Connect with us

ព័ត៌មានជាតិ

ទៅដល់​ប្រទេស​ស្វីស មេ​ក្រុមហ៊ុន​ធំ​ពីរ​អះអាង​ចំពោះ​មុខ​មេ​​ដឹកនាំ​កម្ពុជា​ នឹង​​មក​វិនិយោគ​នៅ​កម្ពុជា

បានផុស

នៅ

ក្រោយ​ចាកចេញ​ពី​ប្រទេស​បារាំង ដើម្បី​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដាវ៉ូស​ប្រទេស​ស្វីស សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​​បាន​ឆ្លៀត​ពេលដ៏​មមាញឹក​​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ​​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន ដើម្បី​លើក​ពី​ឱកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​​ចំពោះមុខ​មេដឹកនាំ​កម្ពុជា ថ្នាក់ដឹកនាំ​ក្រុមហ៊ុនធំៗ​​មួយ​ចំនួន​ក៏​បង្ហាញ​ឆន្ទៈហើយអះអាង​​ក្នុងការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ។

ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេច​ធិបធី ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​​ការងារ​ជាមួយ​ថ្នាក់ដឹកនាំក្រុមហ៊ុន Shenzhen Power Solution ​ដឹកនាំ​ដោយ​លោកស្រី Xia Li ស្ថាបនិកនិងជាអគ្គនាយិកាក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Xia Li ស្ថាបនិកនិងជាអគ្គនាយិកាក្រុមហ៊ុន Shenzhen Power Solution

ក្នុងជំនួប អគ្គនាយិកាក្រុមហ៊ុន Shenzhen Power Solution បានជម្រាប​ប្រមុខ​ដឹកនាំ​កម្ពុជា​អំពីផលិតផលរបស់ក្រុមហ៊ុន​លើ​ការ​ផលិតឧបករណ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យដែល​មាន​តម្លៃសមរម្យ និង​មានផលប្រយោជន៍ជា​ច្រើន​សម្រាប់ផាសុកភាព និង​តម្រូវការប្រើប្រាស់​ក្នុងជីវភាព​ប្រចាំថ្ងៃ។

​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាននៅប្រទេស​ចិន​ ​ក៏​បានបញ្ជាក់​ចំពោះ​មុខ​នាយករដ្ឋមន្រ្តី​​កម្ពុជា​ពីគោល​​​បំណង​ក្នុងការវិនិយោគ​​បង្កើត​រោងចក្រផលិតឧបករណ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ​នៅប្រទេស​កម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី​នាយករដ្ឋមន្រ្តី​ក៏​ស្វាគមន៍​ចំពោះបំណងរបស់ក្រុមហ៊ុន ​ក្នុងការ​បណ្តាក់​ទុនវិនិយោគនៅកម្ពុជា ជាពិសេសការផលិតឧបករណ៍​អគ្គិសនីដើរ​ដោយ​ថាមពល​ព្រះអាទិត្យ ព្រមទាំងលើកទឹកចិត្តឱ្យ​មានការចាប់ដៃគូសហការ​ជាមួយក្រុមហ៊ុនក្នុងស្រុក​របស់កម្ពុជាដែលចាប់អារម្មណ៍លើគម្រូអាជីវកម្មប្រភេទថ្មីនេះ។

នា​ឱកាស​នោះ​ដែរ សម្តេច​ធិបតី ហ៊ុន ម៉ាណែត ក៏​មាន​ជំនួបជាមួយ​នាយកប្រតិបត្តិ​ក្រុមហ៊ុន HawkEye 360 Inc នា​ឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក​ឆ្នាំ ២០២៤ នៅ​ប្រទេស​ស្វីស។

លោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ក៏​បាន​ជម្រាបអំពីសកម្មភាព​អាជីវកមុ្ម​របស់​ក្រុមហ៊ុនចាប់​តាំងពីពេល​បង្កើតឡើង​រហូត​មក​ដល់​ទទួល​បាន​ជោគជ័យ​ដូច​ពេល​បច្ចុប្បន្ន។

លោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc

នៅ​ចំពោះ​មុខ​នាយករដ្ឋមន្រ្តី​កម្ពុជា​ នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc បាន​បញ្ជាក់​អំពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នៅក្នុងប្រទេសកម្ពុជាលើ​បច្ចេកវិទ្យា​ព័ត៌មាន​លំហភូមិសាស្រ្ត (geospatial information solution)។

ជាការឆ្លើយតបសម្តេចធិបតី​ស្វាគមន៍ និង​​លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន​បន្ត​សិក្សា​លទ្ធភាព​នៅក្នុង​ការវិនិយោគ​​លើ​បច្ចេកវិទ្យាព័ត៌មាន​លំហភូមិសាស្រ្ត​នេះ​។

ដោយឡែក​ក្នុង​ឱកាសចូល​រួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​ក៏​មាន​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ទៀត​។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ជួបពិភាក្សា​​ការងារ​ជាមួយ​លោក Anthony Tan នាយកប្រតិបត្តិនិងជា​សហស្ថាបនិក​ក្រុមហ៊ុន Grab ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ នៅទីក្រុង​ដាវ៉ូស ប្រទេសស្វីស។

លោក Anthony Tan នាយកប្រតិបត្តិនិងជា​សហស្ថាបនិក​ក្រុមហ៊ុន Grab

លោក Anthony Tan បាន​បង្ហាញ​ពី​សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Grab ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១២ ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ឆ្លាតវៃ (Smart phone) ដែល​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន និងការទូទាត់តាមប្រព័ន្ធឌីជីថលសម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។

សព្វថ្ងៃក្រុមហ៊ុន Grab មានវត្តមានអាជីវកម្មនៅក្នុងប្រទេសកម្ពុជា​ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។

សម្តេចធិបតីក៏​បានសម្តែងនូវក្តីរីករាយ​ចំពោះជំនួប​ជាមួយ​លោក​នាយកប្រតិបត្តិ​ក្រុមហ៊ុន Grab និងបានអរគុណ​ចំពោះក្រុមហ៊ុន​ដែល​បណ្តាក់​ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យដឹកជញ្ជូន ដែល​គម្រូ​អាជីវកម្មរបស់ Grab បានចូលរួមចំណែក​យ៉ាងសំខាន់ក្នុងទាក់ទាញ និង​ប្រមូលផ្តុំប្រតិបត្តិករ​ក្រៅ​ប្រព័ន្ធ ជាពិសេស​ផ្នែកដឹកជញ្ជូនឱ្យចូលមកក្នុងថ្នាល​ឌីជីថលរបស់ Grab ដែល​កំពុងតែមាន​ការអភិវឌ្ឍនិងទំនើបកម្មជាលំដាប់។

សម្តេចធិបតីក៏​បានគាំទ្រចំពោះការប្តេជ្ញារបស់ក្រុមហ៊ុន Grab ក្នុងការជំរុញ​អ្នក​ប្រកបអាជីវកម្ម​ដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់​សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួន​ជាប់ជាប្រចាំ។

នៅទីក្រុងដាវ៉ូស​ប្រទេស​ស្វីស សម្តេច​ធិបតី​ក៏​មានជួបពិភាក្សា​​​​ជាមួយថ្នាក់ដឹកនាំ​ក្រុមហ៊ុន Goldman Sachs។

លោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs

ក្រុមហ៊ុន Goldman Sachs Group, Inc. គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ដែលបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ដោយផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់អតិថិជនដ៏ច្រើន និងចម្រុះ ដែលរួមមានសាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល។

អំឡុង​ចូលរួមវេទិកា​សេដ្ឋកិច្ច​ពិភពលោក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏​បាន​ជួបជជែកការងារ​ជាមួយ​​អគ្គនាយិកា​ក្រុមហ៊ុន Trip.com។

លោកស្រី Jane Sun អគ្គនាយិកា​ក្រុមហ៊ុន Trip.com

អាជីវកម្មក្រុមហ៊ុន Trip.com ផ្តោតជាសំខាន់​លើវិស័យទេសចរណ៍។ លោកស្រី Jane Sun អគ្គនាយិកា​ក្រុមហ៊ុន Trip.com បាន​បង្ហាញ​ពី​ដំណើរការអាជីវកម្ម​របស់​ក្រុមហ៊ុន និង​បញ្ជាក់​គោលបំណងក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បី​នាំភ្ញៀវទេសចរ​ឱ្យបានកាន់តែច្រើន​មកទស្សនាប្រទេសកម្ពុជា។

នៅ​ថ្ងៃ​ដដែល សម្តេច​ក៏​បាន​បន្ត​ជួប​ជាមួយថ្នាក់​ដឹកនាំ​ក្រុមហ៊ុន Wilmar International Group ដែល​ជាក្រុមហ៊ុនធុរកិច្ចលើ​វិស័យកសិកម្មឈានមុខគេ​មួយ​នៅអាស៊ី ដែល​​មានមូលដ្ឋាននៅ​ប្រទេស​សិង្ហបុរី​បង្កើតឡើង​តាំង​ពី​​ឆ្នាំ១៩៩១។

លោក Kuok Khoon Hong ប្រធាននិងជា​នាយកប្រតិបត្តិក្រុមហ៊ុន​ Wilmar International Group

ក្រុមហ៊ុន Wilmar International Group ​មានបច្ចេកទេសខ្ពស់ក្នុងផ្នែកកសិកម្ម រាប់ចាប់ពីការ​ដាំដុះ កែច្នៃ វេច​ខ្ជប់ ផ្គត់ផ្គង់ និង​ចែកចាយ​យ៉ាង​ទូលំទូលាយ ដោយ​ផលិតផល​ចម្បងរបស់​ក្រុមហ៊ុន​មានដូចជា៖ ប្រេងដូង ប្រេង​ធុញ្ញជាតិ ម្សៅ និង​ស្ករជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម