Connect with us

សេដ្ឋកិច្ច

អ្នកនាំពាក្យ៖ តម្លៃស្ពៃក្រញាញ់មានស្ថិរភាព បន្ទាប់ពីបង្កើត​សហគមន៍កសិកម្មទំនើប

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មានប្រសាសន៍ថា ស្ពៃក្រញាញ់ ដាំ និងលក់ចេញផ្ទាល់​ពីសហគមន៍​កសិកម្មទំ​នើប​ត្រាំកក់​ ក្នុងតម្លៃ ២០០០៛ ក្នុងមួយគីឡូក្រាមនៅព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ បានរំលឹកថា៖ «នៅរយៈពេល ៤ខែចុងក្រោយនេះ ថ្លៃស្ពៃក្រញាញ់របស់​សហគមន៍ប្រែប្រួលតែក្នុងរង្វង់១៥០០៛-២០០០៛ តែប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើប្រៀបធៀបទៅនឹងថ្លៃទីផ្សារនៅខាងក្រៅសហគមន៍ ព្រឹកមិញដូចគ្នា ស្ពៃក្រញាញ់​មានតម្លៃ ៥០០៛/គីឡូ។ កាលពីខែមុន ថ្លៃស្ពៃដដែលនេះបានហក់ឡើងរហូតដល់ ៣៥០០៛/គីឡូ ឯណោះ។ តែយើងក៏នៅចាំបានដែរថា មុនពេលដែលសហគមន៍​កសិកម្ម​ទំនើបត្រូវបាន​បង្កើត​កាលពី៥ខែមុន ស្ពៃក្រញាញ់នៅតំបន់នេះបានថ្លៃត្រឹមតែ ៣០០៛/គីឡូទេ»។

បើតាមលោក ឃឹម ហ្វីណង់​ទាំងនេះហើយគឺជាភាពខុសគ្នារវាងទីផ្សារថ្លៃកសិផល​នៃសហគមន៍​កសិកម្មទំនើប និងទីផ្សារ​នៃការធ្វើកសិកម្មជាលក្ខណៈគ្រួសារ។

លោកបញ្ជាក់ថា «លក់មុនដាំ» និងធ្វើផលិតកម្ម​កសិកម្ម​តាមកិច្ចសន្យា ដើម្បីកាត់បន្ថយភាព​ស្រពេចស្រពិលនៃថ្លៃ និងហានិភ័យនៃទីផ្សារ។

បើតាមលោក ឃឹម ហ្វីណង់ ប្រជាកសិករដែលដាំដំណាំស្រូវ បន្លែ ស្វាយចន្ទី ឬម្រេច ដែលតែង​ជួបបញ្ហាប្រឈមនៃទីផ្សារ ខ្វះខាតទុន ឬចង់បានការគាំទ្រផ្នែកបច្ចេកទេសដាំដុះ គួរពិចារណា​ចង​ក្រងផលិ​តជា​សហគមន៍កសិកម្មទំនើប ក្រសួងនឹងផ្តល់ជូនការសម្របសម្រួល។

កាលពីពេលថ្មីៗនេះ លោក ឃឹម ហ្វីណង់ បានជំរុញ និងគាំទ្រលើការប្រើប្រាស់ពូជ​យុទ្ធសាស្ត្ររបស់ខ្លួន និងចូល​រួមចងក្រង​គ្នាជាសហគមន៍កសិកម្មទំនើប ព្រមទាំងជំរុញការវិនិយោគទៅលើការកែច្នៃនៅក្នុងស្រុក និងការ​ពង្រីក​ទីផ្សារនាំចេញកសិផលកែច្នៃរួចទៅក្រៅប្រទេស។

លោក ឃឹម ហ្វីណង់ ថ្លែងថា៖ «យើងចង់បានតម្លៃបន្ថែមពីការនាំចេញរបស់យើងឱ្យបានច្រើនជាងមុន រាល់ថ្ងៃយើងនាំចេញកសិកផលក្នុងទម្រង់ដើម ឆៅ មិនថាស្រូវ ឬចន្ទីទេ ដំឡូងមី ក៏នាំចេញឆៅដែរ យើងគិតថា គ្រាន់តែស្វាយចន្ទីមួយ យើង​បកសំបកហើយនាំចេញ យើងអាចចំណេញបានប្រមាណ ១ ពាន់លានដុល្លារបន្ថែមទៀត ហើយរឿងនេះ រឿងធំ គុណសម្បត្តិ​វានឹងបានទៅដល់សេដ្ឋកិច្ចជាតិតែម្ដង យើងចង់ឱ្យកែច្នៃក្នុងស្រុក ដែលបានបង្កើតការងារបានបន្ថែមក្នុងវិស័យកសិកម្ម ចំណូលពន្ធបានចូលមកក្នុងសេដ្ឋកិច្ច ការងារនេះយើងធ្វើតាមរយៈសហគមន៍កសិកម្មទំនើប»។

យោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៤ កម្ពុជា​បាននាំចេញកសិផលក្នុងតម្លៃសរុបប្រមាណ ៣,៤ពាន់លានដុល្លារ កើនឡើងជិត៥០% ធៀប​នឹងរយៈពេល ដូចគ្នានៅឆ្នាំ ២០២៣៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម