Connect with us

សេដ្ឋកិច្ច

តម្លៃហាងឆេងមាសជាង ៣ ២០០ ដុល្លារ ក្នុងមួយតម្លឹង

បានផុស

នៅ

តម្លៃហាងឆេងមាសមានការកើនឡើងបន្តិចនៅថ្ងៃច័ន្ទសប្ដាហ៍នេះ នៅចំពេលដែលការជួញ​ដូរ​មាស​​​​​មានកំណើននៅមួយរយៈកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ ហាងឆេងមាសមានតម្លៃ ២ ៦៩០ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ស្មើ​នឹង ៣ ២៤០ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៣ ខែមករា ថា នៅក្នុងឆ្នាំ ២០២៥ នៅមានរឿងជាច្រើនដែលត្រូវធ្វើ​របស់សហរដ្ឋអាមេរិក​ដូច​ជា អត្រាការប្រាក់អាមេរិក ដែលជាឱកាសសម្រាប់ទិញ-លក់ មាស។

លោក ឡុង សំណាង បន្តថា ដំណោះស្រាយនៃការនាំចេញ-នាំចូល ដែលលោកដូណាល់ ត្រាំ តែងតែដាក់សម្ពាធពន្ធ ទៅលើបណ្ដាប្រទេសមួយចំនួនដែលនាំទំនិញចូលទៅសហរដ្ឋអាមេរិក ហើយ​មិនធ្វើតាមគោលការណ៍អាមេរិក លោក ត្រាំ នឹងអាចដាក់ពន្ធបន្ថែមទៀត ដោយ​សារ​តែ​ការ​ដាក់​ពន្ធអាចនឹងបង្កើនចំណូលទៅដល់សហរដ្ឋអាមេរិក។

លោក ឡុង សំណាង បន្ថែមថា៖ «សង្គ្រាមពាណិជ្ជកម្មមួយនេះ នឹងអាចកើតឡើងបន្តទៀត ក្នុង​អាណត្តិរបស់លោក ដូណាល់ ត្រាំ ដែលគាត់ពូកែនយោបាយហិរញ្ញវត្ថុ គាត់ពូកែរកស៊ី អញ្ចឹង​គាត់ប្រាកដជាមើលឃើញផលចំណេញច្រើនសម្រាប់អាមេរិក ក្នុងនោះវានឹងក្លាយជា​សម្ពាធ​របស់​ប្រទេសផ្សេងទៀត ហើយតម្លៃហាងឆេងមាស ក៏នឹងឡើងចុះ​ទៅតាម​កត្តា​ទាំង​អស់​នោះ​ផង​ដែរ ដោយសារតែតម្លៃហាងឆេងមាសបានប្រៀបធៀបជាមួយប្រាក់ដុល្លារ ប្រសិនបើប្រាក់​ដុល្លារ​ល្អ​តម្លៃ​​ហាងឆេងមាសនឹងធ្លាក់ចុះ បើដុល្លារមិនល្អតម្លៃមាសនឹងកើនបន្ថែមទៀត ហើយបើភូមិ​សាស្ត្រ​​នយោបាយមិនល្អមាសរឹតតែឡើងទៀត»។

សម្រាប់តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣២៥ ដុល្លារ​ក្នុងមួយជី។

អ្នកស្រី ឈរ ចាន់ណា អាជីវករលក់មាសនៅផ្សាធំថ្មីបានឱ្យដឹងថា សកម្មភាពទិញ-លក់មាស ធ្លាក់​​ចុះ ដោយសារមាសប្រែប្រួលឡើងចុះឆាប់រហ័ស ធ្វើឱ្យអតិថិជនព្រួយបារម្ភ៕

អត្ថបទ៖​ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម