ព័ត៌មានអន្ដរជាតិ
វិស័យលក់រាយឥណ្ឌូណេស៊ី រងផលប៉ះពាល់រាប់សិបលានដុល្លារពីបាតុកម្ម
បាតុកម្មកាលពីពេលថ្មីៗនេះនៅរដ្ឋធានីហ្សាកាតា បានធ្វើឱ្យអាជីវកម្មលក់រាយក្នុងទីក្រុងខាតបង់ការលក់គិតជាប្រាក់ប្រហែល ៥០០ ប៊ីលានរូពៀឥណ្ឌូណេស៊ី (៣០ លានដុល្លារ) ចន្លោះពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ១ ខែកញ្ញា។

កាសែត ហ្សាកាតាប៉ុស្តិ៍ បានចុះផ្សាយដោយស្រង់សម្ដីរបស់ប្រធានសមាគមអ្នកលក់រាយរបស់ឥណ្ឌូណេស៊ី (Hippindo) លោក Budihardjo Iduansjah ដែលបានឱ្យដឹងនៅថ្ងៃចន្ទថា៖ «ការគណនារបស់យើងគិតតែក្នុងទីក្រុងហ្សាកាតា បង្ហាញថា ក្នុងរយៈពេល ៥ ថ្ងៃកន្លងមកនេះ ការខាតបង់នៃការលក់អាចមានប្រហែល ៥០០ ប៊ីលានរូពៀ។ ការខាតបង់នេះកើតឡើងដោយសារតែផ្សារមួយចំនួនបានបិទទ្វារទាំងស្រុង ខណៈផ្សារផ្សេងទៀតបានបិទកន្លែងលឿនជាងធម្មតា»។
លោកបានបន្ថែមថា ហាងលក់ទំនិញប្រណីតៗ ហាងលក់សម្លៀកបំពាក់ និងហាងលក់ទំនិញនៅតែឯងៗកណ្ដាលក្រុងហ្សាកាតា បានកត់ត្រាពីការធ្លាក់ចុះខ្លាំងនៃចំនួនភ្ញៀវចូលហាង។ យ៉ាងណាមិញ ក៏មានហាងទំនិញនៅតាមជាយក្រុង ដែលកត់ត្រាពីកំណើននៃការលក់ផងដែរ ដោយសារតែពលរដ្ឋផ្អើលគ្នាទៅទិញទំណិញទុក។
បាតុកម្មក៏បានប៉ះពាល់ដល់ផ្សារប្រពៃណី និងអាជីវកម្មខ្នាតតូចផងដែរ។ ដោយបារម្ភពីសុវត្ថិភាពរបស់អាជីវករក្រោយពីមានការប៉ះទង្គិចគ្នារវាងបាតុករ និងកងកម្លាំងនៅជិតទីស្នាក់ការកណ្តាលរបស់កងកម្លាំងរបស់ Brimob ក្នុងសង្កាត់ Kwitang អាជីវករនៅផ្សារក្បែរនោះបាននាំគ្នាបិទតូប។
សាលារៀន និងសាកលវិទ្យាល័យជាច្រើននៅទូទាំងប្រទេស ជាពិសេសនៅតំបន់ក្រុងហ្សាកាតា បានប្រកាសបន្តការសិក្សាពីផ្ទះ។ ទន្ទឹមនឹងនេះ បារ និងភោជនីយដ្ឋាននានា ក៏បានលុបចោលព្រឹត្តិការណ៍ដែលបានគ្រោងទុក ដោយប្រកាសពីការពន្យារពេល និងការសងថ្លៃសំបុត្រវិញជាដើម ចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាព។

ជុំវិញបញ្ហានេះដូចគ្នា រដ្ឋមន្ត្រីក្រសួងសាធារណការឥណ្ឌូណេស៊ី លោក Dody Hanggodo ឯណោះវិញ បានប៉ាន់ប្រមាណកាលពីថ្ងៃអង្គារថា បាតុកម្មនៅទូទាំងឥណ្ឌូណេស៊ីនាពេលថ្មីៗនេះ បានបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជិត ៩០០ ប៊ីលានរូពៀឥណ្ឌូណេស៊ី (៥៣ លានដុល្លារអាមេរិក) ដោយខេត្តជ្វាខាងកើតទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរបំផុត។
ការខូចខាតបានប៉ះពាល់ដល់បរិក្ខារសាធារណៈជាច្រើន រួមទាំងអគារក្រុមប្រឹក្សាតំណាងរាស្រ្តប្រចាំតំបន់ (DPRD) ច្រកបង់ប្រាក់ ចំណតរថយន្តក្រុង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅទូទាំងប្រទេស។
គួរគូសបញ្ជាក់ថា ការតវ៉ាបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែសីហា ដោយមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅខាងក្រៅសភាប្រឆាំងនឹងប្រាក់ខែសម្រាប់សមាជិកសភា ដែលជិតស្មើ ១០ ដង នៃប្រាក់ឈ្នួលអប្បបរមារបស់ពលរដ្ឋ នៅក្នុងទីក្រុងហ្សាកាតា។ ក្រុមបាតុករក៏បានតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេហៅថា «ឥស្សរជនពុករលួយ» ក្នុងរដ្ឋាភិបាល និងគោលនយោបាយដែលផ្តល់ប្រយោជន៍ដល់ក្រុមហ៊ុនពហុវិស័យ និងយោធាផងដែរ។
ភាពចលាចលនៃបាតុកម្មបានផ្ទុះកាន់តែខ្លាំងឡើង ក្រោយរថពាសដែករបស់ប៉ូលិសឥណ្ឌូណេស៊ីបានបើកបំបុក និងកិនសម្លាប់អ្នកដឹកជញ្ជូនម្នាក់ឈ្មោះ Affan Kurniawan នៅទីក្រុងហ្សាកាតា នាថ្ងៃទី ២៨ ខែសីហា។
ក្រោមការប៉ះទង្គិចជាមួយកងកម្លាំងប្រដាប់អាវុធ ការតវ៉ាជាច្រើនបានក្លាយទៅជាហិង្សា ដែលនាំទៅដល់ការបំផ្លិចបំផ្លាញអគាររដ្ឋាភិបាល កន្លែងវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈ។ យ៉ាងណាមិញ មកទល់ពេលថ្ងៃ ៣ កញ្ញា នេះ បាតុកម្មបានស្ងប់ស្ងាត់ទៅវិញហើយ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


