ព័ត៌មានជាតិ
កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន១៩០ ជាមួយទុនជាង ៣,២ពាន់លានដុល្លារក្នុងឆមាសទី១
រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តនូវគម្រោងវិនិយោគ (CDC) ចំនួន ១៩០ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣,២ពាន់លានដុល្លារអាម៉េរិកក្នុងឆមាសទី១កន្លងទៅនេះ និងអាចបង្កើតការងារបានចំនួន ១៦៨ ៥៧២កន្លែង។

យោងតាមសេចក្តីប្រកាសព័ត៌មានពី CDCចេញផ្សាយនៅថ្ងៃទី៥ខែកក្កដានេះ គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមាន ទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក និង ។
«បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក»។ នេះបើតាម CDC។

លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាវិនិយោគកម្ពុជា(CDC) បានថ្លែងក្នុងវេទិកាធុរកិច្ចកាលពីពេលកន្លងមកថា ប្រទេសកម្ពុជាមានសក្តានុពលសេដ្ឋកិច្ច សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។ លោកបន្ថែមថា វិស័យឯកជនជាកម្លាំងចលករដ៏សំខាន់សម្រាប់ការចូលរួមក្នុងការអនុវត្តសេដ្ឋកិច្ចជាតិ។
លោកថ្លែងថា៖«យើងមើលឃើញថា FDI ក្នុងមួយឆ្នាំមានជិត ៤ ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០២០ អាស៊ានបានធ្លាក់ចុះយ៉ាងគំហុកប្រហែល ៤០ភាគរយ ប៉ុន្តែ FDI នៅតែមានស្ថិរភាពសម្រាប់យើងក្នុងរង្វង់ ៣,៦ពាន់លានដុល្លារ»។
បើយោងតាមរបាយការណ៍ថ្មីៗបានពីបញ្ជីតាមដាន ប្រចាំឆ្នាំរបស់ fDi Intelligence កម្ពុជាឈរលើតារាងឈានមុខគេក្នុងបញ្ជីវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ជាមួយនឹងលំហូរការវិនិយោគខ្លាំងដែលរំពឹងទុកនៅឆ្នាំ២០២៤ ដោយសារតែសេដ្ឋកិច្ចស្ទុះងើបវិញដ៏រឹងមាំ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ព្យាករថា នឹងកើនឡើងចំនួន ៦,១ ភាគរយនៅឆ្នាំនេះ។

បើតាមCDCគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសរួមានគម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម នៅ ខេត្តព្រះសីហនុ ក្នុងទុន វិនិយោគប្រមាណ ៥៧៤លានដុល្លារអាម៉េរិក ; គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០ MW តាមរូបភាព (BOT) ស្ថិតនៅ ខេត្តកោះកុង ក្នុងទុនវិនិ យោគប្រមាណជាង ៤៤០លានដុល្លារអាម៉េរិក ;គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងក្នុងខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគ ប្រមាណជាង ១០៨លានដុល្លារអាម៉េរិក ;គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង ១០៧លានដុល្លារ អាម៉េរិក ;គម្រោងវិនិយោគអភិវឌ្ឍស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារអាម៉េរិក ;គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារ;គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ ដើមណូអែល គ្រឿងបង្គំ ដើមណូអែល និងសម្ភារៈបរិក្ខារតុបតែងដើមណូអែលគ្រប់ប្រភេទ នៅ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ២២លានដុល្លារអាម៉េរិក ; និងគម្រោងវិនិយោគសាងសង់សួនកម្សាន្តបែបទំនើប នៅឃុំកោះស្តេច ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ១៤លានដុល្លារអាម៉េរិក ។

ជាមួយគ្នានេះដែរសម្រាប់គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៨គម្រោងរួមមានគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសម្បកកង់រថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង លើកទី១ ក្នុងទុនវិនិយោគ បន្ថែមប្រមាណជាង ២១២លានដុល្លារអាម៉េរិក និងលើកទី២ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ១០៥លានដុល្លារអាម៉េរិក; គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ ក្នុងទុនវិនិយោគ ៦០លានដុល្លារអាម៉េរិក; គម្រោងវិនិយោគផលិតបន្ទះហ្វាំងគ្រប់ប្រភេទ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៣០លានដុល្លារអាម៉េរិក; គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម នៅតំបន់សេដ្ឋកិច្ចពិសេស ជាំង ស៊ូ នៅខេត្តកំពង់ចាម ក្នុងទុនវិនិយោគ ២៥លានដុល្លារអាម៉េរិក; គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគ១៦៨លានដុល្លារអាម៉េរិក; គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៧៥លានដុល្លារអាម៉េរិក; គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តកណ្តាល ក្នុងទុនវិនិយោគ ប្រមាណជាង ៣២លានដុល្លារអាម៉េរិក ;និង គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ១៩លានដុល្លារអាម៉េរិក៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


