ព័ត៌មានជាតិ
កម្ពុជាបន្តទទួលបានការអនុគ្រោះពន្ធគយក្នុងអត្រាសូនភាគរយសម្រាប់ការនាំចេញទៅប្រទេសវៀតណាម
ក្រសួងពាណិជ្ជកម្មកម្ពុជាបានធ្វើការអំពាវនាវដល់ផលិតករ និងអ្នកនាំចេញទាំងអស់ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារវៀតណាម ខណៈប្រទេសជិតខាងមួយនេះបានអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញដែលមានដើមកំណើតនៅ ប្រទេសកម្ពុជា ចំនួន ២៨បន្ទាត់ពន្ធគយសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី៣ ខែមិថុនា ថាក្រោមកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះ កម្ពុជា ទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញដែលមានដើមកំណើតនៅ ប្រទេសកម្ពុជា ចំនួន ២៨បន្ទាត់ពន្ធគយ ពីសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ ។
ក្រសួងថា៖«ផលិតករ និងអ្នកនាំចេញ អាចធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ទម្រង់ អេស (CO Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញដូចមានក្នុងឧបសម្ព័ន្ធ១ ដើម្បីនាំចេញទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអត្រាអនុគ្រោះពន្ធសូន្យភាគរយ (0%)»។
ជាមួយគ្នានេះដែរ សម្រាប់បរិមាណ មុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ សម្រាប់អនុវត្តឆ្នាំ២០២៥ សូមផលិតករ និងអ្នកនាំចេញ មកដាក់ពាក្យស្នើសុំនៅ ក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ នាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការចាប់ពី ថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥។

កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីខាងលើនេះ អាចទាញយកបានតាម QR Code ខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទសាធារណៈក្រសួងពាណិជ្ជកម្ម លេខ១២៦៦។
ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមសម្រេចបានទឹកប្រាក់ ៧,៧៨ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ កើនឡើង ១៨,២% បើធៀបនឹងឆ្នាំ ២០២៣ ដែលមានទំហំទឹកប្រាក់ជាង ៦,៥៨ ពាន់លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
ទិន្នន័យរបស់ GDCE បង្ហាញថា នៅក្នុងឆ្នាំ ២០២៤ កម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ប្រមាណ ៣,៦១ ពាន់លានដុល្លារ កើន ២១,៦% ធៀបនឹងឆ្នាំ ២០២៣ និងវៀតណាមនាំចូលមកកម្ពុជាវិញ មានទំហំទឹកប្រាក់ ៤,១៦ ពាន់លានដុល្លារ កើន ១៥,៤%។

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងកន្លងមកថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានភាពល្អប្រសើរ ប្រទាក់ក្រឡា និងស៊ីជម្រៅ។
លោក បញ្ជាក់ថា កម្ពុជា និងវៀតណាម អាចនាំចេញផលិតផលមួយចំនួន លើសពីការផ្តល់ឱ្យគ្នាទៅវិញទៅមក ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន តាមរយៈកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ដែលត្រូវបានចុះហត្ថលេខាផ្លូវការជាទៀងទាត់ក្នុងរយៈពេល២ឆ្នាំម្តង។

ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំទៅវៀតណាម រួមមានដូចជា ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ចំណែកវៀតណាម នាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


