ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីល ៣ គ្រាប់ទៀត ក្រោយ អាមេរិក-កូរ៉េខាងត្បូង បញ្ចប់សមយុទ្ធយោធា
ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយជិតជាច្រើនគ្រាប់ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន ពោលប៉ុន្មានថ្ងៃ បន្ទាប់ពីការបញ្ចប់នៃសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលកូរ៉េខាងជើងចាត់ទុកថាជាការហាត់សមឈ្លានពាន ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៨ ខែមីនានេះ ។

ក្រសួងការពារជាតិជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ៣ គ្រាប់ ពោល ២ គ្រាប់នៅម៉ោង ៧ និង ៤៤ នាទីព្រឹក និងមួយគ្រាប់ទៀតកើតឡើងប្រហែល ៣៧ នាទីក្រោយមក ហើយបានធ្លាក់ក្នុងដែនទឹករវាងឧបទ្វីបកូរ៉េ និងជប៉ុន តែមិនមានការខូចខាត ឬរបួសណាមួយត្រូវបានរាយការណ៍នោះឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្កោលទោសការធ្វើតេស្តមីស៊ីលផ្លោងម្តងហើយម្តងទៀតរបស់កូរ៉េខាងជើងថាជាសកម្មភាព “គំរាមកំហែងដល់សន្តិភាព និងសុវត្ថិភាពរបស់ប្រទេសជប៉ុន រួមទាំងក្នុងតំបន់ និងសង្គមអន្តរជាតិ” ផងដែរ ។

ចំណែកយោធាកូរ៉េខាងត្បូងក៏បានអះអាងពីការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយជិតរបស់កូរ៉េខាងជើងផងដែរ ។ អគ្គសេនាធិការចម្រុះបានហៅការបាញ់បង្ហោះនេះថា “មានបំណងបង្កហេតុ ” ដែលគំរាមកំហែងដល់សន្តិភាពនៅលើឧបទ្វីបកូរ៉េ ។ កូរ៉េខាងត្បូងក៏នឹងរក្សាការត្រៀមខ្លួនដើម្បីទប់ទល់រាល់ការបង្កហេតុដោយកូរ៉េខាងជើង ដោយផ្អែកលើសម្ព័ន្ធភាពយោធាដ៏រឹងមាំរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ។
យោងតាមការវាយតម្លៃរបស់ជប៉ុន និងកូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងបានបាញ់ចេញពីតំបន់រដ្ឋធានីរបស់ខ្លួនបានហោះហើរក្នុងចម្ងាយពី ៣០០ ទៅ ៣៥០ គីឡូម៉ែត្រ និងឈានដល់រយៈកម្ពស់អតិបរមា ៥០ គីឡូម៉ែត្រ ខណៈចម្ងាយបាញ់បង្ហោះបង្ហាញថា មីស៊ីលនេះសំដៅលើមូលដ្ឋានសំខាន់ៗនៅក្នុងប្រទេសកូរ៉េខាងត្បូង ដូចជាទីបញ្ជាការយោធាជាដើម ។

ទន្ទឹមនោះក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានថ្កោលទោសការបាញ់បង្ហោះនេះថា ជាការគំរាមកំហែងដល់ប្រទេសជិតខាង និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ផងដែរ ហើយសហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តការពារប្រទេសកូរ៉េខាងត្បូង និងជប៉ុន ប្រសិនបើមានការឈ្លានពានមែននោះ ។
គួរបញ្ជាក់ថា ការព្រួយបារម្ភអំពីចលនាយោធារបស់កូរ៉េខាងជើងបានកើនឡើងកាន់តែខ្លាំងឡើង ចាប់តាំងពីលោក គីម ចុងអ៊ុន បានថ្លែងសុន្ទរកថាកាលពីខែមករា ដោយប្តេជ្ញាថា គ្មានការបង្រួបបង្រួមដោយសន្តិវិធីនៅឧបទ្វីបកូរ៉េនោះទេ និងដាក់គោលដៅកូរ៉េខាងត្បូងជាសត្រូវលេខមួយរបស់ខ្លួន ដោយនឹងរកគ្រប់វីធីដើម្បីកម្ចាត់កូរ៉េខាងត្បូង ប្រសិនបើសង្គ្រាមមួយទៀតផ្ទុះឡើង ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


