Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីចង់បានអនុបាតពន្ធធៀបនឹង​ GDP​ ក្នុងកម្រិតដូចកម្ពុជា

បានផុស

នៅ

ប្អូនប្រុស​បង្កើត​របស់​ប្រធានាធិបតីឥណ្ឌូណេស៊ី​ ប្រាបូវូ ស៊ូប៊ីយានតូ លោក Hashim Djojohadikusumo បាន​និយាយថា ប្រទេស​ឥណ្ឌូណេស៊ីចង់​សម្រេច​ឱ្យ​បាន​នូវ​អនុបាតពន្ធធៀប​នឹង​ផលិតផលក្នុងស្រុក (GDP) ក្នុងកម្រិតដូចកម្ពុជា​ដែរ។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Jakarta Globe។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទោះបីជាមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ក៏ដោយ ក៏អនុបាតចំណូលពន្ធធៀបនឹង​ GDP របស់​ឥណ្ឌូណេស៊ី នៅ​មានកម្រិតទាបខ្លាំងបើធៀបនឹងប្រទេសជិតខាងអាស៊ាន។

លោក Hashim បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​នៅ​ទីក្រុង​ហ្សាការតា​ កាលពី​ថ្ងៃ​ពុធ ថា​៖ «ឥណ្ឌូណេស៊ីមានអនុបាតពន្ធទាបបំផុតមួយរបស់ពិភពលោក។ ​រដ្ឋាភិបាលនឹងអនុវត្តកម្មវិធីមួយចំនួនក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនអនុបាតចំណូលពីពន្ធ»។

លោក​ Hashim បានបន្តថា​៖ «គោលដៅរបស់យើង គឺឈានដល់កម្រិតរបស់កម្ពុជា [ដែល​មាន​អនុបាតពន្ធ] ១៨ ភាគរយ ខណៈ​របស់យើងមានចន្លោះពី ១២,១-១២,២ ភាគរយ។ ហើយនៅទីបំផុត យើងនឹង [ឈានដល់] កម្រិតរបស់វៀតណាម ប្រហែល ២៣ ភាគរយ»។

គួរគូស​បញ្ជាក់ថា យោងតាមទិន្នន័យចុងក្រោយរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) អនុបាតពន្ធរបស់កម្ពុជាមានត្រឹម ១៤,៧ ភាគរយ ​គិតត្រឹមឆ្នាំ ២០២២ ខណៈ​វៀតណាមមាន ១៩ ភាគរយ។

លោក Hashim ក៏បានប្រាប់វេទិការផងដែរថា ​លោក ប្រាបូវូ ចង់ជំរុញការប្រមូលពន្ធពី «សេដ្ឋកិច្ចស្រមោល» ដែល​សំដៅលើសកម្មភាពសេដ្ឋកិច្ច ដែល​មិន​រាយការណ៍ទៅរដ្ឋាភិបាល ឬ​ជាប់ការបង់ពន្ធ ដូចជាសេដ្ឋកិច្ចក្រៅផ្លូវការជាដើម៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម