សេដ្ឋកិច្ច
ពន្ធបដិការ៖ លោក ដូណាល់ ត្រាំ សម្រេចយកពន្ធលើទំនិញកម្ពុជា ៣៦%
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានសម្រេចយកពន្ធលើរាល់មុខទំនិញនាំចូលពីកម្ពុជាទៅសហរដ្ឋអាមេរិកចំនួន ៣៦% ដែលការប្រកាសពន្ធបដិការលើកនេះ ទាបជាងកាលពីប្រកាសលើកដំបូង ៤៩% បន្ទាប់ពីកម្ពុជាបានចរចាផ្ទាល់ជាមួយភាគីអាមេរិក ២ ដង។

យោងតាមលិខិតរបស់លោក ដូណាល់ ត្រាំ ផ្ញើជូននាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៥ បញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ យើងនឹងអនុវត្តពន្ធ ៣៦% លើមុខទំនិញរបស់កម្ពុជាទាំងអស់ ដែលនាំចូលអាមេរិក»។
លោក ដូណាល់ ត្រាំ ក៏បញ្ជាក់ដែរថា ប្រទេសនានាអាចទទួលបានការកែសម្រួលអត្រាពន្ធ ប្រសិនបើប្រទេសទាំងនោះផ្លាស់ប្ដូរគោលនយោបាយ ពាណិជ្ជកម្មជាមួយអាមេរិក ដូចជាការមិនយកពន្ធចំពោះការនាំចូលទំនិញអាមេរិកជាដើម។
គណៈប្រតិភូកម្ពុជាបានទៅចរចាផ្ទាល់ជាមួយភាគីអាមេរិកចំនួន ២ ដង និងបានពិភាក្សាតាមអនឡាញ ពិនិត្យនូវសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅនេះហើយបានឯកភាពគ្នាលើសេចក្ដីថ្លែងការណ៍រួម លើពន្ធបដិការកម្ពុជា-អាមេរិក។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាប្រាប់សារព័ត៌មាននៅថ្ងៃទី ០៧ ខែកក្កដាម្សិលមិញថា៖ «ដោយសារយើងបានឯកភាពគ្នា ចរចាដោយស្មោះត្រង់ ទើបថ្ងៃ ០៩ ខែកក្កដានេះ ពន្ធយើងមិនមែន ៤៩% ទៀតទេ អត់មានទេ គឺកម្ពុជាជាប្រទេសមួយក្នុងចំណោម ១៨ ប្រទេស ដែលបានចរចារជាមួយសហរដ្ឋអាមេរិក ក្រៅពីហ្នឹងអត់មានទៅចរចាទេ ក្នុងចំណោម ១៨ ប្រទេស យើងក្នុងចំណោម ១០ ទៀត ដែលបានចេញសេចក្ដីថ្លែងការណ៍រួមហើយ អញ្ចឹងថ្ងៃ ០៩ អត់មានអត្រាពន្ធឡើង ៤៩% ទេ»។
ជុំវិញការចរចា កម្ពុជាបានប្រាប់ទៅអាមេរិកថា ឆ្នាំនេះ គឺជាខួបទំនាក់ទំនងកាទូតរវាងកម្ពុជា-អាមេរិក ៧៥ ឆ្នាំ។ ឆ្នាំនេះ រហូតដល់ឆ្នាំ ២០២៧ កម្ពុជាជាប្រទេសសម្របសម្រួលអាស៊ាន និងសហរដ្ឋអាមេរិក។
លោក ស៊ុន ចាន់ថុល បានលើកឡើងថា នៅកម្ពុជារោងចក្រកាត់ដេរ ខោអាវ ស្បែកជើង កាបូប មានប្រជាពលរដ្ឋធ្វើការ ១ លាននាក់ ម្នាក់ចិញ្ចឹមគ្រួសារ ៤ ទៅ ៥ នាក់ ដូច្នេះ ឱ្យសហរដ្ឋអាមេរិកយល់ច្បាស់ បើអត្រាដាក់ពន្ធខ្ពស់ គឺយើងមានបញ្ហា ដូច្នេះត្រូវតែជួយការពារការងារ ១ លាននាក់ បូកទៅចង់ ៥ លាននាក់ បើចិញ្ចឹមបងប្អូនផង។
លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «យើងលើកហើយលើកទៀត ឱ្យគាត់យល់ អំពីតម្រូវការរបស់យើង ដើម្បីឱ្យអត្រាពន្ធទាប ដើម្បីយើងអាចប្រកួតប្រជែង និងទាក់ទាញអ្នកវិនិយោគបន្ថែមទៀត មកបណ្ដាក់ទុននៅកម្ពុជា»។

លោក ដូណាល់ ត្រាំ ប្រធានធិបតីអាមេរិក កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៥ បានប្រកាសដាក់ពន្ធគយបដិការទៅលើប្រទេសជាង១៨០នៅទូទាំងពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរដែលបានដាក់ពន្ធ៤៩%។
ក្រោយពន្ធបដិការ សម្ដេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតទៅកាន់ប្រធានាធិបតីអាមេរិកបង្ហាញពីការប្ដេជ្ញាក្នុងការនាំចូលផលិតផលអាមេរិក និងទម្លាក់ពន្ធគយលើទំនិញអាមេរិក១៩ប្រភេទពី៣៥%មកនៅត្រឹម៥% និងបង្ហាញពីបំណងចរចាជាមួយអាមេរិក។
នៅថ្ងៃទី៩ ខែមេសា អាមេរិកបានសម្រេចព្យួរការអនុវត្តន៍ពន្ធគយបដិការ៩០ថ្ងៃដើម្បីទុកពេលចរចាក្នុងនោះក៏មានប្រទេសកម្ពុជាងផងដែរ។
នៅថ្ងៃទី ១៣-១៥ ខែឧសភា ឆ្នាំ ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបចរចារពន្ធគយបដិការជាមួយអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដោយភាគីកម្ពុជា និងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក យោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើ អត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាពន្ធជុំទី២ ម្តងទៀតនៅសប្ដាហ៍ទី១ ដើមខែមិថុនា ឆ្នាំ ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារកើនឡើង ១១% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លានដុល្លារ កើនឡើង ១១,៤% និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃ ជាង ២៦៤ លានដុល្លារ កើន ២%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


