សេដ្ឋកិច្ច
សាច់ជ្រូក សាច់មាន់ ទំនងមិនឡើងថ្លៃទៀតទេ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានឱ្យដឹងថា ស្ថានភាពតម្លៃសាច់ជ្រូក មាន់នៅលើទីផ្សារមានភាពល្អប្រសើរ ពោលគឺមិនមានការឡើងថ្លៃនោះទេ នាឱកាសបុណ្យចូលឆ្នាំខ្មែរដែលនឹងជិតចូលមកដល់នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងធ្វើការប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសាខាងមុខនេះ ដែលរាល់ពលរដ្ឋកម្ពុជានឹងធ្វើការជួបជុំក្រុមគ្រួសារនាស្រុកកំណើតរៀងៗខ្លួន និងដើរកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស។
លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ ថា៖«តម្លៃសាច់ជ្រូកប្រហែលជាអាចថេរ មិនអាចឡើងថ្លៃទៀតទេ អ្នកភ័យខ្លាចថាចូលឆ្នាំឡើងថ្លៃ មិនអាចទៀតទេត្បិតអីសមាគមក៏បានរៀបចំថាមិនអោយបងប្អូនយើង អត់អោយឡើងថ្លៃទៀតទេ សុំតម្លៃប៉ុណ្ណឹង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើងគាត់អាចទទួលយកបាន ខណៈការផ្គត់ផ្គង់ជ្រូក និងមាន់ក៏មិនខ្វះទេ»។
បច្ចុប្បន្ន សាច់ជ្រូកនៅលើទីផ្សារមានតម្លៃចាប់ពី ១ ម៉ឺន ៨ ពាន់រៀល ទៅ ២ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ន តម្លៃជ្រូករស់មានការកើនឡើងប្រសើរជាងមុនសម្រាប់កសិករអ្នកចិញ្ចឹម ខណៈតម្លៃនេះ ប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកផ្គត់ផ្គង់សាច់ជ្រូក និងអ្នកបរិភោគនោះទេ។

បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម តម្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀលគឺជាតម្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូកក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេលដែលថ្លៃជ្រូករស់ថយចុះដោយសារមានការចិញ្ចឹមច្រើន។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ក្នុងករណីថ្លៃជ្រូករស់កើនខ្ពស់លើសពីធម្មតា ក្រសួងនឹងចាត់វិធានការឆ្លើយតបជាក់លាក់ ដូចដែលធ្លាប់បានអនុវត្តលើករណីថ្លៃជ្រូករស់ធ្លាក់ចុះផងដែរ។
អ្នកនាំពាក្យរូបនេះ បន្ថែមទៀតថា៖ «កន្លងមក យើងបានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹងការពង្រឹងខ្សែច្រវាក់តម្លៃ និងជួយសម្របសម្រួលផែនការផលិតកម្មឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ ខណៈដែលអ្នកផលិតចង់បានថ្លៃខ្ពស់ ហើយអ្នកបរិភោគចង់បានថ្លៃទាប មានតែការរក្សាស្ថេរភាពថ្លៃកសិផលប៉ុណ្ណោះ ដែលអាចការពារផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងធានាបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា»។
យោងតាមសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជាមានតម្រូវការសាច់ជ្រូកប្រមាណ ៩ ពាន់ក្បាល ក្នុងមួយថ្ងៃនៅទូទាំងប្រទេស៕


អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


