ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលថៃកាត់បន្ថយអត្រាការប្រាក់ ០,២៥ ភាគរយ ចំពេលសេដ្ឋកិច្ចបន្តដើរអូសជើង
ធនាគារកណ្ដាលថៃ បានចេញវិធានការគួរឱ្យភ្ញាក់ផ្អើលនាថ្ងៃពុធនេះ ដោយកាត់អត្រាការប្រាក់គោលជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ ចំពេលដែលសេដ្ឋកិច្ចរបស់ប្រទេសស្ថិតនៅក្នុងស្ថានភាពមិនសូវស្រួល ដោយសារតែបំណុលគ្រួសារខ្ពស់ កម្សោយផលិតកម្ម និងការប្រើប្រាស់ និងភាពរឹងមាំនៃប្រាក់បាត។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃបានបោះឆ្នោតគាំទ្រក្នុងសម្លេង ៥ ទល់នឹង ២ ដើម្បីកាត់បន្ថយអត្រា «Repo Rate» (អត្រាដែលធនាគារកណ្ដាលគិតលើកម្ចីសម្រាប់ធនាគារពាណិជ្ជដើម្បីដោះដូរមូលបត្រ) ប្រមាណ ២៥ ពិន្ទុ ពោលគឺ ០,២៥ ភាគរយ ឱ្យមកនៅត្រឹម ២,២៥ ភាគរយ។
អត្រា «Repo Rate» របស់ធនាគារកណ្ដាលថៃ បានស្ថិតនៅកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំ (២,៥០ ភាគរយ) រាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៣ មកម្ល៉េះ។ ធនាគារដដែលបានកាត់បន្ថយអត្រាការប្រាក់ជាលើកចុងក្រោយ តាំងតែពីខែឧសភា ឆ្នាំ ២០២០។
ការបោះជំហានដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ធនាគារកណ្ដាលថៃនាពេលនេះ ធ្វើឡើងក្រោយរដ្ឋាភិបាលថៃ ដែលដឹកនាំដោយគណបក្សភឿថៃ រដ្ឋមន្រ្តី ក៏ដូចជាស្ថាប័នផ្សេងៗ បានទទូចទាមទាររាប់ខែ ឱ្យធនាគារកាត់បន្ថយអត្រាការប្រាក់ ប៉ុន្តែរងការជំទាស់។ រដ្ឋាភិបាលលើកឡើងនាពេលកន្លងមកថា ការកាត់បន្ថយអត្រាការប្រាក់មានសារៈសំខាន់ ក្នុងការជួញសម្រួលលើថ្លៃប្រាក់កម្ចី ដើម្បីជួយជំរុញសេដ្ឋកិច្ចដែលកំពុងបន្តដើរអូសជើង។
ចំណែកឯប្រធានសភាពាណិជ្ជកម្មថៃ លោក Sanan Angubolkul បានថ្លែងកាលពីសប្ដាហ៍មុនថា ការចំណាយតិចលើអត្រាការប្រាក់នៃកម្ចី នឹងជួយអាជីវកម្មថៃដែលកំពុងប្រឈមនឹងការចំណាយខ្ពស់ និងប្រាក់បាតដ៏រឹងមាំ ដែលប៉ះពាល់ដល់ការនាំចេញរបស់ថៃ។
ជាមួយគ្នានោះ ក៏មានមន្រ្តីថៃជាច្រើនធ្លាប់បានជំរុញការកាត់អត្រាការប្រាក់ផងដែរ ដោយហេតុថា អតិផរណាស្ថិតនៅក្រោមគោលដៅ ១-៣ ភាគរយ របស់ធនាគាររួចទៅហើយនាពេលបច្ចុប្បន្ន។ បើតាមបាងកកប៉ុស្តិ៍ តម្លៃទំនិញប្រើប្រាស់នៅខែសីហាបានកើនឡើង ០,៣៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះបីជាយ៉ាងណាក៏ដោយ ទេសាភិបាលធនាគារកណ្តាលថៃ លោក Sethaput Suthiwartnaruput បានប្រកាន់ជំហរថា អត្រាការប្រាក់ទាបនឹងមិនជួញជំរុញសេដ្ឋកិច្ចខ្លាំង ដូចការធ្វើកំណែទម្រង់រចនាសម្ព័ន្ធធំៗនោះទេ។ ប៉ុន្តែលោកបានគូសបញ្ជាក់ថា ការសម្រេចចិត្តផ្សេងៗទាក់ទងនឹងអត្រាការប្រាក់ នឹងផ្អែកលើទស្សនវិស័យសម្រាប់ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងស្រុក ក៏ដូចជាអតិផរណា។
គួរគូសបញ្ជាក់ថា សេដ្ឋកិច្ចថៃមានកំណើនយឺតយ៉ាវ ដែលរួមចំណែកមួយភាគធំដោយបំណុលគ្រួសារ និងថ្លៃកម្ចីខ្ពស់។ គិតត្រឹមខែមិថុនា ថៃមានបំណុល «គ្រួសារធៀបនឹង GDP» ប្រមាណ ៨៩,៦ ភាគរយ ឬមានបំណុលគ្រួសារគិតជាប្រាក់សុទ្ធ ៤៨៨,៩០ ប៊ីលានដុល្លារ ដែលធ្វើឱ្យថៃក្លាយជាប្រទេសមានបំណុលគ្រួសារច្រើនជាងគេបំផុត១មួយ។
ធនាគារកណ្តាលថៃ បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ របស់ខ្លួន ដល់ ២,៧ ភាគរយ ពីប្រមាណ ២,៦ ភាគរយ ដែលខ្លួនបានព្យាករកាលពីលើកមុន។ កត្តាជំរុញសំខាន់នៃកំណើន រួមមានវិស័យទេសចរណ៍ ការប្រើប្រាស់ឯកជន និងភាពប្រសើរឡើងនៃការនាំចេញ ដែលជំរុញដោយតម្រូវការខ្ពស់នៃអេឡិចត្រូនិក។
យ៉ាងណាមិញ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ នៅតែនិយាយថា ការស្ទុះងើបឡើងវិញមិនស្មើគ្នានៅគ្រប់វិស័យនោះទេ ដោយការតែការនាំចេញផលិតផលមួយចំនួន ផលិតកម្មរោងចក្រ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមកំពុងបន្តរងនូវបញ្ហារចនាសម្ព័ន្ធ។ អ្នកវិភាគពន្យល់ថា កាលណាការប្រាក់ខ្ពស់នៅ នោះនឹងធ្វើឱ្យក្រុមហ៊ុនអាជីវកម្ម ឬបុគ្គល កាត់បន្ថយការខ្ចីទៅវិនិយោគ ឬចំណាយផ្សេងៗ ដែលធ្វើឱ្យតម្រូវការចុះខ្សោយ៕
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តារាចម្រៀងម្នាក់ស្លាប់ ក្រោយចូលម៉ាស្សា៣ដងនៅហាងមួយក្នុងប្រទេស ថៃ