សេដ្ឋកិច្ច
និយ័តករបរធនបាលកិច្ច និងវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ចុះអនុសារណៈយោគយល់គ្នា
និយ័តករបរធនបាលកិច្ច និងវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា បានចុះអនុសារណៈយោគយល់គ្នានៃការយោគយល់ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ បរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា(AIB) ដែលមានចក្ខុវិស័យវែងឆ្ងាយ និងស្មារតីលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមកម្ពុជា តាមរយៈការផ្តល់នូវស្តង់ដារអប់រំដែលមានការទទួលស្គាល់គុណភាពទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ ជាពិសេសលើជំនាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុ និងធុរកិច្ច ជាពិសេសកិច្ចខំប្រឹងប្រែងក្នុង ការស្វះស្វែងរកដៃគួយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ និងពង្រឹងស្តង់ដារអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងការទទួលស្គាល់គុណវុឡិអប់រំ រហូតឈានទៅសម្រេចបាន ការចុះអនុស្សរណៈនៃការយោគយល់គ្នា។

លោកបានចែករំលែកពីគុណប្រយោជន៍ចម្បងៗ នៃយន្តការ ប្រតិបត្តិការបរធនបាលកិច្ច ដែលរួមមាន ៖ ១) ជាថ្នាលបង្កើត និងបង្កើនទំនុកចិត្ត ដល់ភាគីពាក់ព័ន្ធ ទាំងអស់ ជាពិសេសជួយជំរុញ និងទាក់ទាញឱ្យម្ចាស់ទ្រព្យនៅតែសម្រេចចិត្តវិនិយោគ ទោះខ្លួនមិនមាន វត្តមាន ឬមិនអាចឈរឈ្មោះផ្ទាល់ក៏ដោយ, ២) មានអនុលោមភាពតាមច្បាប់ តម្លាភាព និងប្រសិទ្ធភាព- ជាយន្តការមួយផ្តល់នូវភាពត្រឹមត្រូវតាមច្បាប់ ហើយមានប្រសិទ្ធភាព តម្លាភាព និងសុវត្ថិភាពជាងយន្ត ការផ្សេងដែលមានស្រាប់ ( ត្រឹមត្រូវតាមច្បាប់ និងមានការបែងចែកច្បាស់លាស់ អ្នកណាជាម្ចាស់ទ្រព្យ, ជាអ្នកចាត់ចែងជំនួស, និងជាអ្នកទទួលផល) ដែលទាំងនេះជាចំណុចវិនិយោគិនបរទេសចង់បាន) និង ៣) មានភាពបត់បែនខ្ពស់ និងអាចកាត់បន្ថយហានិភ័យប្រតិបត្តិការ។

លោកបន្ថែមថា គិតចាប់ពីការបង្កើតឱ្យមាននិយ័តករបរធនបាលកិច្ច វិស័យបរធនបាលកិច្ចសម្រេចបានសមិទ្ធផល គន្លឹះសំខាន់ៗ ដែលរួមមាន ទី១. បទដ្ឋានគតិយុត្តគន្លឹះសំខាន់ៗសម្រាប់និយ័តកម្មគ្រប់គ្រង ត្រួតពិនិត្យការចុះបញ្ជីបរធនបាលកិច្ច ប្រតិបត្តិការរបស់ប្រតិបត្តិករបរធនបាលកិច្ច និងការរៀបចំ និងការប្រព្រឹត្តទៅ របស់បរធនបាលកិច្ច, ទី២. បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់បានកើនដល់ ចំនួន ៦២០ ករណី ជាមួយនឹងទំហំបរធនប្រមាណជា ១,១៧២,០០០,០០០ ដុល្លារសហរដ្ឋអាម៉េរិក ទី៣. ក្រុមហ៊ុនបរធនបាលចំនួន ៨ បានទទួលអាជ្ញាបណ្ណ/ការអនុញ្ញាតពីន.ប. ធ, ទី៤. ធនាគារចំនួន ១១ ជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក(Escrow Services), ទី៥ បរធនបាល រូបវន្តបុគ្គលចំនួន ៤៦ រូប ទទួលបានអាជ្ញាបណ្ណពី ន. ប.ធ. (ក្នុងនោះ ២៤ រូប បរធនបាលរូបវន្តបុគ្គល ឯករាជ្យ, ២២ រូប បរធនបាលរូបវន្តបុគ្គលនៃក្រុមហ៊ុនបរធនបាល), ទី៦. ក្រុមហ៊ុនវាយតម្លៃចំនួន ១០ ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ឱ្យផ្តល់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច។


លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា បានថ្លែងថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងនិយ័តករបរធនបាលកិច្ចនិង វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបរធនបាលកិច្ច នៅព្រះរាជាណាចក្រកម្ពុជា” ជាចំណងសហប្រតិបត្តិការប្រវត្តិសាស្ត្ររវាងនិយ័តករបរធនបាលកិច្ច និង វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ដែលជាស្ពានដ៏រឹងមំាសម្រាប់ឲ្យក្មួយៗនិស្សិត ឆ្លងទៅទទួលយកចំណេះដឹងថ្មីបន្ថែមដែលពាក់ព័ន្ធនឹងការងារ បរធនបាលកិច្ចនិងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបរធនបាលកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដែលជាវិស័យថ្មីមួយក្នុងការជួយជំរុញលើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិ ។
បច្ចុប្បន្នបរធនបាលកិច្ច មាននាទីសំខាន់ណាស់នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាយើង ។លោកបណ្ឌិតបានអបអរសាទរ និងសូមប្តេជ្ញាសហការអនុវត្តិតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ដោយត្រូវតាំងចិត្តអនុវត្តឲ្យបានច្បាស់លាស់ គ្រប់គ្រាន់ ទាន់ពេល និងមានប្រសិទ្ធិភាពខ្ពស់បំផុត ។
ជាចុងបញ្ចប់លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច វាយតម្លៃខ្ពស់ និងកោតសរសើរសារជាថ្មីដល់ លោកបណ្ឌិត ផុន ណារិន នាយកនៃវិទ្យាស្ថាន AIB ចំពោះភាពជាអ្នកដឹកនាំ និងចក្ខុវិស័យវែងឆ្ងាយ ដែលនឹងនាំមកជូនវិទ្យាស្ថាន តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ ដែលនឹងនាំមកជូនវិទ្យាស្ថាន AIB និងប្អូនៗសិស្ស- និស្សិត នូវ ការទទួលបានពុទ្ធិថ្មីៗបន្ថែមអំពីការអភិវឌ្ឍ និងនិន្នាការក្នុងទីផ្សារ បរធនបាលកិច្ច ដែលជាវិស័យដ៏សំខាន់ថ្មីមួយនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក៍ដូចជាឱកាសក្នុង ការកសាងសមត្ថភាពតាមរយៈការចុះធ្វើកម្មសិក្សា និងដកស្រង់បទពិសោធន៍ការងារផ្ទាល់ជាមួយ ន.ប. ធ. ជាពិសេស សម្រាប់សិស្សនិស្សិតដែលស្រលាញ់ចូលចិត្តជំនាញហិរញ្ញវត្ថុ និងអាជីពការងារដែលពាក់ព័ន្ធនឹង ផ្នែកនេះ នឹងទទួលបានឱកាសកាន់តែច្រើនក្នុងការបង្កើនសមត្ថភាព ភាពប្រកួតប្រជែង និងឱកាស ការងារបន្ថែមដល់ខ្លួនឯងផងដែរ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


