍ យ៉ាងមានប្រសិទ្ធភាពផងដែរ។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ការងើបឡើងនៃវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចទាំងមូល គឺជាលទ្ធផលនៃការដឹកនាំប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់ និងចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំង, ការដាក់ចេញនូវវិធានការសុខាភិបាល និងរដ្ឋបាលព្រមទាំងវិធានការ អន្តរាគមន៍ ទាន់ពេល និងប្រកបដោយប្រសិទ្ធភាព ដែលអនុញ្ញាតឲ្យមានការបើកដំណើរការទាំងស្រុងឡើងវិញ នូវសកម្មភាពសង្គម-សេដ្ឋកិច្ច កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន»។

លើសពីនេះទៀត លោករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ថា ទោះបីជាវិស័យទេសចរណ៍ បានបង្ហាញនូវសញ្ញានៃការងើបឡើងវិញ គួរឲ្យកត់សម្គាល់ក្តី សហគ្រាសនៅក្នុងវិស័យនេះ នៅបន្តជួបប្រទះនូវបញ្ហា ប្រឈមជាច្រើន ដូចជា ការខ្វះសមត្ថភាពចាប់យកម៉ូដែលអាជីវកម្ម (business model) បែបឌីជីថល, ការស្ថិតនៅក្រៅប្រព័ន្ធរបស់សហគ្រាសភាគច្រើន, ការខ្វះជំនាញបដិសណ្ឋារកិច្ចច្បាស់លាស់, ការខ្វះទុន រួមទាំងទុនបង្វិល និងទុនវិនិយោគ សម្រាប់រក្សាលំនឹង, កែលម្អ និងពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាល ការស្វែងរកនូវដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនេះ គឺជាកត្តាចាំបាច់ ដើម្បីគាំទ្រដល់វិស័យទេសចរណ៍កម្ពុជា ក្នុងការសម្របខ្លួន ទៅនឹងការប្រែប្រួល នៃបរិយាកាសប្រកួតប្រជែងសកល ជាពិសេស ដើម្បីគាំទ្រដល់សហគ្រាសនៅក្នុងវិស័យទេសចរណ៍ ក្នុងការទាញយកផលប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាពនានា ក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម