Connect with us

អត្ថាធិប្បាយ

ការជេរបញ្ចោរ និងហែកកេរ្តិ៍គ្នាតាមបណ្តាញសង្គមកំពុងក្លាយជា«វប្បធម៌អាក្រក់ថ្មី»ប្រល័យសីលធម៌សង្គម

បានផុស

នៅ

នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា ហាក់សម្បូរទៅដោយហេតុការណ៍ជេរបញ្ចោរគ្នាទៅវិញទៅមកនៅតាមបណ្តាញសង្គម ជាពិសេស នៅលើហ្វេសប៊ុកតែម្តង។ ក្រៅពីនេះ ការហែកកេរ្តិ៍គ្នាក្នុងរឿងគ្រួសារ ឬរឿងលែងលះគ្នាមកបង្ហាញនៅលើបណ្តាញសង្គមក៏សម្បូរមិនចាញ់គ្នាប៉ុន្មានដែរ។ អ្នកខ្លះគិតឡើងដោយខ្លួនឯងថា វាជារឿងធម្មតា តែតាមពិត វានាំឲ្យមានបញ្ហាច្រើន បញ្ហាទាំងខ្លួនឯង ទាំងគ្រួសារ និងទាំងសង្គមជាតិថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុអ្វីបានជាមនុស្សមួយចំនួនចូលចិត្តជេរបញ្ជោរគ្នា និងហែកកេរ្តិ៍គ្នានៅតាមបណ្តាញសង្គម? ពួកគេមិនមានភាពខ្មាសអៀនក្នុងខ្លួនទេឬដែលធ្វើរឿងបែបនេះ? អាចមានមូលហេតុ៣នៃការកើតមានរឿងទាំងនេះ។ ទីមួយ. គឺពួកគេប្រហែលគិតថា វាជារឿងធម្មតា ជារឿងផ្ទាល់ខ្លួនរបស់ពួកគេដែលចង់ធ្វើអ្វី ឬនិយាយអ្វីក៏បានតាមតែអំពើចិត្តខ្លួន។ អ្នកខ្លះអាងខ្លួនមានគេស្គាល់ច្រើននៅតាមបណ្តាញសង្គម បើនិយាយអ្វីទៅ ឬជេរបញ្ជោរអ្នកណា តែងតែមានគេគាំទ្រ ហើយថា ភាគីខ្លួនជាអ្នកត្រូវ។ យូរៗទៅ ក៏លង់នឹងសម្តី លង់នឹងទឹកមាត់ខ្លួនឯង និយាយអ្វីមិនចេះគិត រឹតតែជេរបញ្ជោរគេឯងដោយគិតថា ជារឿងបញ្ហាធម្មតា។

ទីពីរ. ក្រុមខ្លះ ឬអាចថាភាគច្រើន ជាក្រុមលក់ផលិតផលតាមអនឡាញ។ ដូច្នេះហើយ ពួកគេនិយាយអ្វី ឬធ្វើអ្វីឲ្យតែមានគេចាប់អារម្មណ៍ចូលមើល ចូលLike និងចូលខមិន(Comments) ហើយក៏តាំងចាប់ផ្តើមនិយា​យពីផលិតផលរបស់ខ្លួនក្នុងពេល ឬក្រោយពេលជេរបញ្ជោរគេ និងហែកកេរ្តិ៍ខ្លួនឯង និងគ្រួសារខ្លួនឯង។ ក្រុមនេះ គឺដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ អាចនិយាយថា ជាក្រុមមួយគ្រោះថ្នាក់ដល់សង្គម និងជាសត្រូវនឹងសីលធម៌សង្គម ក៏អាចថាបានដែរ។ ប៉ុន្តែ ក្រុមប្រភេទនេះ មានអ្នកខ្លះសម្តែងជាជេរបញ្ជោរគ្នា ឬហែក​កេរ្តិ៍អ្នកនេះ អ្នកនោះ ឬធ្វើជាឈ្លោះគ្នា ដើម្បីធ្វើឲ្យមានការចាប់អារម្មណ៍ តាមដាន ឬចង់បានការអាណិតអាសូរពីអ្នកគាំទ្ររបស់ពួកគេ ក្នុងន័យ លក់ដាច់ផលិតផលរបស់ខ្លួន។

ទីបី. ពួកគេខ្លះ យកបញ្ហាឈ្លោះទាស់ទែងគ្នា ឬយកបញ្ហាគ្រួសារមកបង្ហាញ មកនិយាយលើបណ្តាញសង្គមនេះ ព្រោះគិតថា វាអាចមានប្រសិទ្ធភាពជាងការដោះស្រាយគ្នាតាមផ្លូវច្បាប់។ អ្នកខ្លះ អាចគិតថា ការលើកមកបង្ហាញ ឬនិយាយតាមបណ្តាញសង្គមបែបនេះ អាចទទួលបានដំណោះស្រាយពីភាគីម្ខាងទៀត ឬទទួលបានការជួយដោះស្រាយពីអាជ្ញាធរមានសមត្ថកិច្ច។ ប៉ុន្តែ អ្នកខ្លះក៏ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ និងធ្វើកិច្ចសន្យា ដោយសារតែការនិយាយមិនពិត។

ពាក្យចាស់លោកពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន!»។ ដូច្នេះ បើមិនបានជួយថែរក្សាវប្បធម៌ និងសីលធម៌របស់ជាតិទេ សូមកុំនាំគ្នាបំផ្លាញដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួន។ យូរៗម្តងមិនសូវជាបញ្ហា តែបើជានិច្ចកាលនឹងក្លាយជាទម្លាប់ ហើយធ្លាប់យូរៗទៅ ក៏ក្លាយជាទៅវប្បធម៌។ វប្បធម៌ជេរបញ្ចោរគ្នា និងហែកកេរ្តិ៍គ្នានៅតាមបណ្តាញសង្គម គឺអាចនិយាយបានថា ជាវប្បធម៌«អាក្រក់ប្រភេទថ្មី»ដែលកំពុងតែប្រល័យសីលធម៌សង្គមកម្ពុជា។ កម្ពុជា ជាប្រទេសដែលត្រូវបានពិភពលោកទទួលស្គាល់ថា មានទំនៀមទម្លាប់វប្បធម៌ដ៏ល្អផូរផង់។ ឯប្រជាជនខ្មែរ ត្រូវបានគេចាត់ទុកថា ជាប្រជាជនដែលរួសរាយរាក់ទាក់ពោរពេញដោយស្នាមញញឹម បង្ហាញពីការស្រឡាញ់រាប់អាន និងក្តីមេត្តាដល់មនុស្សផងគ្នា។ ប៉ុន្តែ នៅគ្រាចុងក្រោយនេះ វប្បធម៌បែបនេះ កំពុងត្រូវជនមួយចំនួនបំផ្លាញទៅវិញ។

ជាការពិត កម្ពុជា ជាប្រទេសនីតិរដ្ឋ ប្រកាន់របបប្រជាធិបតេយ្យ គោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ ប៉ុន្តែ មិនគួរយកសិទ្ធិ សេរីភាពទាំងនេះ ប្រើប្រាស់រហូតដល់ដាច់បង្ហៀរនោះទេ ព្រោះវាអាចជះផលអាក្រក់ ឬរុលចូលក្នុងសំណាញ់ច្បាប់ដោយខ្លួនឯងទាំងមិនដឹងខ្លួន។ ផ្លូវច្បាប់ជារឿងមួយ តែផ្លូវសីលធម៌សង្គម ក៏ត្រូវគិតទន្ទឹមនឹងគ្នាដែរ។ ចូរគិតថា អ្វីដែលអ្នកបានធ្វើ វាបានផលប្រយោជន៍សម្រាប់តែផ្ទាល់ខ្លួនរបស់អ្នកតែប៉ុណ្ណោះ ប៉ុន្តែវាជះឥទ្ធិពលអាក្រក់ដល់សង្គម ជាពិសេស ក្មេងៗជំនាន់ក្រោយដែលអាចនឹងយកតម្រាប់ ឬគំរូតាមដែលជាកត្តារុញច្រានបន្ថែម និងជាន់ឈ្លីបន្ថែមដល់សីលធម៌សង្គម។

អាជ្ញាធរមានសមត្ថកិច្ច រួមទាំង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏មានតួនាទីសំខាន់ ដើម្បីចូលរួមលុបបំបាត់«វប្បធម៌អាក្រក់ថ្មី»នេះដែរ។ អាជ្ញាធរ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ គួរមានការផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយពីផលអាក្រក់នៃការជេរបញ្ជោរ និងហែកកេរ្តិ៍គ្នានៅតាមបណ្តាញសង្គម និងលើកទឹកចិត្តដល់មនុស្សដទៃ កុំឲ្យធ្វើរឿងទាំងអស់នេះ។ បើមិនទាន់មានប្រសិទ្ធភាពទេ អាចហៅអ្នកដែលពួកែខាងជោរបញ្ជោរ និងហែកកេរ្តិ៍គ្នានេះ ទៅសួរនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ទង្វើទាំងអស់នេះទៀត។ ក៏ប៉ុន្តែ ក្នុងករណីមិនរាងចាលទេ ផ្លូវច្បាប់គួរតែអនុវត្តហើយ ដូចពំនោលមួយថា«អារកមាន់ បំភ័យស្វា»៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម