Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន ប្រកាសអាសន្ន និងបញ្ជាឲ្យប្រជាជនកូរ៉េខាងជើង ត្រៀមខ្លួន ចំពោះព្យុះទីហ្វុងកំណាច Bavi 

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានប្រកាសអាសន្ន ដោយមេដឹកនាំ គីម ជុងអ៊ុន ចេញបញ្ជាឲ្យប្រជាជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមខ្លួនចំពោះការមកដល់នៃព្យុះទីហ្វុង Bavi ដែលគេព្យាករណ៍ថា នឹងបង្កការបំផ្លាចបំផ្លាញ។

(រូប៖ Reuters)

យោងតាមកាសែតរដ្ឋ Rodong Sinmun ចេញផ្សាយនៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦, ព្យុះកំណាចនេះ កំពុងវាយប្រហារប្រទេសចិន ហើយបន្ទាប់ពីនោះ វានឹងបោះពួយ ឆ្លងកាត់សមុទ្រលឿង ចូលមកវាយលុកតំបន់ភាគកណ្តាល នៃប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធ។

ឥទ្ធិពលរបស់ព្យុះនេះ នឹងបង្កឲ្យមានខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ដូចហែកមេឃ វាយប្រហារទូទាំងតំបន់កណ្តាល និងភាគខាងជើងប្រទេស។

(រូប៖ Reuters)

ជាវិធានការប្រុងប្រយ័ត្ន! លោក គីម ជុងអ៊ុន បានចេញបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំលក្ខណៈឲ្យស្រេចបាច់ និងត្រៀមជម្លៀសប្រជាជនភ្លាមៗ ក្នុងករណីអាសន្ន។

លោកក៏បញ្ជាឲ្យបុគ្គលិក និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវប្រុងជើងការជាប់ជានិច្ចផងដែរ ព្រោះឥទ្ធិពលព្យុះនេះមិនធម្មតាទេ ដែលអាចធ្វើឲ្យខូចខាតដល់សំណង់ហេដ្ឋារចនាសម្ព័ន្ធនានា ប៉ះពាល់ខ្លាំងដល់វិស័យសេដ្ឋកិច្ច។

(រូប៖ Reuters)

សូមជម្រាបថា កូរ៉េខាងជើង ធ្លាប់រងការវាយប្រហារដោយព្យុះធំៗជាច្រើនលើក ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាជន។

ព្យុះ Lionrock ក្នុងឆ្នាំ២០១៦ គឺជាព្យុះសម្លាប់មនុស្សច្រើន និងបង្កជាមហន្តរាយដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ កូរ៉េខាងជើង ដោយមនុស្សយ៉ាងតិច ៥២៥ នាក់ ត្រូវបានរាយការណ៍ថា ស្លាប់ និងបាត់ខ្លួន៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម