សេដ្ឋកិច្ច
ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញពីគំនិតផ្តួចផ្តើមក្នុងការបង្កើតសួនឌីជីថលមួយ ដើម្បីគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល និងការកសាងសហគមន៍ឌីជីថលនៅកម្ពុជា។

តាមរយៈបទបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំ ឆ្នាំ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារ លោក ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា សួនឌីជីថលនេះ នឹងក្លាយជាច្រកចេញ-ចូលតែមួយដើម្បីគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល, ផ្តល់ការគាំទ្រកិច្ចការរដ្ឋបាល និងអនុលោមភាព, ផ្សារភ្ជាប់ធុរកិច្ចថ្មីឌីជីថលទៅនឹងឧស្សាហកម្ម និងការអប់រំជំនាញឌីជីថលដោយផ្សារភ្ជាប់នឹងឱកាសការងារ។
លោក ហាក់ សុខហេង បានឱ្យដឹងបន្ថែមថា សួនឌីជីថល នឹងចាប់ដៃគូជាមួយវិទ្យាល័យ សកលវិទ្យាល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក្នុងការដើរតួនាទីជាមជ្ឈមណ្ឌលអប់រំ ដើម្បីជំរុញការអភិវឌ្ឍជំនាញឌីជីថល, ផ្តល់ឱកាសហ្វឹកហាត់ការងារ, ផ្តល់កម្មវិធីបណ្តុះបណ្តាល និងឱកាសការងារដោយផ្ទាល់និងការងារពីចម្ងាយ ព្រមទាំងលើកទឹកចិត្តសិស្សបញ្ចប់ថ្នាក់វិទ្យាល័យ ចាប់យកជំនាញឌីជីថលក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ។
ក្រៅពីនេះ សួនឌីជីថលនេះ ក៏នឹងក្លាយជាមជ្ឈមណ្ឌលទិន្នន័យជាតិទី១ សម្រាប់បំពេញតម្រូវការទាំងវិស័យសាធារណៈនិងឯកជន, ផ្តល់សេវា Data Hosting មួយប្រកបដោយសុវត្ថិភាព ការជឿទុកចិត្ត និងតម្លៃសមរម្យ, ទីស្នាក់ការសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា, ទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាក្នុងតំបន់ និងពិភពលោកមកដាក់ប្រតិបត្តិការនៅកម្ពុជា, ដើរតួនាទីជាច្រកទ្វារសម្រាប់ភ្ជាប់ទៅកាន់ទីផ្សារអាស៊ាន, ផ្តល់ទីកន្លែងតាំងពិព័រណ៍នូវស្នាដៃនវានុវត្តន៍ពីធុរកិច្ចថ្មីឌីជីថល មជ្ឈដ្ឋានសិក្សា អ្នកសិក្សាស្រាវជ្រាវ វិស័យឯកជន និងភ្នាក់ងាររដ្ឋាភិបាលនានា និងផ្តល់ជាទីតាំងសម្រាប់ការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា ដើម្បីជំរុញកិច្ចសហការ និងការចូលរួមពីសាធារណជន។

បើតាមលោក ហាក់ សុខហេង បានបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ កំពុងតែសិក្សាដើម្បីកំណត់ជម្រើសទីតាំងសួនឌីជីថល និងរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។
លោកថា ការបង្កើតសួនឌីជីថល នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជំនាញឌីជីថល ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលគាំទ្រ រួមមាន មជ្ឈមណ្ឌលទិន្នន័យ និងការកសាងសហគម ន៍ឌីជីថលមួយ ក្នុងការទាក់ទាញវិនិយោគិន សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមនៃការបង្កើតសួនឌីជីថលនេះ គឺបន្ទាប់ពីក្រសួងបានសិក្សាពីប្រទេសថៃ គឺគម្រោង Thailand Digital Valley ស្ថិតលើទំហំដីប្រមាណ ១២ ហិកតា ក្នុងខេត្តឈុនបុរី ចម្ងាយ ៨០ គីឡូម៉ែត្រ ពីទីក្រុងបាងកក ដែលគម្រោងនេះ បានចាប់ផ្តើមនៅឆ្នាំ២០១៨ ដោយសម្រេចបាន៦០%។
គម្រោងនេះ បានផ្តល់ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល និងរកសាងសហគមន៍ឌីជីថល និងការលើកចិត្ត ដូចជា ពន្ធសាជីវកម្ម និងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនជាដើម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


