សេដ្ឋកិច្ច
វិស័យឯកជនកម្ពុជា-សិង្ហបុរីនឹងចុះអនុស្សរណៈយោគយល់គ្នាដើម្បីជំរុញការដោះដូរពាណិជ្ជកម្ម និងវិនិយោគ
សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈ យោគយល់គ្នាជាមួយសហព័ន្ធធុរកិច្ចសិង្ហបុរី ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម ខណៈដែលប្រទេសនៃប្រជាជាតិអាស៊ានទាំងពីរក៏មានទំនាក់ទំនងជិតស្និតជាមួយគ្នាទាំងការទូតនិងសេដ្ឋកិច្ចផងដែរ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា។
នាឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងចូលរួមវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។
វេទិកានេះសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធធុរកិច្ចសិង្ហបុរី សភាពាណិជ្ជកម្មសិង្ហបុរីនៅកម្ពុជា និងសមាគមអតីតនិស្សិតខ្មែរមកពីសិង្ហបុរី ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ។

វេទិកាធុរកិច្ចនឹងជជែកពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច វិស័យសក្តានុពល និងគោលនយោបាយលើកទឹកចិត្តវិនិយោគ ដោយមានការចូលរួមពីវាគ្មិនជាតំណាងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសទាំងពីរ។ ក្រៅពីការជជែកពិភាក្សា វេទិកានេះក៏នឹងរៀបចំជាជំនួបពាណិជ្ជកម្មរវាងធុរជននៃប្រទេសទាំងពីរផងដែរ។
«សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈ យោគយល់គ្នាជាមួយសហព័ន្ធធុរកិច្ចសិង្ហបុរី ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងសិង្ហបុរី។ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាក៏នឹងជួបប្រជុំធុរកិច្ចជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្កើតទំនាក់ទំនង និងជំរុញធុរកិច្ចរវាងប្រទេសទាំងពីរផងដែរ»។ នេះបើយោងតាមសភាពាណិជ្ជកម្មកម្ពុជា។
ទឹកប្រាក់នៃការនាំចេញ នាំចូលទំនិញរវាងកម្ពុជា-សិង្ហបុរី កាលពីឆ្នាំ២០២៣ មានប្រមាណជិត ៩២០លានដុល្លារ កើនជាង ៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដោយក្នុងនោះទំនិញសិង្ហបុរីនាំមកកម្ពុជា បានមានចំណែកជាង ៩៤ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។

បើតាម GDCE បានឱ្យដឹងថា ប្រទេសសិង្ហបុរីគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៩ របស់កម្ពុជា ដោយក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៩១៧,៤៥លានដុល្លារ កើនឡើង ៧,១ភាគរយធៀបឆ្នាំ២០២២ ដែលមាន ៨៥៦,៩លានដុល្លារ។ ក្នុងចំនួនទឹកប្រាក់នេះ គឺទំនិញកម្ពុជានាំទៅសិង្ហបុរី ៥១,២៣លានដុល្លារ ធ្លាក់ចុះ ៩,៨ភាគរយ និងទំនិញសិង្ហបុរីនាំមកកម្ពុជា ៨៦៦,២២លានដុល្លារ កើន ៨,៣ភាគរយ។
ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យមានទំហំកាន់តែធំ កម្ពុជា និងសិង្ហបុរី កាលពីថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២៣ បានធ្វើពិធីចុះហត្ថលេខាលើ «ពិធីសារទី ២» ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសិង្ហបុរី ស្តីពី«ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល(Double Taxation Agreement-DTA)»៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


