ឈាមលើវាលខ្សាច់៖ អាហ្វហ្គានីស្ថាន គឺជាមហន្តរាយចុងក្រោយបំផុតនៃគោលនយោបាយបរទេស​ របស់អាមេរិក
Connect with us
Helistar Cambodia - Helicopter Charter Services

អត្ថាធិប្បាយ

ឈាមលើវាលខ្សាច់៖ អាហ្វហ្គានីស្ថាន គឺជាមហន្តរាយចុងក្រោយបំផុតនៃគោលនយោបាយបរទេស​ របស់អាមេរិក

បានផុស

នៅ

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលថ្នាក់នយោបាយអាមេរិកបានធ្វើអន្តរាគមន៍ដោយឥតឈប់ឈរនិងដោយមិនគិតគូរ នៅក្នុងប្រទេសដែលប្រជាជនរបស់ពួកគេ ត្រូវបានគេមើលងាយ។ ហើយជាថ្មីម្តងទៀត ពួកគេត្រូវបានជួយដោយប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ដែលកំពុងស្តីបន្ទោសថា ជ័យជម្នះរបស់ក្រុមតាលីបង់ គឺដោយសារតែអំពើពុករលួយដែលមិនអាចទទួលយកបានរបស់ប្រទេស អាហ្វហ្គានីស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំហំនៃការបរាជ័យរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់។ វាមិនមែនជាបរាជ័យរបស់គណបក្សប្រជាធិបតេយ្យឬគណបក្សសាធារណរដ្ឋទេ ប៉ុន្តែជាបរាជ័យនៃវប្បធម៌នយោបាយអាមេរិក ដែលឆ្លុះបញ្ចាំងពីការខ្វះចំណាប់អារម្មណ៍របស់អ្នកបង្កើតគោលនយោបាយអាមេរិក ក្នុងការស្វែងយល់ពីសង្គមផ្សេងៗ។ ហើយវាជារឿងធម្មតាទៅហើយ។

ស្ទើរតែរាល់អន្តរាគមន៍យោធាអាមេរិកសម័យទំនើប នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ បានចាប់ផ្តើមឥតន័យ។ នៅទសវត្សរ៍ឆ្នាំ១៩៦០ និងដើមទសវត្សរ៍ឆ្នាំ១៩៧០ សហរដ្ឋអាមេរិកបានប្រយុទ្ធនៅឥណ្ឌូចិន វៀតណាម ឡាវនិងកម្ពុជា ហើយនៅទីបំផុតបានដកថយដោយបរាជ័យ បន្ទាប់ពីការសម្លាប់រង្គាលដ៏ឃោរឃៅអស់មួយទសវត្សរ៍។ លោកប្រធានាធិបតី Lyndon B. Johnson ដែលជាអ្នកប្រជាធិបតេយ្យនិងអ្នកស្នងតំណែង Richard Nixon មកពីគណបក្សសាធារណរដ្ឋ បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះរឿងនេះ។

លោក  Richard Nixon

នៅក្នុងរយៈពេលប្រហាក់ប្រហែលគ្នានេះ សហរដ្ឋអាមេរិកបានលើកតម្កើងជនផ្តាច់ការ នៅទូទាំងតំបន់អាមេរិកឡាទីន និងផ្នែកខ្លះនៃទ្វីបអាហ្វ្រិក ហើយផលវិបាកដ៏មហន្តរាយបានអូសបន្លាយពេលអស់ជាច្រើនទសវត្សរ៍។ សូមងាកទៅមើលរបបផ្តាច់ការ Mobutu នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីការធ្វើឃាតគាំទ្រដោយ CIA លើលោក Patrice Lumumba នៅដើមឆ្នាំ១៩៦១ ឬរបបយោធារបស់ឧត្តមសេនីយ៍ Augusto Pinochet នៅប្រទេសឈីលីបន្ទាប់ពីការផ្តួលរំលំគាំទ្រដោយអាមេរិកលើលោក Salvador Allende ក្នុងឆ្នាំ១៩៧៣។

ក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Ronald Reagan បានវាយលុកអាមេរិកកណ្តាល ក្នុងសង្គ្រាម Proxy ដើម្បីរារាំងឬផ្តួលរំលំរដ្ឋាភិបាលឆ្វេងនិយម។ មកទល់បច្ចុប្បន្ន​ តំបន់នេះនៅតែមិនទាន់ស្តារឡើងវិញបាន។

លោក Lyndon B. Johnson

ចាប់តាំងពីឆ្នាំ១៩៧៩មក មជ្ឈិមបូព៌ានិងអាស៊ីខាងលិច បានរងគ្រោះដោយភាពល្ងង់ខ្លៅនិងឃោរឃៅរបស់គោលនយោបាយការបរទេសអាមេរិក។ សង្គ្រាមអាហ្វហ្គានីស្ថានបានចាប់ផ្តើមកាលពី៤២ឆ្នាំមុន ពោលគឺក្នុងឆ្នាំ១៩៧៩ នៅពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Jimmy Carter បានគាំទ្រដោយសម្ងាត់ដល់ពួកជីហាដឥស្លាម ដើម្បីប្រយុទ្ធប្រឆាំងនឹងរបបដែលគាំទ្រដោយសូវៀត។ មិនយូរប៉ុន្មាន ពួក mujahedeen ដែលគាំទ្រដោយ CIA បានជួយបង្កឲ្យមានការឈ្លានពានសូវៀត ដោយដាក់សហភាពសូវៀតទៅក្នុងជម្លោះមួយ ហើយរុញអាហ្វហ្គានីស្ថានឲ្យធ្លាក់ចូលទៅអ្វី ដែលបានក្លាយជាអំពើហិង្សានិងការបង្ហូរឈាមរយៈពេលសែសិបឆ្នាំ។

នៅទូទាំងតំបន់ គោលនយោបាយការបរទេសរបស់អាមេរិកបានបង្កឲ្យមានអំពើហិង្សាកាន់តែខ្លាំងឡើង។ ជាការឆ្លើយតបទៅនឹងការផ្តួលរំលំរបបផ្តាច់ការ Shah របស់អ៊ីរ៉ង់ដែលគាំទ្រដោយអាមេរិកនៅឆ្នាំ១៩៧៩ រដ្ឋបាលរបស់លោក Reagan បានបំពាក់អាវុធដល់ជនផ្តាច់ការអ៊ីរ៉ាក់ Saddam Hussein នៅក្នុងសង្គ្រាមរបស់គាត់ លើសាធារណរដ្ឋឥស្លាម អ៊ីរ៉ង់។ ការបង្ហូរឈាមទ្រង់ទ្រាយធំនិងសង្គ្រាមគីមីគាំទ្រដោយអាមេរិកបានកើតឡើង។ សង្គ្រាមបង្ហូរឈាមនេះ ត្រូវបានបន្តដោយការលុកលុយរបស់ Saddam ទៅលើប្រទេសគុយវ៉ែត ហើយបន្ទាប់មក មានសង្គ្រាមឈូងសមុទ្រដឹកនាំដោយអាមេរិកចំនួនពីរលើកគឺនៅឆ្នាំ ១៩៩០ និង ២០០៣។

លោក  George W. Bush

ព្រឹត្តិការណ៍ចុងក្រោយនៃសោកនាដកម្មអាហ្វហ្គានីស្ថាន បានចាប់ផ្តើមនៅឆ្នាំ២០០១។ ស្ទើរតែមួយខែ បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា លោកប្រធានាធិបតី George W. Bush បានបញ្ជាឲ្យមានការឈ្លានពានដឹកនាំដោយអាមេរិក ដើម្បីផ្តួលរំលំក្រុមជីហាដឥស្លាម ដែលអាមេរិកគាំទ្រពីមុន។ អ្នកស្នងតំណែងខាងប្រជាធិបតេយ្យរបស់គាត់ គឺលោកប្រធានាធិបតី Barack Obama មិនត្រឹមតែបន្តសង្គ្រាមនិងដាក់កងទ័ពបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាឲ្យ CIA ធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត ដើម្បីផ្តួលរំលំប្រធានាធិបតីស៊ីរីលោក Bashar al-Assad ផងដែរ ដែលជាហេតុនាំឲ្យមានសង្គ្រាមស៊ីវិលស៊ីរីដ៏សាហាវ បន្តរហូតមកដល់សព្វថ្ងៃនេះ។ មិនតែប៉ុណ្ណោះ លោក Obama បានបញ្ជាឲ្យអង្គការណាតូ បណ្តេញមេដឹកនាំលីប៊ីលោក Muammar el-Qaddafi ដោយញុះញង់ឲ្យមានអស្ថិរភាពរយៈពេលមួយទសវត្សរ៍នៅទីនោះនិងប្រទេសជិតខាងរបស់ខ្លួនផងដែរ។

អន្តរាគមន៍យោធាអាមេរិកនិង CIA ភាគច្រើនបានកើតឡើងនៅក្នុងប្រទេសដែលកំពុងតស៊ូដើម្បីជម្នះការខ្វះខាតសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ប៉ុន្តែជំនួសឲ្យការបន្ធូរបន្ថយភាពឈឺចាប់និងការទទួលបានការគាំទ្រជាសាធារណៈ អាមេរិកតែងតែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធតូចតាចដែលប្រទេសនេះមាន ហើយបណ្តាលឲ្យអ្នកជំនាញដែលមានការអប់រំ ត្រូវរត់គេចខ្លួនដើម្បីរស់។

លោក  Barack Obama

អាមេរិក មិនគួរធ្វើអន្តរាគមន៍យោធានៅអាហ្វហ្គានីស្ថានឡើយ ទាំងនៅឆ្នាំ ១៩៧៩ និងឆ្នាំ ២០០១ ហើយក៏មិនគួរសោះឡើយសម្រាប់រយៈពេល ២០ ឆ្នាំមកនេះ។ ប៉ុន្តែនៅទីនោះ សហរដ្ឋអាមេរិកអាចនិងគួរតែជំរុញប្រទេសអាហ្វហ្គានីស្ថានទៅរកស្ថិរភាពនិងវិបុលភាព តាមរយៈការវិនិយោគលើសុខភាពមាតា សាលារៀន ទឹកស្អាត អាហារបំប៉ន និងអ្វីៗផ្សេងទៀត។ ការវិនិយោគបែបមនុស្សធម៌ជាពិសេសផ្តល់ហិរញ្ញប្បទានរួមគ្នាជាមួយប្រទេសដទៃទៀតតាមរយៈស្ថាប័ននានាដូចជាធនាគារអភិវឌ្ឍន៍អាស៊ី នឹងជួយបញ្ចប់ការបង្ហូរឈាមនៅអាហ្វហ្គានីស្ថាន និងនៅតំបន់ក្រីក្រដទៃទៀត។

ប៉ុន្តែការពិតដ៏ក្រៀមក្រំគឺថា វណ្ណៈនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយធំៗរបស់អាមេរិក បានធ្វើឲ្យប្រជាជននៃប្រទេសក្រីក្រ កាន់តែត្រូវបានគេមើលងាយ បើទោះបីជាពួកគេធ្វើអន្តរាគមន៍ដោយឥតឈប់ឈរនិងមិនគិតគូរនៅក្នុងប្រទេសទាំងនោះក៏ដោយ។

បន្ទាប់ពីការដួលរលំនៃទីក្រុងកាប៊ុល ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានបន្ទោស ការបរាជ័យរបស់អាមេរិកចំពោះអំពើពុករលួយរបស់អាហ្វហ្គានីស្ថាន។ ការខ្វះភាពយល់ដឹងអំពីខ្លួនឯងរបស់ជនជាតិអាមេរិកគឺគួរឲ្យកត់សម្គាល់។ វាមិនមែនជារឿងភ្ញាក់ផ្អើលទេបន្ទាប់ពីទឹកប្រាក់រាប់ពាន់លានដុល្លារ បានចំណាយទៅលើសង្គ្រាមនៅអ៊ីរ៉ាក់ ស៊ីរី លីប៊ីនិងលើសពីនេះ។ អាមេរិកគ្មានអ្វីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្រៅពីឈាមនៅលើវាលខ្សាច់នោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Project-syndicate

ចុចអាន៖ ស្រ្តីអាហ្វហ្គានីស្ថាន ដឹកនាំបាតុកម្មប្រឆាំងក្រុម តាលីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

សប្បុរសជន​ផ្តល់​អង្ករ​១០​តោន ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព ពលរដ្ឋ​រងគ្រោះ​ឬ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​មេរោគ​កូ​វីដ​-១៩

ព័ត៌មានជាតិ៥៣ នាទី មុន

ស្ថានទូត​កម្ពុជា​ ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​០៤​នាក់ ត្រឡប់មក​កម្ពុជា​វិញ

ព័ត៌មានជាតិ៦០ នាទី មុន

ប្រធាន​មន្ទីរ​ ៖​ ករណី​សិស្ស​ឆ្លង​ជំងឺ​កូ​វីដ​១៩​គឺ​ឆ្លង​មុន​ពេល​បើក​សាលារៀន​ទៅទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

បុរស​ម្នាក់ ​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ជ្រុល​បុក​រថយន្ត​ស៊េរី​ទំនើប​កំពុង​ឈប់​ភ្លើងស្តុប​ពីក្រោយ​ពេញទំហឹង​បណ្តា​ឲ្យ​រងរបួស

ព័ត៌មានជាតិ២ ម៉ោង មុន

គ្រូពេទ្យ​យក​សំណាក​ប្រជាពលរដ្ឋ​ចំនួន​៤​សង្កាត់​ នៅ​ខណ្ឌមានជ័យ​រក​ឃើញ​មនុស្ស​២​នាក់​ឆ្លង​កូ​វីដ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services