Connect with us

សេដ្ឋកិច្ច

យន្តហោះខ្នាត A320 ត្រៀមសាកល្បង​ហោះ​ហើរលើកដំបូង នៅព្រលាន 4F តេជោ សប្ដាហ៍ក្រោយ

បានផុស

នៅ

យន្តហោះប្រភេទ Airbus 320 ត្រៀមការហោះហើរសាកល្បងលើកដំបូង​នៅអាកាស​យានដ្ឋាន​អន្តរ​​​​​ជាតិតេជោ នៅថ្ងៃទី ១៥ ខែសីហានេះ ខណៈអាកាសយានដ្ឋានលំដាប់ 4F តម្លៃ ២ ពាន់លានដុល្លារ មួយនេះបានបញ្ចប់ការសាងសង់​ដំ​ណាក់​​​​​កាលទី១​ និងត្រៀមបើកឱ្យ​ដំ​ណើរ​​ការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) មាន​​​ប្រសាសន៍នៅថ្ងៃសុក្រនេះថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានបិទបញ្ចប់ការ​សាងសង់​ទាំង​​ស្រុង និងត្រៀមដាក់ឱ្យដំណើរការនៅថ្ងៃទី ៩ ខែកញ្ញាខាងមុខនេះ។

លោកបញ្ជាក់ថា ក្រុមហ៊ុនហោះហើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានត្រៀមរៀបចំរួច​រាល់​ហើយ ក្នុងការផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោ។

លោកឧកញ៉ា ឆារស៍ វ៉ាន់ បានឱ្យដឹងថា ក្រុមហ៊ុនហោះហើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញទាំងអស់ នឹងផ្ទេរមកព្រលានយន្ត​ហោះតេជោថ្មី ខណៈមានក្រុមហ៊ុនថ្មី២ បន្ថែមទៀត បានចុះហត្ថលេ​ខា​ជា​មួយព្រមលានតេជោ នឹងត្រៀម​ហោះ​ហើរនៅខែកញ្ញាខាងមុខនេះដែរ។

លោកឧកញ៉ា ឆារស៍ វ៉ាន់បន្ថែមថា៖ «បច្ចេកទេសយើងបានធ្វើតេស្តសាកល្បង២ រួចហើយ ហើយ​អាកាសចរស៊ីវិលបានចេញអាជ្ញាបណ្ណរួចហើយដែរ ហើយយើងកំពុងត្រៀមខ្លួនប្រើ A320 ហោះ​ហើរសាកល្បងនៅថ្ងៃទី ១៥ ខែសីហានេះ បន្ទាប់មកក៏មានក្រុមហ៊ុន ២ ទៀត សាកល្បង​ហោះហើរនៅដើមខែ ៩ ផងដែរ»។

វិស័យអាកាសចរណ៍កម្ពុជាកំពុងឈាន​ចូលដល់ដំណាក់កាល​ផ្លាស់ប្តូរទៅកាន់សករាជថ្មី ជាមួយនឹង​ការបើកដំណើរការ​នៅ​ពេលខាងមុខនៃ​អាកាស​យានដ្ឋានអន្តរជាតិតេជោ និងការពង្រីក​បណ្តាញផ្លូវអាកាសអន្តរជាតិរបស់កម្ពុជា ហើយយើង​​មានគោលបំណងដាក់ប្រទេស​កម្ពុជាជា​មជ្ឈ​មណ្ឌលអាកាសចរណ៍ក្នុងតំបន់ដែលឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។

លោក លោក ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា ទោះបីជាមានភាពមិនប្រាកដប្រជា និងការប្រែប្រួល​នៃតម្លៃប្រេងឥន្ធនៈ លើទីផ្សាពិភពលោក និងការកើនឡើងថ្លៃដើមប្រតិបត្តិការ និងជម្លោះក្នុងតំបន់ និងសកលក៏ដោយ ប៉ុន្តែមិនមានការកាត់បន្ថយជើងហោះហើរ ក្នុងរយៈពេល ៦-១២ខែចុងក្រោយនោះទេ, ចំណែកការតភ្ជាប់ថ្មីកំពុងស្ថិតក្រោមការចរចា ដូចជា ឥណ្ឌា មជ្ឈិម​បូព៌ា និងទីក្រុងបន្ទាប់បន្សំរបស់ចិន។

អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោ ត្រូវបានជាប់ ឈ្មោះ ជា សំណង់ស្ថាបត្យ​កម្មដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅ លើពិភពលោក ដោយដាក់ទីតាំង​ព្រលាន​យន្ត​ហោះ​តេជោ​នៅ​ជួរ​មុខនៃការរចនាប្រកប ដោយភាពច្នៃប្រឌិត និងនិរន្តរភាព។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួសអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែល​មាន​សមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលាន​បច្ចុប្បន្ន។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥​កម្ពុជា​ទទួល​បាន​អ្នកដំណើរជាតិ​ និងអន្តរជាតិតាមផ្លូវអាកាសចំនួនជាង ៣,៦៥ លាននាក់ កើនឡើង ២០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករថា ការដឹកជញ្ជូនអ្នកដំណើរ​តាមផ្លូវអាកាស​នឹង​កើនដល់ចំនួន ៧,៥លាននាក់ និងទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ ២០២៥នេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម