Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ដំឡើងពន្ធលើឥណ្ឌាដល់ ៥០% ហើយគំរាមចិនដូចគ្នា ជុំវិញការទិញប្រេងរុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបាន​ប្រកាសដំឡើងពន្ធ ២៥ ភាគរយ បន្ថែមពីលើពន្ធ ២៥ ភាគរយ ដែល​មាន​ស្រាប់ លើ​ទំនិញ​នាំចូលពីឥណ្ឌា ដើម្បីជា «ការពិន័យ​» ប្រទេសនេះជុំ​វិញ​ការទិញ​ប្រេង​របស់​រុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកក៏​បាន​គំរាម​ដំឡើងពន្ធថ្មីលើចិន​ផងដែរ​ ចំពោះការទិញ​ប្រេង​រុស្ស៊ីដូចគ្នា ទោះបីជាសង្រ្គាម​ពន្ធចាស់មិនទាន់ដោះស្រាយរួចក៏ដោយ​ក្ដី ដែល​នេះ​គឺជា​កិច្ចប្រឹងប្រែងដាក់គំនាប ឱ្យ​រុស្ស៊ីបញ្ចប់សង្រ្គាម​ឈ្លាន​ពាន​អ៊ុយក្រែន។

ក្នុងអធិបញ្ជាកាលពីថ្ងៃពុធ លោក ត្រាំ បាន​និយាយថា ​ការបន្តសកម្មភាព​យោធារបស់រុស្ស៊ីនៅអ៊ុយក្រែន បង្កើតបានជា «ភាពអាសន្នជាតិ» ​ដូច្នេះហើយ វា «ចាំបាច់ និងសមស្រប» ដើម្បីដាក់ពន្ធបន្ថែមលើ​ឥណ្ឌា ដែលជា​អតិថិជនដ៏សំខាន់នៃផលិតផលប្រេងរបស់​រុស្ស៊ី។

លោក ត្រាំ បានសរសេរ​យ៉ាងដូច្នេះថា៖ «ខ្ញុំឃើញថា រដ្ឋាភិបាលឥណ្ឌាបច្ចុប្បន្នកំពុងនាំចូលប្រេងពីសហព័ន្ធរុស្ស៊ីដោយផ្ទាល់ ឬដោយប្រយោល»។

ពន្ធ ៥០ ភាគរយ នេះ​ ​នឹងចូលជាធរមានក្នុងរយៈពេល ២១ ថ្ងៃបន្ទាប់ពីការប្រកាស ដោយទុកពេល​ដើម្បីឱ្យ​ឥណ្ឌា និងសហរដ្ឋអាមេរិក​សម្រាប់ចរចាគ្នា ខណៈការគំរាមរបស់លោក ត្រាំ បាន​បង្កជាភាព​តានតឹង​ និងភាគស្មុគស្មាញសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំង២រួច​ហើយ​។ ​

ក្រៅតែពីឥណ្ឌា មាន​តែប្រេស៊ីលប៉ុណ្នោះ ដែលរងពន្ធ ៥០ ភាគរយ របស់ ត្រាំ ខណៈប្រទេសទាំង២ សុទ្ធសឹងតែជាសមាជិករបស់អង្គការ BRICS ដឹកនាំដោយ​ចិន និងរុស្ស៊ី។ ​យ៉ាងណាមិញ អ្វីគួរឱ្យកត់សម្គាល់គឺថា ឥណ្ឌា និងប្រេស៊ីល ហាក់មិនចុះញ៉មនឹង​ការគំរាមរបស់លោក ត្រាំ នោះទេ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការបរទេស​ឥណ្ឌា​បាន​​ហៅការដំឡើងពន្ធរបស់ ត្រាំ ថា «អយុត្តិធម៌ មិនសមហេតុផល និង​មិនអាច​បង្ហាញភាព​ត្រឹមត្រូវ»។ ក្រសួងចោទជាសំណួរថា ​ហេតុអ្វីបានជាឥណ្ឌាត្រូវ​រងទណ្ឌកម្ម​ពន្ធបន្ថែម ខណៈ​ប្រទេសនាំចូលប្រេងពីរុស្ស៊ីផ្សេងទៀត​មិន​ទទួល​រង។

កន្លងមក ឥណ្ឌាតែងតែហៅលោកខាងលិច​ រួមទាំងសហភាពអឺរ៉ុប ថា «លាក់ពុធ» ចំពោះ «ការបង្ខំ» ឱ្យ​ខ្លួន​ឈប់ទិញ​ប្រេងរុស្ស៊ី ខណៈពួកគេនៅតែទិញ​ថាមពលពីរុស្ស៊ី។

សេចក្តីថ្លែងការណ៍របស់ក្រសួង​ការបរទេស​ឥណ្ឌា​​កាលពីថ្ងៃពុធដដែល បាននិយាយថា៖ «យើងបានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់យើងលើបញ្ហាទាំងនេះ រួមទាំងការពិតដែលថា ការនាំចូលរបស់យើងគឺផ្អែកលើកត្តាទីផ្សារ និង​ក្នុងគោលបំណង​ការធានាសន្តិសុខថាមពលរបស់ប្រជាជនឥណ្ឌា ចំនួន ១,៤ ប៊ីលាន​នាក់»។ ក្រសួងបន្ថែមថា៖ «ឥណ្ឌានឹងចាត់វិធានការទាំងអស់ដែលចាំបាច់ ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន»។

ក្រៅតែពីឥណ្ឌា លោក​ ត្រាំ បាន​គំរាមបន្ថែមពន្ធដូចគ្នាទៅលើចិន ដែល​ជាអតិថិជនទិញ​ប្រេង​ដ៏ធំរបស់រុស្ស៊ី។ លោកបាន​ប្រាប់អ្នកយកព័ត៌មាន​ ដោយ​មិនបញ្ជាក់ជាលម្អិតថា៖ «វាអាចកើតឡើង​។ ខ្ញុំមិនអាចប្រាប់អ្នកបានទេ។ យើងបានធ្វើវាដាក់ឥណ្ឌា។ យើង​នឹង​ធ្វើដាក់លើ​ប្រទេស២ ឬ៣ ផ្សេងទៀត។ ​ក្នុងចំណោម​នោះ អាច​ជាប្រទេសចិន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម