សេដ្ឋកិច្ច
អ្នកជំនាញអះអាងថា កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការរក្សាកំណើននាំចេញទៅទីផ្សារអន្តរជាតិ
អ្នកជំនាញសេដ្ឋកិច្ច និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានលើកឡើងថា កម្ពុជានៅតែអាចរក្សាកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបបាន បើទោះបីការអនុគ្រោះពន្ធមួយចំនួនត្រូវបានកាត់ផ្តាច់ និងមិនទាន់ត្រូវបានកាត់ផ្តាច់ទាំងស្រុងយ៉ាងណាក៏ដោយ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ការរក្សាបាននូវកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺមានកត្តាជាច្រើន ក្នុងនោះតំណែងនៅក្នុងការប្រកួតប្រជែងទីផ្សាររបស់កម្ពុជានៅលើឆាកអន្តរជាតិនៅតែរក្សាបាន ខណៈផលិតភាពរបស់កម្ពុជានៅតែខ្ពស់ដដែល។
ទន្ទឹមនឹងនេះ កម្ពុជាក៏បានក្លាយជាប្រទេសទទួលបានការបញ្ជាទិញខ្ពស់ដដែល បន្ទាប់ពីបណ្តាប្រទេសមួយចំនួនមានវិបត្តិនយោបាយ និងសេដ្ឋកិច្ច ដោយសារភាពចលាចលក្នុងប្រទេស។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់បន្ថែមថា កម្ពុជានៅតែអាចរក្សាកំណើននៃការនាំចេញរបស់ខ្លួនបានល្អ បើទោះបីការកាត់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបមួយចំនួន (EBA) និងទាំងស្រុងរបស់សហរដ្ឋអាមេរិក (GSP) យ៉ាងណាក៏ដោយ ពោលគឺមិនធ្វើឱ្យប៉ះពាល់ការនាំចេញរបស់កម្ពុជាទាំងស្រុងនោះទេ។
លោកបានសង្កត់ធ្ងន់ថា បើទោះបីជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាត្រូវតែត្រៀមខ្លួនដើម្បីរក្សាបាននូវផលិតភាព និងកំណើននៃការនាំចេញរបស់ខ្លួន តាមរយៈការបង្កើនសមត្ថភាពជំនាញរបស់ពលរដ្ឋ ដើម្បីត្រៀមទទួលយកការវិនិយោគបែបថ្មី និងមានទ្រង់ទ្រាយធំជាងមុន។

ចំណែក អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា ក៏បានមើលឃើញដែរថា កម្ពុជាបានត្រៀមខ្លួន និងមានលក្ខណៈសម្បត្តិគ្រប់គ្រន់ក្នុងការរក្សាកំណើននៃការនាំចេញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។
ក្នុងនោះ កម្ពុជាមានយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ២០២២-២០២៧, កម្ពុជាមានវិធានការជាយុទ្ធសាស្ត្រដូចជា៖ ១. ការអភិវឌ្ឍធនធានមនុស្សដើម្បីបង្កើនផលិតភាពការងារ ក៏ដូចជាការបន្តធ្វើអោយប្រសើរឡើងនូវលក្ខខណ្ឌការងារ, ២. ការអភិវឌ្ឍការផលិតវត្ថុជាតុដើមក្នុងស្រុក, ៣. លើកកម្ពស់ការវិនិយោគលើឧស្សាហកម្មគាំទ្រ, និង ៤.ការធ្វើពិពិធកម្មទីផ្សារ។
បន្ថែមពីចំណុចខាងលើ អគ្គលេខាធិការរងនៃសមាគម TAFTAC រូបនេះបន្ថែមថា កម្ពុជាក៏បានធ្វើការយកចិត្តទុកដាក់ជាពិសេសលើអនុលោមភាពផ្នែកសង្គមនិងបរិស្ថានដែលជាការទាមទាររបស់ទីផ្សារអន្តរជាតិ។

រាជរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធបាន និងកំពុងធ្វើការយ៉ាងសកម្មលើការធានាអោយបាននូវចីរភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសរហូតដល់ក្រោយការចាកចេញរបស់កម្ពុជាពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនាឆ្នាំ២០២៩។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%។
ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសបានកើនឡើង ២០.៤ ភាគរយដល់ ៤,៤ ពាន់លានដុល្លារ ពីចំនួន ៣,៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។
អេស្ប៉ាញ និងអាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជានៅក្នុងសហភាពអឺរ៉ុប ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១ ពាន់លានដុល្លារ និង៩១១ លានដុល្លាររៀងៗខ្លួន។
ការនាំចេញដ៏សំខាន់របស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស មានដូចជា វាយនភណ្ឌ ស្បែកជើង កង់ គ្រឿងឧបភោគបរិភោគ អង្ករ និងផលិតផលកសិកម្មផ្សេងទៀត៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?