សេដ្ឋកិច្ច
ពន្ធដារ ប្រមូលចំណូលបានជាង ៣ ពាន់លានដុល្លារ រយៈពេល ១១ខែ ឆ្នាំ ២០២២
កំណើននៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ នៅតែមានស្ថានភាពល្អប្រសើរពីមួយខែទៅមួយខែ។ ជាក់ស្តែងរយៈពេល ១១ ខែ ឆ្នាំ ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំនួន ៣ ២១៤.០៦ លានដុល្លារ ស្មើនឹង ១១៣.៩៩ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ កើនឡើងចំនួន ៦៤៨.១៧ លានដុល្លារ ស្មើនឹង ២៥.២៩ភាគរយ។ នេះបើតាមការបញ្ជាក់របស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែ វិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២២ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ១៣ ធ្នូ។

លោក គង់ វិបុល បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តការងារដោយស្មារីបុរេសកម្ម និងជានិច្ចជាកាលតែងតែបំផុសនូវគំនិតផ្តួចផ្តើមថ្មីៗ ដោយតែងតែគោរពប្រតិបត្តិតាមអភិក្រមទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ព្រមទាំងអភិក្រមការងារ ៤ ប្រការ របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «១.អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ២.អនុវត្តការងារជាក្រុម ៣.អនុវត្តការងារដោយ ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា និង ៤.មិនត្រូវមើលរំលងកំហុសខ្លួនឯង»។

លោកបានបន្តថា អគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ដោយពិនិត្យមើលនូវលទ្ធភាព និងសក្តានុពលនៃប្រភពចំណូល ហើយទន្ទឹមនឹងគ្នានោះត្រូវពិនិត្យលទ្ធភាព ក្នុងការកាត់បន្ថយរាល់ចំណាយ ដែលមិនចាំបាច់ និងអាចគ្រប់គ្រងបាន និងជំរុញការអនុវត្តការងារ តាមរយៈការប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបន្តកែប្រែរដ្ឋបាលសារពើពន្ធទៅជា E-Administration។
បើតាមលោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធ នឹងបន្តពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធ ការឆ្លើយតបចំពោះរាល់សំណើរបស់អ្នកជាប់ពន្ធ តាមរយៈពេលកំណត់នៃស្តង់ដារសេវាសាធារណៈ និងកាត់បន្ថយឱ្យបានជាអតិបរមា នូវការកកស្ទះឯកសារជាយថាហេតុ តាមរយៈការជំរុញឱ្យអ្នកជាប់ពន្ធ និងសាធារណជនប្រើប្រាស់នូវកម្មវិធីពិនិត្យ និងតាមដានឯកសារ (Document Track & Check) ដោយឡែកសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារ គឺជំរុញការពង្រឹងការប្រើប្រាស់នូវប្រព័ន្ធ តាមដាន ឯកសារ (Tracking Document)។
លោកប្តេជ្ញាចិត្តថា «បើទោះជាការកើនឡើង នៃផែនការប្រមូលចំណូលពន្ធ ៧៥២.១៦លានដុល្លារ នេះជាការកើនឡើងខ្ពស់ ហើយអាចនឹងនាំឱ្យការបំពេញបេសកកម្ម របស់អគ្គនាយកដ្ឋានពន្ធដារ មានសភាពតានតឹងកាន់តែខ្លាំង ក៏ខ្ញុំប្ដេជ្ញា និងព្យាយាមឱ្យអស់ពីលទ្ធភាព ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ក្នុងការបំពេញបេសកកម្មប្រមូលចំណូលពន្ធ ដោយមិនរាថយ និងមិនរារែកឡើយ»។
សូមបញ្ជាក់ថា តាមរយៈសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានតម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលឱ្យបាននូវចំណូលពន្ធផ្ទៃក្នុងចំនួន ៣ ៥៧១.៧០លានដុល្លារ កើនឡើង ២៦.៧០% ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូលចំណូលឲ្យបាន ២ ៨១៩.៥៥លានដុល្លារ)៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


